អន្តរជាតិ
តាលីបង់ដណ្ដើមទីក្រុងបន្តបន្ទាប់, លោក បៃឌិន ថា រដ្ឋាភិបាលអាហ្វហ្កានីស្ថានត្រូវប្រយុទ្ធខ្លួនឯង
11, Aug 2021 , 3:59 pm        
រូបភាព
ក្រុមតាលីបង់ វាយដណ្ដើមបានទីក្រុង៣ទៀតពីកម្លាំងរដ្ឋាភិបាលអាហ្វហ្កានីស្ថាននៅថ្ងៃទី១០ និងទី១១ ខែសីហា ដែលធ្វើឱ្យទីក្រុងធំៗចំនួន៨ហើយធ្លាក់ចូលក្រោមការគ្រប់គ្រងរបស់ក្រុមឧទ្ទាមមួយនេះ។ ភាគច្រើនជាទីក្រុងនៅភាគខាងជើងប្រទេស។ នៅទីក្រុងវ៉ាស៊ីនតោន ប្រធានាធិបតីអាមេរិក ចូ បៃឌិន បានជំរុញឱ្យរដ្ឋាភិបាលអាហ្វហ្កានីស្ថានបង្កើនការប្រយុទ្ធរបស់ខ្លួន តែអាមេរិកនឹងបន្តជួយតាមប្រតិបត្តិការផ្លូវអាកាស និងគ្រឿងបរិក្ខារនានា។

 
ទីរួមខេត្តបីទៀតរបស់អាហ្វហ្កានីស្ថាន បានធ្លាក់ចូលក្រោមការត្រួតត្រារបស់ក្រុមតាលីបង់មានទីក្រុងFarah របស់ខេត្ត Farah និងទីក្រុង Pul-e-Khumri របស់ខេត្ត Baghlan នៅថ្ងៃទី១០ និងក្រុង Fayzabad របស់ខេត្ត Badakhshan នៅថ្ងៃទី១១ ខែសីហា។ ជាសរុបទីរួមខេត្តចំនួន៨ ត្រូវបានក្រុមតាលីបង់ដណ្ដើមបានក្នុងពេលមិនដល់មួយសប្ដាហ៍ផង ដោយភាគច្រើននៅប៉ែកខាងជើងប្រទេស ដែលធ្លាប់ជាតំបន់តស៊ូប្រឆាំងនឹងក្រុមតាលីបង់រហូតមក។ ក្រុមនេះ​ កំពុងសម្លឹងឃើញទីក្រុងធំជាងគេនៅភាគជើង Mazar-i-Sharif ផងដែរ។
 
ស្របពេលក្រុមតាលីបង់បង្កើនការប្រយុទ្ធរបស់ខ្លួន ប្រជាជនរាប់ពាន់នាក់ បានភៀសខ្លួនទៅកាន់កន្លែងសុវត្ថិភាពមានរដ្ឋធានីកាប៊ុល និងខេត្តនៅតំបន់ភាគកណ្ដាល ដើម្បីគេចពីការប្រយុទ្ធគ្នា។​ បើតាមទីភ្នាក់ងារព័ត៌មាន AFP សកម្មជនតាលីបង់បានបង្កហិង្សាលើប្រជាជន និងលួចឆក់ទ្រព្យសម្បត្តិជាដើម។
 
យុទ្ធនាការរបស់ក្រុមតាលីបង់មានល្បឿនលឿនចាប់តាំងពីអាមេរិកចាប់ផ្ដើមដកទ័ពពីអាហ្វហ្កានីស្ថានក្នុងខែសីហាមក។ តាមគម្រោង ការដកទ័ពនេះ នឹងបញ្ចប់នៅចុងខែសីហា។ នៅសេតវិមាន ប្រធានាធិបតី ចូ បៃឌិន និយាយថា លោកមិនសោកស្ដាយចំពោះការដកទ័ពនេះដែលការបញ្ចប់សង្រ្គាម២០ឆ្នាំរបស់អាមេរិក។ លោក បៃឌិន ក៏ប្រាប់ឱ្យកម្លាំងអាហ្វហ្កានីស្ថានរួមគ្នាប្រយុទ្ធនឹងក្រុមតាលីបង់ ដ្បិត២០ឆ្នាំមកនេះ អាមេរិកបង្វឹក និងបំពាក់ឧបករណ៍ឱ្យកម្លាំងរដ្ឋាភិបាល៣០ម៉ឺននាក់។
 
«ពួកគេត្រូវតែប្រយុទ្ធដោយខ្លួន និងដើម្បីជាតិ»។ ប្រធានាធិបតីអាមេរិកប្រាប់អ្នកសារព័ត៌មានបែបនេះ មុនបន្តថា អាមេរិកនឹងជួយផ្គត់ផ្គង់សម្ភារ ផ្ដល់ហិរញ្ញវត្ថុសម្រាប់បើកប្រាក់ខែ និងបន្តអន្តរាគមន៍តាមផ្លូវអាកាស។
 
ជាមួយគ្នានេះ អាមេរិកក៏ព្យាយាមដាក់សម្ពាធការទូតលើក្រុមតាលីបង់ឱ្យផ្អាកប្រតិបត្តិការរបស់ខ្លួន និងទទួលយកបទឈប់បាញ់។ ប្រេសិតពិសេសអាមេរិក  Zalmay Khalilzad ទៅដល់ទឹកដីកាតាដើម្បីចរចាជាមួយតំណាងក្រុមឧទ្ទាម។ អ្នកការទូតអង់គ្លេស ចិន ប៉ាគីស្ថាន អ៊ូសបេគីស្ថាន និងសហភាពអឺរ៉ុបក៏ទៅដល់កាតាដើម្បីជជែកពីបញ្ហានៅអាហ្វហ្កានីស្ថាន៕     
 

Tag:
 អាមេរិក
  អាហ្វហ្កានីស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com