COVID-19
ជាតិ
ជប៉ុន​បញ្ចូល​កម្ពុជា បារាំង អ៊ីស្រាអែលក្នុងចំណោមប្រទេសដែលបារម្ភពីការរាលដាល Delta
12, Aug 2021 , 2:30 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
ជប៉ុន​បាន​ដាក់អ្នកដំណើរពី​ប្រទេសមួយ​ចំនួន​ទៀត​ក្នុងបញ្ជី​ដែលត្រូវ​បារម្ភពីការ​រាលដាល​កូវីដ-១៩ បំប្លែង​ថ្មី Delta ក្នុងនោះ​មាន​កម្ពុជា បារាំង និងអ៊ីស្រាអែល ជាដើម។ នេះ​តាម​ការផ្សាយ​របស់​កាសែត The Yomiuri Shimbun។

 
​រដ្ឋ Alaska, Nebraska, South Corolina និង Tennessee របស់សហរដ្ឋអាមេរិកក្នុងបញ្ជី​ផងដែរ។ បើតាម​សេចក្តីប្រកាសព័ត៌មាន ពលរដ្ឋពី​បណ្តា​តំបន់​ប្រឈមទាំងនោះដែល​ចូលទៅប្រទេសជប៉ុន​ នឹងត្រូវ​តម្រូវឲ្យ​ទៅ​នៅ​ទីតាំង​ដែលរដ្ឋរៀបចំ​រយៈពេល​៣ថ្ងៃសិន។
 
ស្របពេលជាមួយ​គ្នានេះ រដ្ឋាភិបាលជប៉ុន​ បាន​សម្រេច​កាត់​បន្ថយ​ថ្ងៃ​ស្នាក់​នៅ​សម្រាប់​ពលរដ្ឋ​មកពី​តំបន់ និង​ប្រទេសមួយចំនួន​ផងដែរ​។ ពលរដ្ឋមកពី​ប្រទេសចំនួន​៥ក្នុងនោះ​មាន​ឥណ្ឌា និងស្រីលង្កា ត្រូវ​កាត់បន្ថយ​ថ្ងៃស្នាក់នៅពី​១០ថ្ងៃទៅ៦ថ្ងៃវិញ។
 
​ពលរដ្ឋពី​ចក្រភពអង់គ្លេស និង​ប៉ាគីស្ថាន រួមទាំងប្រទេសមួយចំនួន​ទៀត នឹង​ត្រូវ​តម្រូវ​ឲ្យ​ស្នាក់នៅទីតាំង​ចត្តាឡីស័កតែ៣ថ្ងៃប៉ុណ្ណោះ ខណៈកន្លងមក មានរយៈពេល​៦​ថ្ងៃ។ 
 
នៅ​កម្ពុជា ចំនួនអ្នកឆ្លងប្រចាំថ្ងៃ ហាក់ថមថយចុះ ប៉ុន្តែកម្ពុជាបាន​រកឃើញ​ករណី​វីរុស​កូ​វីដ​-១៩ បំប្លែង​ថ្មី B.1.617.2 (Delta) កាន់តែច្រើន​។ កាលពីថ្ងៃទី១១ សីហា កម្ពុជាមានអ្នកជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទDeltaនេះ ចំនួន៤៤នាក់បន្ថែមទៀត ដែលធ្វើឱ្យករណីបំប្លែងសរុបកើនដល់ ៤២៩នាក់ នៅរាជធានី-ខេត្តចំនួន១៧។ 
 
មកទល់ពេលនេះ កម្ពុ​ជាមាន​អ្នក​ឆ្លង​កូ​វីដ​-១៩ សរុប ៨៣.៨៣៩នាក់ ក្នុងនោះ១២.៤៣៥​នាក់ ជា​ករណី​នាំចូល​។ អ្នកជា​សះស្បើយ​មាន ៧៨.៤៣១នាក់  និង​ស្លាប់​សរុប១.៦៣៤នាក់​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com