អន្តរជាតិ
វៀតណាម បារម្ភពីការផ្គត់ផ្គង់វ៉ាក់សាំងយឺតយ៉ាវ ខណៈករណីឆ្លងជំងឺកូវីដ-១៩ កើនឡើងខ្លាំង
13, Aug 2021 , 5:29 pm        
រូបភាព
ឧបនាយករដ្ឋមន្រ្តីវៀតណាម Vu Duc Dam ។ រូបថតពីវេបសាយរដ្ឋាភិបាលវៀតណាម
ឧបនាយករដ្ឋមន្រ្តីវៀតណាម Vu Duc Dam ។ រូបថតពីវេបសាយរដ្ឋាភិបាលវៀតណាម
ដោយ៖ ងួន សុភាវត្តី 

រដ្ឋាភិបាលវៀតណាមនៅថ្ងៃទី១២ខែសីហា អះអាងថា ខ្លួនកំពុងប្រឈមមុខនឹងស្ថានការណ៍តានតឹងព្រមៗគ្នាដោយសារការកើនឡើងឥតឈប់ឈរនៃករណីជំងឺកូវីដ-១៩ ហើយការផ្គត់ផ្គងវ៉ាក់សាំង ក៏ជួបបញ្ហាដែលមិនអាចចាក់ឱ្យប្រជាជនបានរហ័សទៅទៀត។


វៀតណាម កំពុងជួបរលកឆ្លងជំងឺកូវីដ-៩ យ៉ាងអាក្រក់បំផុត ដែលវាយប្រហារតំបន់ភាគខាងត្បូងដែលច្រកសេដ្ឋកិច្ចដ៏សំខាន់។​ ករណីឆ្លងភាគច្រើន នៅតែត្រូវបានរកឃើញនៅទីក្រុងហូជីមិញ ខេត្ត Binh Duong និងខេត្ត Dong Nai។ ស្របពេលនេះ វៀតណាមក៏ប្រឈមមុខការខ្វះខាតវ៉ាក់សាំងផងដែរ ព្រោះទើបសម្រុកទិញនៅពេលករណីឆ្លងផ្ទុះខ្លាំង។ អំណោយវ៉ាក់សាំងពីប្រទេសជាមិត្ត ក៏ទៅដល់ជាបន្តបន្ទាប់ ប៉ុន្តែមិនអាចធ្វើឱ្យស្ថានការណ៍ធូរស្រាលនៅឡើយ។
 
«ស្ថានភាពកូវីដ-១៩ មានភាពតានតឹងខ្លាំង។ ទន្ទឹមនឹងនេះដែរ យើងក៏ប្រឈមនឹងកង្វះវ៉ាក់សាំងនៅទូទាំងប្រទេស»។ ឧបនាយករដ្ឋមន្ត្រីវៀតណាម Vu Duc Dam ដែលជាប្រធានក្រុមការងារប្រយុទ្ធនឹងជំងឺឆ្លងរបស់វៀតណាមបានលើកឡើងបែបនេះនៅថ្ងៃទី១២ ខែសីហា។
 
លោក Dam ក៏បានបន្ថែមថា វៀតណាម បានចុះកិច្ចព្រមព្រៀងទិញវ៉ាក់សាំង ដែលអាចធានាបានការផ្តល់វ៉ាក់សាំងដល់ប្រជាជនរាប់រយលាននាក់ ប៉ុន្តែការដឹកជញ្ជូនបែរជាយឺតយ៉ាវទៅវិញ។ ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ មេដឹកនាំវៀតណាមបានទាក់ទងតាមទូរស័ព្ទប្រហែល២០ដងទៅកាន់សមភាគីបរទេសដើម្បីព្យាយាមជំរុញការផ្គត់ផ្គងវ៉ាក់សាំងនេះ។
មិនត្រឹមស្វះស្វែងរកវ៉ាក់សាំងពីក្រៅឡើយ វៀតណាមក៏ជំរុញការផលិតវ៉ាក់សាំងក្នុងស្រុកផងដែរ។ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៅថ្ងៃទី១២ ខែសីហា នាយករដ្ឋមន្រ្តីវៀតណាម ផាម មិញឈិញ បានជំរុញការផលិតវ៉ាក់សាំងកូវីដ-១៩ ក្នុងស្រុកដើម្បីបំពេញតម្រូវការជាតិ។
 
កន្លងមកវៀតណាម គឺជាប្រទេសក្នុងតំបន់អាស៊ីមួយដែលគ្រប់គ្រងស្ថានភាពឆ្លងវីរុសកូវីដ-១៩បានយ៉ាងល្អ។ ប៉ុន្តែស្ថានភាពធ្លាក់ចុះយ៉ាប់យ៉ឺននាពេលថ្មីៗនេះ ដោយចំនួនអ្នកឆ្លងប្រចាំថ្ងៃមានលើសពីចំនួនអ្នកឆ្លងសរុបកាលពីឆ្នាំមុនទៅទៀត។
 
មកទល់ពេលនេះ ប្រជាជនវៀតណាមតិចជាង១លាន១សែននាក់ក្នុងចំណោមប្រជាជនសរុបជាង៩៨លាននាក់ ទទួលបានចាក់វ៉ាក់សាំងមួយដូស ដែលនេះជាអត្រាទាបបំផុតមួយនៃការចាក់វ៉ាក់សាំងបើធៀបនឹងប្រទេសក្នុងតំបន់អាស៊ីផ្សេងទៀត។ 
 
គិតត្រឹមថ្ងៃទី១២ខែសីហា វៀតណាម​មានករណីឆ្លងជាង ២៤៦,៥០០​នាក់៕
 

Tag:
 វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com