ជាតិ
​​​ន​យោ​បាយ​ជាតិ​
កម្ពុជា បន្តគាំទ្របេសកម្មជួយមីយ៉ាន់ម៉ាឲ្យវិលមករកប្រក្រតីភាពឡើងវិញ
12, Aug 2021 , 2:58 pm        
រូបភាព
ប្រជាជនមីយ៉ាន់ម៉ា ធ្វើបាតុកម្មនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ ប្រឆាំងនឹងយោធា។ ពួកគេ ទាមទារឲ្យដោះលែងអ្នកស្រី អ៊ុងសាន ស៊ូជី និងប្រគល់អំណាចឲ្យអ្នកស្រីវិញ។ រូបពី AFP
ប្រជាជនមីយ៉ាន់ម៉ា ធ្វើបាតុកម្មនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ ប្រឆាំងនឹងយោធា។ ពួកគេ ទាមទារឲ្យដោះលែងអ្នកស្រី អ៊ុងសាន ស៊ូជី និងប្រគល់អំណាចឲ្យអ្នកស្រីវិញ។ រូបពី AFP
ដ្បិតមិនអាចលូកដៃ ឬជ្រៀតជ្រែកចូលផ្ទៃក្នុងរបស់មីយ៉ាន់ម៉ាពិតមែន តែកម្ពុជា នៅតែបង្ហាញការយកចិត្តទុកដាក់លើស្ថានភាពនៅមីយ៉ាន់ម៉ា។ កម្ពុជា បានរួមវិភាគទានជាមតិយោបល់ជូនទៅអាស៊ាន ដើម្បីទាញមីយ៉ាន់ម៉ា ឲ្យចូលក្នុងគន្លងសន្តិភាពវិញ។


 
ក្នុងកិច្ចពិភាក្សាតាមប្រព័ន្ធវីដេអូ (Video Conference) ជាមួយលោក ដាតូ អ៊ីរីវ៉ាន់ ផេហ៊ីន យូសូហ្វ (Dato Erywan Pehin Yusof) រដ្ឋមន្រ្តីការបរទេសប្រុយណេ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីការបរទេសកម្ពុជា បានបង្ហាញការគាំទ្ររបស់លោក ក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា។ រដ្ឋមន្រ្តីការបរទេសប្រុយណេ ត្រូវបានតែងតាំងជាបេសកជនពិសេសរបស់អាស៊ាន ដើម្បីដើរតួជាអ្នកចរចា រកដំណោះស្រាយឲ្យមីយ៉ាន់ម៉ា។     
 
រដ្ឋមន្រ្តីការបរទេសកម្ពុជា សរសេរលើទំព័រហ្វេសប៊ុកដូច្នេះថា៖«ខ្ញុំ បានគូសបញ្ជាក់ពីការគាំទ្រយ៉ាងមុតមាំរបស់ខ្ញុំ ចំពោះបេសកកម្មរបស់គាត់ និងចំពោះកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ាន ដើម្បីធានាឲ្យបាននូវសន្តិភាព ស្ថិរភាព និង ការវិលទៅរកជីវភាពធម្មតាវិញរបស់មីយ៉ាន់ម៉ា ក៏ដូចជាផលប្រយោជន៍រួមនៃគ្រួសារអាស៊ានរបស់យើង»។ 
 
កន្លងមក កម្ពុជា បានបង្ហាញឆន្ទៈម្តងជាពីរម្តងរួចមកហើយ ក្នុងការចូលរួមជាមួយអាស៊ានទាំងមូល ដើម្បីជួយឲ្យមីយ៉ាន់ម៉ា វិលទៅកាន់ភាពស្ងប់ស្ងាត់។ កាលពីចុងខែមេសា ឆ្នាំ២០២១ មេដឹកនាំអាស៊ានទាំងអស់ បានជួបពិភាក្សាផ្ទាល់មុខ នៅឥណ្ឌូណេស៊ី ក្នុងគោលបំណងរកដំណោះស្រាយនៅមីយ៉ាន់ម៉ា។ កិច្ចពិភាក្សានោះ ក៏មានវត្តមានលោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង មេយោធាកំពូល ដែលដឹកនាំធ្វើរដ្ឋប្រហារនិងកំពុងក្តាប់អំណាចនៅមីយ៉ាន់ម៉ាផងដែរ។  ក្នុងចំណោមវិធីសាស្រ្តនានា ការតែងតាំងបេសកជនពិសេស គឺជាវិធីសាស្រ្តដ៏សំខាន់មួយ ដែលមេដឹកនាំអាស៊ាន សម្រេចដាក់ចេញ ដើម្បីចរចារកដំណោះស្រាយនៅមីយ៉ាន់ម៉ា។ 
 
តាមពិត ការបង្កើតបេសកជនពិសេសនេះ ក៏ជាគំនិតរបស់មេដឹកនាំកម្ពុជាដែរ។ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន លើកឡើងថា កម្ពុជា គាំទ្រប្រធានអាស៊ាន និងសមាជិកអាស៊ានផ្សេងទៀត ក្នុងការដើរតួនាទីជាបេសកជនពិសេសរបស់អាស៊ាន ដើម្បីជំរុញឲ្យមានការចរចាជួយមីយ៉ាន់ម៉ាដោះស្រាយវិបត្តិ កុំឲ្យស្ថានការណ៍ធ្លាក់កាន់តែដុនដាម។
 
សម្តីរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា ដែលលើកឡើងក្នុងកិច្ចពិភាក្សាជាមួយមេដឹកនាំអាស៊ាន ត្រូវបានស្រង់យកទៅបង្ហោះលើទំព័រហ្វេសប៊ុករបស់ខ្លួនថា៖«បើមានការជួយសម្របសម្រួល នោះភាគីដែលកំពុងប្រឈមមុខដាក់គ្នា [នៅមីយ៉ាន់ម៉ា] អាចងាកមករកការដោះស្រាយដោយសន្តិវិធីវិញ ពោលគឺគ្មានភាគីណាចង់ឃើញការបង្ហូរឈាម និងបាត់បង់ជីវិតប្រជាជននោះទេ»។ 
 
សូមរម្លឹកថា ឧត្តមសេនីយ៍ មីន អ៊ុងឡាំង បានធ្វើរដ្ឋប្រហារ និងដណ្តើមអំណាចបានទាំងស្រុងពីអ្នកស្រី អ៊ុងសាន ស៊ូជី ដែលជាមេដឹកនាំមីយ៉ាន់ម៉ា នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។ អ្នកស្រី អ៊ុងសាន ស៊ូជី ដែលមានតួនាទីផ្លូវការជាទីប្រឹក្សារដ្ឋ តែគេ ចាត់ទុកជាមេដឹកនាំកំពូលរបស់មីយ៉ាន់ម៉ា ក្នុងការបំពេញការងារជាក់ស្តែង ត្រូវបានលោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង ធ្លាប់ជាមនុស្សស្និទ្ធនិងជាកូនចៅរបស់អ្នកស្រី ចាប់អ្នកស្រី ដាក់ពន្ធនាគារជាមួយនឹងលោក  Win Myint ប្រធានាធិបតីមីយ៉ាន់ម៉ា រួមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ផ្សេងទៀតក្នុងជួររដ្ឋាភិបាលរបស់អ្នកស្រី។
 
វា មានរយៈពេលប្រមាណ៧ខែហើយ ដែលប្រជាពលរដ្ឋមីយ៉ាន់ម៉ា ចេញធ្វើបាតុកម្មតវ៉ាឲ្យរបបយោធាមីយ៉ាន់ម៉ា ដោះលែងអ្នកស្រី អ៊ុងសាន ស៊ូជី ហើយប្រគល់អំណាចជូនអ្នកស្រីវិញ។ សមាគមផ្តល់ជំនួយដល់អ្នកទោសនយោបាយមីយ៉ាន់ម៉ា (Assistance Association of Political Prisoners) បានបញ្ចេញរបាយការណ៍ថា គិតត្រឹមថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ មានប្រជាជន៩៦៥នាក់ ដោយមានទាំងកុមារផង ត្រូវបានសម្លាប់ក្នុងព្រឹត្តិការណ៍ធ្វើបាតុកកម្មប្រឆាំងនឹងយោធាមីយ៉ាន់ម៉ា ខណៈ៥៥៥០នាក់ កំពុងជាប់ឃុំ និង២៥០នាក់ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររួចហើយ។ 




 
មូលហេតុធំៗ២យ៉ាង នៃការឈានដល់ការធ្វើរដ្ឋប្រហារ គឺទី១ ពួកយោធាមីយ៉ាន់ម៉ា យល់ថា ការបោះឆ្នោត មានការលួចបន្លំ ហើយទី២ ពួកយោធា ខឹងនឹងរដ្ឋាភិបាលរបស់អ្នកស្រី អ៊ុងសាន ស៊ូជី ដែលឈ្នះឆ្នោតសម្រាប់អាណត្តិថ្មី មិនព្រមពិនិត្យលទ្ធផលបោះឆ្នោតឡើងវិញ ដែលពួកគេ បានស្នើសុំ។ របបយោធាមីយ៉ាន់ម៉ា អះអាងថា នឹងរៀបចំការបោះឆ្នោតឡើងវិញ ក្នុងពេលខាងមុខ។ 
 
អ្នកស្រី អ៊ុងសាន ស៊ូជី ពីអ្នកប្រឆាំង ក្លាយទៅជាអ្នកដឹកនាំរដ្ឋាភិបាលវិញម្តង ក្រោយអ្នកស្រី ឈ្នះការឆ្នោះឆ្នោត នៅឆ្នាំ២០១៦។ គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) របស់អ្នកស្រី អ៊ុងសាន ស៊ូជី បានទទួលជ័យជម្នះម្តងទៀត ក្នុងការបោះឆ្នោត នៅខែវិច្ឆិកា ឆ្នាំ២០២០។ ប៉ុន្តែ សម្រាប់ជ័យជម្នះក្នុងអាណត្តិថ្មីនេះ អ្នកស្រី មិនមានភព្វវាសនាបានកាន់អំណាចយូរនិងចប់ចុងចប់ដើមឡើយ ដោយបានរយៈពេលត្រឹម៣-៤ខែប៉ុណ្ណោះ អ្នកស្រី ក៏ត្រូវឧត្តមសេនីយ៍ មីន អ៊ុងឡាំង ធ្វើរដ្ឋប្រហារទម្លាក់អ្នកស្រីពីអំណាច និងបានច្បាមយកអំណាចទាំងមូលមកក្តាប់ក្នុងដៃខ្លួនឯង។
 
មីយ៉ាន់ម៉ា ទើបតែមានពន្លឺប្រជាធិបតេយ្យរយៈពេលខ្លី ក្នុងអំឡុងនៃការដឹកនាំរបស់អ្នកស្រី អ៊ុងសាន ស៊ូជី ហើយត្រូវរលត់ទៅវិញ បន្ទាប់ពីពួកយោធា ធ្វើរដ្ឋប្រហារ។ គេ អាចនិយាយបានថា មីយ៉ាន់ម៉ា បានវិលទៅរករបបយោធាសាជាថ្មី។ រយៈពេល៧ខែមកនេះ ការដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា មិនទាន់ទទួលជោគជ័យនោះទេ ដោយការធ្វើបាតុកម្មប្រឆាំងនឹងរបបយោធា នៅតែបន្តដដែល៕ 
 

Tag:
 កម្ពុជា
  មីយ៉ាន់ម៉ា
  ប្រាក់ សុខុន
© រក្សាសិទ្ធិដោយ thmeythmey.com