អន្តរជាតិ
តុលាការចិនកាត់ទោសជនជាតិកាណាដាម្នាក់ឱ្យជាប់ពន្ធនាគារ១១ ឆ្នាំពីបទចារកម្ម
11, Aug 2021 , 5:59 pm        
រូបភាព
អាគារតុលាការក្រុង Dandong ។ រូបថត AFP
អាគារតុលាការក្រុង Dandong ។ រូបថត AFP
ដោយ៖ ងួន សុភាវត្តី

នៅថ្ងៃទី១១ខែសីហានេះ តុលាការចិន បានផ្តន្ទាទោសអ្នកជំនួញជនជាតិកាណាដា Michael Spavorឱ្យជាប់ពន្ធនាគាររយៈពេល១១ឆ្នាំ ពីបទធ្វើចារកម្ម។ សេចក្តីសម្រេចនេះ ទំនងនឹងអាចធ្វើឱ្យទំនាក់ទំនងរវាងចិន និងកាណាដាដែលកំពុងល្អក់កករស្រាប់ រឹតតែអាក្រក់ឡើង។


លោក Michael Spavor ត្រូវបានឃាត់ខ្លួនក្នុងឆ្នាំ ២០១៨ រួមជាមួយអតីតអ្នកការទូតកាណាដា Michael Kovrig ពីបទចោទចារកម្ម។ ការចាប់ខ្លួនអ្នកទាំងពីរ ធ្វើឡើងបន្ទាប់ពីលោកស្រី Meng Wanzhou នាយកហិរញ្ញវត្ថុក្រុមហ៊ុន Huawei ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសកាណាដាតាមដីកាធ្វើបត្យាប័នរបស់អាមេរិកក្នុងឆ្នាំដដែល។ កាណាដា ចាត់ទុកករណីនេះជារឿងនយោបាយ និងការដាក់សម្ពាធពីចិន។
 
ក្នុងសេចក្តីថ្លែងការណ៍ចេញនៅថ្ងៃទី១១ ខែសីហា តុលាការប្រជាជនទីក្រុងDandong ប្រកាសថា លោក Spavor ដែលដំណើរការអាជីវកម្មទេសចរណ៍រវាង ចិននិងកូរ៉េខាងជើង ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល១១ឆ្នាំ ពីបទចារកម្ម និងផ្តល់អាថ៌កំបាំងរដ្ឋដោយខុសច្បាប់ដល់ប្រទេសដទៃ និងត្រូវផាកពិន័យជាទឹកប្រាក់ចំនួន ៥ម៉ឺនយ័ន។
 
សាលក្រមកាត់ទោសលោក Spavor ត្រូវប្រកាសឡើងមួយថ្ងៃក្រោយតុលាការចិនរក្សាការកាត់ទោសប្រហារជីវិតលើជនជាតិកាណាដាម្នាក់ទៀតពីបទជួញដូរគ្រឿងញៀន។
 
ក្នុងការឃាត់ខ្លួនជាង២ឆ្នាំកន្លះនេះ លោក Spavor និងលោក Kovrig ស្ទើរតែគ្មានទំនាក់ទំនងជាមួយពិភពខាងក្រៅ។ ការចុះសួរសុខទុក្ខរបស់ស្ថានទូតកាណាដាក៏ត្រូវបានបញ្ឈប់ដោយសារតែការផ្ទុះជំងឺកូវីដ-១៩ ក្នុងខែតុលាកន្លងទៅ ហើយបុរសទាំងពីរក៏មិនបានអនុញ្ញាតឱ្យជួបមេធាវីឬក្រុមគ្រួសាររបស់ពួកគេបានទៀតផង។ 
 
ភ្លាមៗក្រោយសវនាការ នាយករដ្ឋមន្រ្តីកាណាដា ចាស្ទីន ទ្រូដូ បានប្រតិកម្មវិញ ដោយលោកបានលើកឡើងថា ការផ្តន្ទាទោសនេះពិតជាមិនអាចទទួលយកបាន និងមានភាពអយុត្តិធម៌ ។
 
កន្លងទៅ កាណាដាបានចោទប្រកាន់ចិនថា ការឃុំខ្លួនលោក Spavor និងលោក Kovrig មានជាប់ពាក់ព័ន្ធនឹងករណីរបស់លោកស្រី Meng ។ ក្រុងអូតាវ៉ា លើកឡើងដែរថា ការចាប់ខ្លួនបុរសអ្នកជំនួញទាំងពីរនេះជាយុទ្ធសាស្ត្រក្នុងការចរចានយោបាយរបស់ចិនដោយយកបុរសទាំងពីរជាចំណាប់ខ្មាំងនយោបាយ។
 
ខណៈដែលសាលក្រមនៃការផ្តន្ទាទោសរបស់ Spavor ត្រូវបានប្រកាសនៅព្រឹកថ្ងៃទី១១ខែសីហា អ្នកការទូតមកពី២៥ប្រទេសរួមទាំងជប៉ុន អាមេរិក អង់គ្លេស នូវែលសេឡង់និងអ្នកតំណាងមកពីសហភាពអឺរ៉ុបបានជួបជុំគ្នានៅស្ថានទូតកាណាដានៅទីក្រុងប៉េកាំងដើម្បីបង្ហាញការគាំទ្រចំពោះ Spavor និងដើម្បីតវ៉ាការផ្តន្ទាទោសនេះ៕
 

Tag:
 ចិន
  កាណាដា
© រក្សាសិទ្ធិដោយ thmeythmey.com