អន្តរជាតិ
ទីក្រុងមួយចំនួននៅចិនប្រកាសអាសន្នខ្ពស់បំផុត ខណៈទឹកជំនន់សម្លាប់មនុស្ស២១នាក់
13, Aug 2021 , 4:09 pm        
រូបភាព
យោធាចិនលីកុមារម្នាក់ក្នុងគ្រោះទឹកជំនន់នៅទីក្រុងសួយចូវ ខេត្តហ៊ូប៉ី។ រូបថត AFP
យោធាចិនលីកុមារម្នាក់ក្នុងគ្រោះទឹកជំនន់នៅទីក្រុងសួយចូវ ខេត្តហ៊ូប៉ី។ រូបថត AFP
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍នៅថ្ងៃទី១៣ ខែសីហា ថា ទីក្រុងចំនួន៥ ក្នុងខេត្តហ៊ូប៉ីកំពុងរងការគំរាមកំហែងដោយសារទឹកជំនន់ក្រោយភ្លៀងធ្លាក់ខ្លាំង និងបានប្រកាសសញ្ញាអាសន្នពណ៌ក្រហមដែលកម្រិតអាសន្នខ្ពស់បំផុត។ មនុស្ស២១នាក់ស្លាប់ក្នុងជំនន់ទឹកភ្លៀងដែលបង្ខំឱ្យមានការជម្លៀសប្រជាជនជិត៦ពាន់នាក់ទៅកាន់ទីសុវត្ថិភាព។​


ភ្លៀងធ្លាក់ខ្លាំងដែលបង្កទៅជាទឹកជំននន់ កំពុងរវាយប្រហារតំបន់ភាគកណ្ដាលចិន។​ នៅខេត្តហ៊ូប៉ី ទីក្រុងចំនួន៥ បានប្រកាសអាសន្នកម្រិតខ្ពស់ បន្ទាប់កម្រិតទឹកហក់ឡើងខ្លាំង។ នេះបើតាមការរាយការណ៍ពីទីភ្នាក់ងារព័ត៌មាន​ Xinhua ដែលបន្តថា មនុស្ស២១នាក់បានស្លាប់ និង៤នាក់ទៀតកំពុងបាត់ខ្លួន។
 
អាជ្ញាធរមូលដ្ឋានបញ្ជាក់ថា ក្នុងទីក្រុង៥ ផ្ទះនិងហាងច្រើនជាង២៧០០ខ្នង រងការបំផ្លាញ​   ដំណាំយ៉ាងហោចណាស់៨១១០ហិចតារងការលិចលង់ ឯកន្លែងផលិតថាមពល​ ការដឹកជញ្ជូន ​​និងប្រព័ន្ធគមនាគមន៍ផ្សេងៗត្រូវបានកាត់ផ្តាច់។ គ្រោះមហន្តរាយនេះត្រូវគេប៉ាន់ស្មានថា ​ធ្វើឱ្យខាតបង់ទ្រព្យសម្បតិ្តសរុបប្រមាណ​១៦,៦៧លានដុល្លារ។
 
ចំណែកក្រសួងគ្រប់គ្រងគ្រោះអាសន្នចិន​ អះអាងថា ​ក្រុមជួយសង្រ្គោះ ត្រូវបានបញ្ជូនទៅតំបន់ដែលរងគ្រោះខ្លាំងដោយរួមមានក្រុងមាន​ស៊ួយចូវ​​ ស៊ាងយ៉ាង​ និង​ស៊ាវកាន់​។ ​ចំណែកទីក្រុ​ង​អ៊ីឆឹងនៃភាគពាយព្យរបស់ខេត្តហ៊ូប៉ី​ បានកត់ត្រាកម្ពស់ទឹកភ្លៀងដល់ទៅ​៤០០មីលីម៉ែត្រកាលពីថ្ងៃទី១២ ខែសីហា។
 
ជាមួយគ្នានេះ រដ្ឋបាលឧតុនិយមចិនក៏បានព្រមានថា ព្យុះភ្លៀដ៏កំណាចទំនងជាបន្តមានរហូតដល់សប្តាហ៍ក្រោយ។
 
គួរបញ្ជាក់ថា​ ​ចិនរងការវាយប្រហារដោយគ្រោះទឹកជំនន់ជាញឹកញាប់នៅអំឡុងរដូវក្តៅហើយសើម។ ប៉ុន្តែក្នុងឆ្នាំនេះ អាជ្ញាធរបានព្រមានថា អាកាសធាតុបែបនេះ នឹងកើតមានញឹកញាប់បន្ថែមទៀតដោយសារការប្រែប្រួលអាកាសធាតុ។ កាលពីសប្តាហ៍មុន ប្រជាជនប្រមាណ៨ម៉ឺននាក់ត្រូវបានបញ្ជា​ឱ្យជម្លៀសខ្លួនចេញទាំងប្រញាប់ប្រញាល់ពីភាគនិរតីរបស់ខេត្តស៊ីឈ័ន ខណៈទឹកជំនន់នៅខេត្តហឺណានបានស្លាប់មនុស្សប្រមាណ៣០០នាក់កាលពីខែកក្កដា៕
 
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com