អន្តរជាតិ
ចិន ផ្តល់លុយជាង៦លានដុលា្លសម្រាប់គម្រោងអភិវឌ្ឍន៍ដល់មីយ៉ាន់ម៉ា
11, Aug 2021 , 9:29 pm        
រូបភាព
បុរសមីយ៉ាន់ម៉ាម្នាក់រុញរទេះក្នុងទីក្រុងយ៉ាំងហ្គោន។ រូបថត Xinhua
បុរសមីយ៉ាន់ម៉ាម្នាក់រុញរទេះក្នុងទីក្រុងយ៉ាំងហ្គោន។ រូបថត Xinhua
ដោយ៖ ឈួ ស៊ាវយីងជាវ

រដ្ឋាភិបាលចិន បានផ្ដល់ប្រាក់ជាង៦លានដុល្លារទៅឱ្យរដ្ឋាមីយ៉ាន់ម៉ាដើម្បីអភិវឌ្ឍគម្រោងចំនួន២១ក្នុងប្រទេស។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ានៅថ្ងៃទី១០ ខែសីហា។ ការផ្តល់ជំនួយមូលនិធិនេះ ត្រូវមើលឃើញថា សញ្ញានៃការចាប់ផ្តើមកិច្ចសហប្រតិបត្តិការឡើងវិញរវាងចិន និងមីយ៉ាន់ម៉ាដែលស្ថិតក្រោមរបបយោធាតាំងពីថ្ងៃទី១ ខែកុម្ភៈមក។


ទឹកប្រាក់ជាង៦លានដុល្លារ ត្រូវបានចិនផ្ដល់ឱ្យមីយ៉ាន់ម៉ាសម្រាប់គម្រោងអភិវឌ្ឍន៍នានាក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។ ជំនួយនេះ ផ្ដោតលើគម្រោងដូចជា វ៉ាក់សាំងសត្វ វប្បធម៌ កសិកម្ម វិទ្យាសាស្រ្ត ទេសចរណ៍ និងការទប់ស្កាត់គ្រោះមហន្តរាយ។
 
កន្លងមក ចិន អនុវត្តយុទ្ធសាស្រ្តទន់ភ្លន់ទៅនឹងរដ្ឋប្រហារនៅមីយ៉ាន់ម៉ា ខុសពីបណ្ដាប្រទេសលោកខាងលិចមួយចំនួន។ ខណៈទីក្រុងប៉េកាំង ប្រកាសជំហរផ្តល់អាទិភាពលើស្ថិរភាព និងមិនជ្រៀតជ្រែកលើបញ្ហាផ្ទៃក្នុងរបស់ប្រទេសជិតខាង បណ្តាក្រុមប្រទេសលោកខាងលិច បានថ្កោលទោសរបបយោធាមីយ៉ាន់ម៉ាយ៉ាងចាស់ដៃលើការកាត់ផ្តាច់លទិ្ធប្រជាធិបតេយ្យ ការសម្លាប់ប្រជាជនស្លូតត្រង់ និងការឃុំខ្លួនមេដឹកនាំរដ្ឋាភិបាលស៊ីវិល។
 
ដ្បិតមិនធ្វើអ្វីសោះលើក្រុមយោធា ចិនក៏ត្រូវក្រុមប្រឆាំងចោទប្រកាន់ចិនលើការគាំទ្ររបបយោធាតែម្ដង។ ក្រុងប៉េកាំងបានច្រានចោលបញ្ហាចោទប្រកាន់នេះ និងនិយាយថា ខ្លួនគាំទ្រការប្រឹងប្រែងរបស់អង្គការតំបន់។
 
គួរបញ្ជាក់ថា កាលពីថ្ងៃ១០ ខែសីហា អាមេរិកបានផ្តល់ជំនួយមនុស្សធម៌ប្រមាណជាង៥០លានដុល្លារដើម្បីគាំទ្រដល់ក្រុមជួយសង្រ្គោះនៅមីយ៉ាន់ម៉ាសម្រាប់ការប្រយុទ្ធប្រឆាំងនឹងវិបត្តិកូវីដ-១៩និងជួយដល់ប្រជាជនមីយ៉ាន់ម៉ា៕
 
 
 
 
 
 

Tag:
 ចិន
  មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com