អន្តរជាតិ
ការស្រាវជ្រាវ៖ ចិន ប្រកាសគម្រោងរោងចក្រធ្យូងថ្មកាន់តែច្រើននៅឆមាសទី១ ឆ្នាំ២០២១
14, Aug 2021 , 1:59 pm        
រូបភាព
ទូររថភ្លើងដឹកធ្យូងថ្មនៅខេត្តសានស៊ី ។ រូបថត Xinhua
ទូររថភ្លើងដឹកធ្យូងថ្មនៅខេត្តសានស៊ី ។ រូបថត Xinhua
ដោយ៖ ឈួ ស៊ាវយីងជាវ 
 
ចិន ប្រកាសពីគម្រោងទាក់ទងធ្យូងថ្ម និងដែកថែបជាច្រើននៅក្នុងឆមាសទី១ នៃឆ្នាំ២០២១ ដែលនឹងបង្កើនការបញ្ចេញឧស្ម័នកាបូនិចកាន់តែច្រើនទៅកាន់បរិយាកាស។ នេះបើយោងតាមការស្រាវជ្រាវមួយដែលផ្សាយនៅថ្ងៃទី១៣​ ខែសីហា គឺពីរបីថ្ងៃបន្ទាប់ពីអង្គការសហប្រជាជាតិអំពាវនាវឱ្យមានវិធានការជាសកលដើម្បីទប់ស្កាត់​ការប្រើប្រាស់ឥន្ទនៈហ្វូស៊ីលសំដៅដោះស្រាយវិបត្តិអាកាសធាតុ។

 
«ប្រទេសផ្សេងៗជុំវិញពិភពលោកទទួលសារថា ដល់ពេលដែលត្រូវចាកចេញពីការប្រើប្រាស់ធ្យូងថ្មប៉ុន្តែផលប្រយោជន៍ធ្យូងថ្ម កំពុងរារាំងចិនក្នុងការកាត់បន្ថយទៅវិណ ហើយរដ្ឋាភិបាលកណ្តាលចិនក៏មិនមានការដាក់កំហិតអ្វីដែរ។» នេះជាការលើកឡើងរបស់លោកស្រី​Christine Shearer នាយកម្មវិធីធ្យូងថ្មរបស់អង្គការតាមដានថាមពលសាកលក្នុងរបាយការណ៍រួមមួយស្តីពីគម្រោងកាបូនក្នុងឆមាសទី១ នៅចិន។
 
ក្នុងការស្រាវជ្រាវនេះ ក្នុងអំឡុងពេលឆមាសទី១​ ចិនដែលជាប្រទេសប្រើប្រាស់ធ្យូងថ្មធំជាងគេបំផុតលើពិភពលោក និងជាប្រភពនៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ដ៏ធំ បានប្រកាសការសាងសង់ឡដុតធ្យូងថ្មថ្មីចំនួន១៨កន្លែង ដែលច្រើនជាងគម្រោងពេញមួយឆ្នាំ២០២០ ទៅទៀត។ ចំណែករោងចក្រថាមពលដើរដោយធ្យូងថ្មជាង៤៣កន្លែងផ្សេងទៀត ក៏ត្រូវបានស្នើសុំការអនុញ្ញាតផងដែរ។  
 
បន្ថែមពីលើនេះ ក្នុងរយៈពេលពាក់កណ្តាលឆ្នាំ២០២១នេះ ចិនបានចាប់ផ្តើមសាងសង់រោងចក្រថាមពលដើរដោយធ្យូងថ្មដែលមានសមត្ថភាពផលិតថាមពលរហូតដល់១៥ជីហ្គាវ៉ាត់ ដែលអាចផ្គត់ផ្គង់ថាមពលដល់ផ្ទះជាង៤,៥លានខ្នងឯណោះ។ 
 
កន្លងមក ចិនបានដាក់គោលដៅកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនមកត្រឹមសូន្យនៅឆ្នាំ២០៦០ ។ ប៉ុន្តែសម្ពាធលើរដ្ឋាភិបាលចិនមានកាន់តែច្រើនព្រមគ្នានឹងការអំពាវនាវឱ្យមានការចាត់វិធានការបន្ថែមឱ្យបានច្រើន និងរហ័ស ខណៈវិបត្តិបម្រែបម្រួលសាកលកំពុងក្លាយជាបញ្ហាប្រឈមដ៏ធំរបស់មនុស្សជាតិ។ 
 
នៅដើមសប្ដាហ៍នេះ ក្រុមជំនាញអន្តររដ្ឋាភិបាលស្តីពីអាកាសធាតុរបស់អង្គការសហប្រជាជាតិស្តីពីបប្រែបម្រួលអាកាសធាតុ (IPCC) បានព្រមានក្នុងរបាយការណ៍ដែលមានកម្រាស់ជិត៤០០០ទំព័រ ថា ការប្រែប្រួលអាកាសធាតុនឹងប៉ះពាល់ដល់គ្រប់តំបន់ទូទាំងពិភពលោក ហើយពិភពលោកស្ថិតក្នុងគ្រោះថ្នាក់ដែលមិនអាចគ្រប់គ្រងបាន។ អ្នកជំនាញអាកាសធាតុបានដាក់តឿនបណ្តារដ្ឋាភិបាលជុំវិញពិភពលោកឱ្យមានការចាត់វិធានការយ៉ាងតឹងតែងបំផុត​ស្របពេលបញ្ហាអាកាសធាតុកំពុងរីករាលដាលយ៉ាងធ្ងន់ធ្ងរ។ ក្នុងឆ្នាំ២០២១នេះ​ វិបត្តិអាកាសធាតុមានការកើនឡើងជាញឹកញាប់ដូចជា ​គ្រោះរាំងស្ងួត ភ្លើងឆេះព្រៃ និងបញ្ហាភ្លៀងធ្លាក់ខ្លាំង។
 
ចិន ក៏រងនៅគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរដោយសារភ្លៀងធ្លាក់ខ្លាំងបំផុតមិនធ្លាប់មានជាង១០០០ឆ្នាំទៅហើយ។ អ្នកជំនាញពន្យល់ថា បញ្ហាអាកាសធាតុទាំងនេះកើតឡើងទាក់ទងជាមួយសកម្មភាពរបស់មនុស្សទៅកាន់បរិស្ថានតាមរយៈការបញ្ចេញឧស្ម័នបំពុល៕
 
 
 
 
 
 
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com