អន្តរជាតិ
រុស្សីនិងចិន ធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំដើម្បីរឹតបន្តឹងចំណងមិត្តភាព
11, Aug 2021 , 7:29 pm        
រូបភាព
មហាអំណាចធំ២របស់ពិភពលោក គឺរុស្ស៊ីនិងចិនកំពុងធ្វើសមយុទ្ធយោធារួមគ្នាមួយ ក្នុងគោលបំណង រឹតបន្តឹងកិច្ចសហប្រតិបត្តិការទ្វេភាគី។ សមយុទ្ធនេះ ធ្វើឡើង ខណៈដែលសន្តិសុខតំបន់កើនកម្ដៅខ្លាំង រីឯទំនាក់ទំនងជាមួយអាមេរិករបស់ប្រទេសទាំង២ ក៏មិនសូវល្អដូចគ្នា។

 
កងទ័ពចិន និងរុស្ស៊ីជាង១ម៉ឺននាក់ កំពុងចូលរួមសមយុទ្ធយោធា Zapad/Interaction សម្រាប់ឆ្នាំ២០២១ ដែលនឹងមានរយៈពេល៥ថ្ងៃនៅតំបន់ស្វយ័ត Ningxia Hui ភាគពាយ័ព្យប្រទេសចិន។ កងទ័ពរុស្ស៊ី ក៏ប្រើប្រាស់អាវុធផលិតដោយចិនជាលើកដំបូងនៅក្នុងសមយុទ្ធរួមគ្នាលើកនេះ។
 
«គោលបំណងក្នុងការធ្វើសមយុទ្ធរួមគ្នានេះ មានការពង្រឹងទំនាក់ទំនងរុស្ស៊ី-ចិន ដែលជាដៃគូគ្រប់ផ្នែក និងជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រ»។ ក្រសួងការពារជាតិរុស្ស៊ីបញ្ជាក់បែបនេះក្នុងសេចក្ដីប្រកាសថ្ងៃទី៩ ខែសីហាកន្លងទៅ។ សមយុទ្ធយោធានេះ ក៏បង្ហាញពីការប្តេជ្ញាចិត្ត និងសមត្ថភាពរបស់រុស្ស៊ី និងចិន ក្នុងការប្រយុទ្ធប្រឆាំងភេរវកម្ម និងរួមគ្នាការពារសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។  
 
មន្ត្រីយោធារុស្ស៊ី អះអាងថា ខ្លួនបានបញ្ជូនយន្តហោះចម្បាំង Su-30SM, កាំភ្លើងយន្ត និងកងទាហានគ្រប់គ្រងទៅទីតាំងសមយុទ្ធផងដែរ។
 
សមយុទ្ធយោធា Zapad/Interaction ក្នុងឆ្នាំនេះធ្វើឡើងចំពេលមានការដកទ័ពអាមេរិកពី អាហ្វហ្គានីស្ថានដែលអាចនឹងធ្វើឱ្យមានអស្ថិរភាពនៅតំបន់អាស៊ីកណ្តាល។ ទីក្រុងមូស្គូចាត់ទុកថា ជា តំបន់ស្ថិតក្រោមឥទ្ធិពលរបស់ខ្លួន។
 
បន្ទាប់ពីសមយុទ្ធរួមគ្នា Zapad/Interaction ឆ្នាំ២០២១ កងទ័ពរុស្ស៊ី និងកងទ័ពរំដោះប្រជាជនចិន ក៏គ្រោងនឹងរៀបចំផែនការសមយុទ្ធមួយទៀតដែលជាផ្នែកមួយនៃអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ (SCO) ដែលដឹកនាំដោយប្រទេសទាំងពីរនៅខែកញ្ញាផងដែរ៕
 

Tag:
 រុស្ស៊ី
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com