អន្តរជាតិ
គំរាមដោយសម្ដី! កូរ៉េខាងជើងថា សមយុទ្ធយោធានឹងធ្វើឱ្យអាមេរិក-កូរ៉េខាងត្បូងនៅមិនសុខឡើយ
11, Aug 2021 , 12:59 pm        
រូបភាព
មន្រ្តីជាន់ខ្ពស់កូរ៉េខាងជើង គីម យ៉ុងឈុល ។ រូបថត AFP
មន្រ្តីជាន់ខ្ពស់កូរ៉េខាងជើង គីម យ៉ុងឈុល ។ រូបថត AFP
កូរ៉េខាងជើង បានចេញគំរាមថ្មីមួយទៀតហើយនៅថ្ងៃទី១១ ខែសីហាទៅកាន់អាមេរិក និងកូរ៉េខាងត្បូងដែលបន្តគម្រោងរៀបចំសមយុទ្ធយោធារួមគ្នា ដោយមិនអើពើការខ្វល់ខ្វាយរបស់ខ្លួន។ មិនមែនលោកស្រី គីម យ៉ូចុង ប្អូនស្រីលោក គីម ជុងអ៊ុន ទៀតឡើយ លើកនេះសារការគំរាមចេញពីលោក គីម យ៉ុងឈុល មន្រ្តីទទួលបន្ទុកកិច្ចការអន្តរកូរ៉េវិញ។ មន្រ្តីជាន់ខ្ពស់រូបនេះព្រមានថា កូរ៉េខាងជើងនឹងធ្វើឱ្យអាមេរិក និងកូរ៉េខាងត្បូងនៅមិនស្ងប់ឡើយ។

 
ក្នុងសេចក្ដីថ្លែងការណ៍ផ្សាយដោយទីភ្នាក់ងារព័ត៌មាន KCNA លោក គីម យ៉ុងឈុល ប្រធានគណៈ រណសិរ្សរួបរួមកូរ៉េខាងជើង  បានបរិហារសមយុទ្ធរួមគ្នារវាងកូរ៉េខាងត្បូង និងអាមេរិកដែលកំពុងធ្វើឡើងក្នុងដំណាក់កាលបឋម ទាំងពេលដែលកូរ៉េខាងជើងប្រាប់ឱ្យផ្អាកជាច្រើនដងក្ដី។ លោក គីម អះអាងថា ទីក្រុងសេអ៊ូលបោះបង់ឱកាសក្នុងការពង្រឹងទំនាក់ទំនងអន្តរកូរ៉េឡើងវិញ។
 
«ពួកយើងនឹងធ្វើឱ្យពួកគេដឹងខ្លួនថា បានជ្រើសរើសផ្លូវខុសដែលនេះនឹងនាំអន្តរាយដល់សន្តិសុខ របស់ពួកគេ»។ លោក គីម យ៉ុងឈុល លើកឡើងបែបនេះ។ មន្រ្តីកូរ៉េខាងជើងរូបនេះ ក៏បានថ្កោល ទោសកូរ៉េខាងត្បូងដែលបានឆ្លើយតបទៅនឹងសេចក្តីស្មោះត្រង់របស់កូរ៉េខាងជើងជាមួយភាពជាសត្រូវទៅវិញ ដែលការណ៍នេះនាំឱ្យការស្ដារទំនាក់ទំនងអន្តរកូរ៉េដើរបកក្រោយ។
 
សេចក្ដីថ្លែងការណ៍របស់លោក គីម ដែលទទួលបន្ទុកកិច្ចការអន្តរកូរ៉េ ធ្វើឡើងមួយថ្ងៃក្រោយសេចក្ដីថ្លែងការណ៍របស់លោកស្រី គីម យ៉ូចុង ប្អូនស្រីដ៏មានឥទ្ធិពលរបស់ប្រមុខដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន។ លោកស្រី គីម ចេញសារព្រមានពីរបន្តបន្ទាប់គ្នាដែរ ដោយរិះគន់ទីក្រុងសេអ៊ូលនិងវ៉ាស៊ីនតោន ខណៈសម្ព័ន្ធមិត្តទាំងពីរ បានចាប់ផ្តើមសមយុទ្ធបឋមមួយនៅថ្ងៃទី១០ ខែសីហា មុនការធ្វើសមយុទ្ធ ទ្រង់ទ្រាយធំនៅសប្តាហ៍ក្រោយ។
 
ទាក់ទងសេចក្ដីថ្លែងការណ៍បន្តបន្ទាប់របស់កូរ៉េខាងជើង ក្រសួងបង្រួបបង្រួមរបស់កូរ៉េខាងត្បូងបញ្ជាក់ថា សេចក្ដីថ្លែងការណ៍ចុងក្រោយនេះ គ្រាន់តែរំឭកឡើងវិញអំពីអ្វីដែលលោកស្រី គីម  និយាយប៉ុណ្ណោះ។ ក្រសួងនេះបន្ថែមថា ខ្លួននឹងឃ្លាំមើលសកម្មភាពរបស់កូរ៉េខាងជើងបន្តទៀតយ៉ាងដិតដល់។
 
លើរឿងសមយុទ្ធនេះ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក Ned Price អះអាងថា ទីក្រុងវ៉ា ស៊ីនតោន មិនមានបំណងធ្វើជាសត្រូវជាមួយកូរ៉េខាងជើងទេ ហើយការធ្វើសមយុទ្ធយោធារួមគ្នានេះ មានលក្ខណៈជាការពារខ្លួនតែប៉ុណ្ណោះ។
 
ទន្ទឹមនេះ ថ្ងៃទី១១ ខែសីហា ជាថ្ងៃទីពីរហើយដែលកូរ៉េខាងជើងមិនបានឆ្លើយតបការហៅតាម បណ្ដាញទំនាក់ទំនងពីសំណាក់កូរ៉េខាងត្បូង។ បណ្ដាញទំនាក់ទំនងអន្តរកូរ៉េបានបានតភ្ជាប់ឡើងវិញ កាលពីខែកក្កដា បន្ទាប់ពីកូរ៉េខាងជើងបានកាត់ផ្ដាច់ជាឯកតោជាងមួយឆ្នាំមក៕
 

Tag:
 កូរ៉េខាងជើង
  កូរ៉េខាងត្បូង
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com