អន្តរជាតិ
ហ្វីលីពីន ហាមអ្នកដំណើរមកពីឥណ្ឌានិងប្រទេស៩ទៀតចូលប្រទេស ព្រោះបារម្ភពីវីរុសដែលតា
13, Aug 2021 , 8:29 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
ដោយ៖ ងួន សុភាវត្តី

ហ្វីលីពីន បានបញ្ចូលប្រទេស១០ទៀតក្នុងបញ្ជីហាមឃាត់អ្នកដំណើរចូលប្រទេសខ្លួនរហូតដល់ចុងខែសីហា។ នេះបើយោងតាមការប្រកាសអ្នកនាំពាក្យរបស់ប្រធានាធិបតីហ្វីលីពីននៅថ្ងៃទី ១៣ ខែសីហានេះ ដោយមានគោលដៅទប់ស្កាត់ការរាលដាលវីរុសបង្កជាជំងឺកូវីដ-១៩ បំប្លែងថ្មីដែលតា។


អ្នកដំណើរពីប្រទេសឥណ្ឌា ប៉ាគីស្ថាន បង់ក្លាដែស ស្រីលង្កា នេប៉ាល់ អេមីរ៉ាតអារ៉ាប់រួម អូម៉ង់ ថៃ ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី នឹងត្រូវហាមឃាត់មិនឱ្យចូលទឹកដីហ្វីលីពីនឡើយពីថ្ងៃទី១៦ ដល់ទី៣១ ខែសីហា។ អ្នកនាំពាក្យប្រធានាធិបតីលោក Harry Roque បញ្ជាក់បែបនេះនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយបន្តថា លោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូតឺតេ បានយល់ព្រមលើអនុសាសន៍របស់ក្រុមការងារការពារការឆ្លងវីរុសកូវីដ-១៩ក្នុងការពន្យាការរឹតត្បិតលើការធ្វើដំណើរនេះ។ 
 
ហ្វីលីពីន ចាប់ផ្ដើមរឹតត្បិតការធ្វើដំណើររបស់ប្រទេសជាច្រើនចាប់ពីខែមេសា ដើម្បីទប់ស្កាត់ការរាលដាលវីរុសបំប្លែងថ្មីដែលតា ដែលត្រូវបានជឿថា មានសមត្ថភាពឆ្លងរហ័ស និងគ្រោះថ្នាក់ខ្លាំង។
 
បច្ចុប្បន្ន តំបន់រដ្ឋធានីម៉ានីលដែលមានទីក្រុងចំនួន ១៦ និងមានប្រជាជនរស់នៅជាង១៣លាននាក់ នៅតែស្ថិតក្រោមវិធានការបិទខ្ទប់យ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលដើម្បីទប់ស្កាត់ការរីករាលដាលវីរុសបំប្លែងថ្មីដែលតា ខណៈដែលរដ្ឋាភិបាលកំពុងបង្កើនល្បឿនផ្តល់វ៉ាក់សាំងជូនពលរដ្ឋផងដែរ។ ប៉ុន្តែករណីឆ្លងថ្មីនៅមានតួលេខខ្ពស់។
 
ខណៈករណីឆ្លងថ្មីកើនឡើងកាន់តែច្រើន មន្ទីរពេទ្យជាច្រើននៅក្នុងរដ្ឋធានីម៉ានីលបានរាយការណ៍ពីកង្វះខាតនៃគ្រែដាច់ដោយឡែក និងបន្ទប់សំរាប់ដាក់អ្នកជំងឺ ហើយមន្ទីរពេទ្យខ្លះទៀតបដិសេធមិនទទួលអ្នកជំងឺថ្មីដោយសារខ្វះខាតគ្រែ និងម៉ាស៊ីនជំនួយការដកដង្ហើម។
 
គួរបញ្ជាក់ថា ១១ភាគរយនៃប្រជាជនចំនួន១១០លាននាក់ប៉ុណ្ណោះរបស់ហ្វីលីពីន បានទទួលការចាក់ថ្នាំវ៉ាក់សាំងពេញលេញ ខណៈមនុស្សរាប់លាននាក់ទៀតនៅតែមានងាយរងគ្រោះខ្ពស់ចំពោះជំងឺកូវីដ-១៩នេះ៕
 

Tag:
 ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com