អន្តរជាតិ
អាមេរិកនិង ចិនទាស់គ្នាជាថ្មីរឿងសមុទ្រចិនខាងត្បូងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ
10, Aug 2021 , 9:29 pm        
រូបភាព
កប៉ាល់មួយគ្រឿងបើកបរនៅសមុទ្រចិនខាងត្បូង។ រូបថត Xinhua
កប៉ាល់មួយគ្រឿងបើកបរនៅសមុទ្រចិនខាងត្បូង។ រូបថត Xinhua
បញ្ហាសមុទ្រចិនខាងត្បូង ក្លាយជាកម្មវត្ថុនៃការឆ្លើយឆ្លងពាក្យសម្ដីគ្នារវាងអ្នកការទូតអាមេរិក និងចិនក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្ដីពីកិច្ចការសមុទ្រនៅថ្ងៃទី៩ ខែសីហា។ ប្រមុខការទូតអាមេរិក អាន់តូនី ប្លីងខិន បានរិះគន់ចិនខ្លាំងៗចំពោះសកម្មភាពដែលលោកអះអាងថា បានប៉ះពាល់ស្ថិរភាពផ្លូវទឹកដ៏សំខាន់មួយនេះ។ តំណាងចិនក៏វាយបកទៅអាមេរិកវិញថា អាមេរិកគ្មានសិទ្ធិអ្វីនឹងនិយាយពីបញ្ហានេះឡើយ។

 
អាមេរិក និងចិន បានប៉ះទង្គិចគ្នាយ៉ាងខ្លាំងជុំវិញជម្លោះសមុទ្រចិនខាងត្បូងនៅក្នុងសន្និសីទអនឡាញរបស់ក្រុមប្រឹក្សាសន្តិសុខនៅថ្ងៃទី៩ ខែសីហា ដែលជាកិច្ចប្រជុំបើកចំហមួយស្តីពីសន្តិសុខដែនសមុទ្រ ។ ឥណ្ឌា ក្នុងនាមប្រធានប្ដូរវេនក្រុមប្រឹក្សាសន្តិសុខក្នុងខែសីហា ជាអ្នករៀបចំកិច្ចប្រជុំនេះ។
 
នៅក្នុងសន្និសីទនេះ រដ្ឋមន្រ្តីការបរទេសអាមេរិក អាន់តូនី ប្លីងខិន និយាយថា ជម្លោះសមុទ្រចិន ខាងត្បូង នឹងផ្ដល់ផលប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខ និងពាណិជ្ជកម្មពិភពលោក ហើយវាជាកាតព្វកិច្ច ប្រទេសលើពិភពលោកក្នុងការដោះស្រាយបញ្ហានេះ មិនមែនមានតែប្រទេសដែលពាក់ព័ន្ធនោះទេ។ លោកសង្កត់ធ្ងន់ទៀតថា បើប្រទេសមួយមិនអើពើក្បួនច្បាប់ នោះវានឹងនាំឱ្យមាននិទណ្ឌភាព និងអស្ថិរភាពគ្រប់ទីកន្លែង។ 
 
អនុប្រធានបេសកកម្មចិនប្រចាំ UN លោក តៃ ពីង ដែលមានវត្តមានក្នុងជំនួបនេះ ក៏រិះគន់តបទៅលោក ប្លីងខិន វិញ ដោយថែមទាំងបានបដិសេធដាច់ណាត់ចំពោះការលើកឡើងនេះ។ អ្នកការទូតចិនរូបនេះប្រតិកម្មទៀតថា កិច្ចប្រជុំនេះ  មិនមែនជាកន្លែងត្រឹមត្រូវដើម្បីពិភាក្សាអំពីបញ្ហាសមុទ្រចិនខាង ត្បូងឡើយ។ 
 
បើតាមទូរទស្សន៍រដ្ឋចិន CTGN អ្នកការទូតចិនរូបនេះអះអាងថា ស្ថានភាពនៅសមុទ្រចិនខាងត្បូង មានស្ថិរភាពធម្មតា។ ចិន និងបណ្ដាប្រទេសអាស៊ាន នឹងនៅតែបន្តការចូលរួមជាមួយគ្នា គោរពច្បាប់ សមុទ្រអន្តរជាតិ រក្សាសន្តិសុខ និងប្តេជ្ញាចិត្តតាក់តែងក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង។ លោក តៃ ពីង ក៏ចោទអាមេរិកវិញថា ជាអ្នកបង្កបញ្ហាទៅដល់សន្តិភាព និងស្ថិរភាពរបស់សមុទ្រចិនខាងត្បូង ព្រោះបញ្ជូននាវា និងយន្តហោះចម្បាំងទំនើបៗទៅកាន់តំបន់ខាងលើតាមអំពើចិត្ត និងព្យាយាមបញ្ចុះ បញ្ចូលប្រទេសក្នុងតំបន់ជាពិសេសប្រទេសដែលពាក់ព័ន្ធឱ្យមានភាពតានតឹងជាមួយគ្នា។
 
បច្ចុប្បន្ន បញ្ហាសមុទ្រចិនខាងត្បូង បានក្លាយជាចំណុចដ៏ក្ដៅគគុកមួយក្នុងទំនាក់ទំនង រវាងចិន និងអាមេរិកបន្ថែមពីលើប្រធានបទក្ដៅជាច្រើនទៀត។ ទីក្រុងវ៉ាស៊ីនតោនបានច្រានចោលការទាមទារ ទឹកដី ដោយទីក្រុងប៉េកាំងនៅក្នុងដែនសមុទ្រចិនខាងត្បូងដែលសម្បូរទៅដោយធនធានធម្មជាតិ៕
 

Tag:
 អាមេរិក
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com