អន្តរជាតិ
ចិន ដាក់ពិន័យមន្ត្រីជាច្រើននាក់ក្រោយបរាជ័យក្នុងទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩
11, Aug 2021 , 8:29 pm        
រូបភាព
ដោយ៖ ងួន សុភាវត្តី

ចិន បានដាក់ពិន័យមន្រ្តីថ្នាក់ក្រោមជាតិជាង៤០នាក់ ក្រោយមិនអាចគ្រប់គ្រងការផ្ទុះឡើងសារជាថ្មីជំងឺកូវីដ-១៩ បង្កដោយវីរុសបំប្លែងថ្មីដែលតា។ ចិន កំពុងប្រឈមមុខនឹងការរីករាលដាលយ៉ាងធ្ងន់ធ្ងរបំផុតក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។


ការផ្ទុះឡើងវិញនៃជំងឺកូវីដ-១៩ ដែលបង្កដោយវីរុសបំប្លែងថ្មីដែលតាន ចាប់ផ្តើមផ្ទុះឡើងដំបូងនៅក្រុងណានជីង ដែលនៅភាគខាងជើងប្រទេស ហើយបានបន្តរាលដាលដល់ខេត្តជាងពាក់កណ្តាលនៃប្រទេសចិន។ ករណីឆ្លងថ្មីជាងមានដល់ជាង១ពាន់ករណីក្នុងរយៈពេល៣សប្តាហ៍មកនេះ។
 
អាជ្ញាធរចិនបានប្រញាប់ប្រញាល់បិទខ្ទប់ទីក្រុងមួយចំនួនសារជាថ្មី អនុវត្តការធ្វើតេស្តរកជំងឺកូវីដ-១៩ជាលក្ខណៈទ្រង់ទ្រាយធំ ការធ្វើចត្តាឡីស័ក និងការរឹតត្បិតការធ្វើដំណើរជាដើម ដើម្បីគ្រប់គ្រងការរីករាលដាលនេះ។  មន្រ្តីមូលដ្ឋានដែលមិនបានអនុវត្តវិធានការឱ្យបានទាន់ពេលវេលា និងហ្មត់ចត់ ក៏កំពុងប្រឈមមុខនឹងការដាក់ទោសពីរដ្ឋអំណាចថ្នាក់លើផងដែរ។ 
 
យោងតាមសេចក្តីថ្លែងការណ៍ផ្លូវការ និងការផ្សព្វផ្សាយតាមប្រព័ន្ធសង្គមរបស់រដ្ឋ មន្ត្រីយ៉ាងហោចណាស់ ៤៧ នាក់នៅទូទាំងប្រទេស ដោយគិតចាប់ពីប្រមុខរដ្ឋាភិបាលតំបន់ គណៈកម្មការសុខភាព មន្ទីរពេទ្យ និងអាកាសយានដ្ឋាន នឹងត្រូវបានផ្តន្ទាទោសចំពោះការធ្វេសប្រហែសនេះ។
 
ជាមួយគ្នានេះ គណៈកម្មការត្រួតពិនិត្យវិស័យមជ្ឈិម (CCDI)បានលើកឡើងថា នៅទីក្រុងណានជីងក្នុងខេត្តជាំងស៊ូ មន្រ្តីចំនួន១៥នាក់ ត្រូវដាក់ពិន័យចំពោះការអនុញ្ញាតឱ្យមានការឆ្លងរាលដាលនៃវីរុសបំប្លែងថ្មីដែលតានៅអាកាសយានដ្ឋានក្នុងទីក្រុង។ មន្ត្រីបីនាក់នៅព្រលានយន្តហោះ កំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់អាជ្ញាធរខេត្ត ហើយពីរនាក់ត្រូវបានឃាត់ខ្លួន។ មន្រ្តីផ្សេងទៀតរួមទាំងអភិបាលរងក្រុងណានជីង ក៏រងការព្រមានធ្ងន់ធ្ងររហូតដល់ការដកតំណែងផងដែរ។
 
នៅទីក្រុងចាចាជៀ ដែលជាតំបន់ទេសចរណ៍មួយនៅខេត្តហឺណាន មន្រ្តីចំនួន ១៨ នាក់ត្រូវបានដាក់ទោសចំពោះការឆ្លើយតបយឺតយ៉ាវរបស់ពួកគេ។
 
អាកាសយានដ្ឋានក្រុងណានជីង ជាកន្លែងដែលត្រូវបានគេជឿជាក់ថា ជាប្រភពនៃការចាប់ផ្តើមរីករាលដាលដំបូង ដោយនៅថ្ងៃទី ២០ ខែកក្កដាកន្លងទៅ អ្នកបោសសំអាត ៩ នាក់ត្រូវបានគេរកឃើញមានជំងឺកូវីដ-១៩ អំឡុងពេលធ្វើតេស្តរកមេរោគជាប្រចាំ។ អាជ្ញាធរចិនសង្ស័យការឆ្លងនេះ ទាក់ទងទៅនឹងជើងហោះហើរពីរុស្ស៊ីដែលបានមកដល់នៅថ្ងៃទី ១០ ខែកក្កដា៕
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com