ជាតិ
សេដ្ឋកិច្ច
ជី និងថ្នាំកសិកម្មឡើងថ្លៃ ធ្វើឱ្យអ្នកដាំដំឡូងមីនៅស្រុកត្រពាំងប្រាសាទ បារម្ភពីការបាត់បង់ប្រាក់ចំណេញ
14, Aug 2021 , 2:59 pm        
រូបភាព
ដោយ៖ អ៊ុន វឌ្ឍនា 
ឧត្តរមានជ័យ៖  តម្លៃជី និងផលិតផលថ្នាំនានាដែលបម្រើដល់វិស័យកសិកម្មនៅកម្ពុជា មានតម្លៃហក់ឡើងខ្ពស់ ​បានធ្វើឱ្យប៉ះពាល់ដល់លទ្ធភាពនៃការដាំដុះរបស់កសិករ។ ការឡើងនៃតម្លៃជី​និងថ្នាំកសិកម្មនេះ ក៏បានធ្វើឱ្យប្រជាកសិករដែលជាអ្នកដាំដំឡូងមី ក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ព្រួយបារម្ភពីការបាត់បង់ប្រាក់ចំណេញឬខាត​ក្រោយពេលប្រមូលទិន្នផល។ បើតាមអ្នកដាំដំឡូងមីនៅស្រុកត្រពាំងប្រាសាទ បច្ចុប្បន្ន តម្លៃជីគីមីនៅលើទីផ្សារកើនដល់១២ម៉ឺនរៀលក្នុងមួយបាវ ខណៈថ្នាំពុលគីមី ក៏បានកើនថ្លៃពី៣,៥ម៉ឺនរៀលទៅ៥ម៉ឺនរៀលក្នុងមួយដបឬមួយកាដុង ផងដែរ។ 



អត្ថបទទាក់ទង
 
រយៈពេល២ឆ្នាំក្នុងវិបត្តិកូវីដ-១៩នេះ តម្លៃជីនិងថ្នាំពុលនានាដែលបម្រើដល់ការដាំដុះដំឡូវមីរបស់លោក សេង អាត គឺបានហក់ឡើងខ្ពស់ខ្លាំងតែម្តង។ ការឡើងថ្លៃនៃតម្លៃជី និងថ្នាំកសិកម្មនេះ បានធ្វើឱ្យកសិករដាំដំឡូវមីរូបនេះ  មានការព្រួយបារម្ភអំពីការបាត់បង់ប្រាក់ចំណេញឬខាតថ្លៃដើម ក្រោយពេលប្រមូលផលដំណាំរបស់ខ្លួនលក់នៅទីផ្សារ។​
 
អស់រយៈពេល៨ឆ្នាំមកហើយ ដែលលោក សេង អាត ប្រកបមុខរបរជាអ្នកដាំដំឡូវមី នៅក្នុងភូមិពពេល ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ ពីមួយឆ្នាំទៅមួយឆ្នាំ ការដាំដំឡូវមីរបស់កសិកររូបនេះ តែងតែជួបនឹងបញ្ហាកើនឡើងថ្លៃនៃតម្លៃជីនិងថ្នាំកសិករនានាដែលបម្រើដល់ការដាំដុះដំឡូងមីជានិច្ច ដោយគ្រាន់តែការកើនឡើងថ្លៃនៃជី និងថ្នាំកសិកម្ម មាននៅក្នុងកម្រិតតិចតួច។ ប៉ុន្តែចាប់ពីចុងឆ្នាំ២០១៩​មកដល់បច្ចុប្បន្ន លោកបានលើកឡើងថា តម្លៃជី និងថ្នាំកសិកម្មហ្នឹង បានហក់ឡើងខ្ពស់។  
 
កសិករដែលកំពុងដាំដំឡូងមីនៅលើផ្ទៃដី៧ហិកតារូបនេះ​ បានត្អូញត្អែរថា ដំណើរការនៃការដាំដុះដំឡូវមី បានចំណាយដើមទុនច្រើន ពិសេសគឺចំណាយច្រើនទៅលើជី និងថ្នាំកសិកម្ម ព្រោះតែផលិតផលទាំងនេះ គឺមានតម្លៃខ្ពស់រៀងរាល់ឆ្នាំ។ លោក បាននិយាយដូច្នេះថា៖«សម្រាប់ការជួលកម្លាំងកម្មករ និងឧបករណ៍នានាក្នុងការដាំដំឡូងនេះ​​មិនសូវឡើងថ្លៃនោះទេ។ ប៉ុន្តែសម្រាប់ជី និងថ្នាំនានា តម្លៃឡើងមិនឈប់ឡើយ ចាប់តាំងពីមានវត្តមានជំងឺកូវីដ-១៩មក»។
 
បើតាមកសិករដាំដំឡូងមីរូបនេះ នៅក្នុងឆ្នាំ២០១៩ សម្រាប់ជីគីមីក្នុងមួយបាវឬមួយបេដែលមានទម្ងន់៥០គីឡូក្រាម មានតម្លៃត្រឹម១២ម៉ឺនរៀល, ជីធម្មជាតិតម្លៃចាប់ពី៦ម៉ឺនរៀលទៅ៧ម៉ឺនរៀល និងថ្នាំពុលក្នុងមួយកាដុង (ថ្នាំបាញ់ស្មៅ) តម្លៃប្រមាណ៥ម៉ឺនរៀល និងថ្នាំប៉ូវមានតម្លៃពី ៣ម៉ឺនរៀល ទៅ៣,៥ម៉ឺនរៀល។ រហូតមកដល់ឆ្នាំ២០២១ តម្លៃនៃផលិតផលដែលបម្រើការដំាដុះដំឡូវ បានកើនឡើង ដោយជីគីមី បានកើនដល់តម្លៃ១៥ម៉ឺន៥ពាន់រៀលក្នុងមួយបេ, ជីធម្មជាតិ កើនដល់តម្លៃពី៩ម៉ឺនរៀលទៅ១០ម៉ឺនរៀលក្នុងមួយបេ, ថ្នាំបាញ់ស្មៅមានតម្លៃពី៦ម៉ឺនរៀលទៅ៧,៥ម៉ឺនរៀលក្នុងមួយកាដុង និងសម្រាប់ថ្នាំប៉ូវតម្លៃពី ៥ម៉ឺនរៀល ទៅ៥ម៉ឺន៥ពាន់រៀលក្នុងមួយកាដុង។ 
 
ទន្ទឹមនឹងការចំណាយលើថ្លៃជី និង ថ្នាំកសិកម្មផ្សេងៗខ្ពស់បែបនេះ លោក  សេង អាត ក៏បានចំណាយលើថ្លៃកម្មករ ថ្លៃពូជដំឡូវមី និងថ្លៃភ្ជួរដីផងដែរ។ ម្ចាស់ចម្ការដំឡូវ៧ហិកតារូបនេះ បានបញ្ជក់ថា៖«ក្នុងដីមួយហិកតា យើងត្រូវចំណាយដើមទុនពី១,៧លានរៀល ទៅជាង២លានរៀល។ តម្លៃនេះ គឺបូកទាំងការចំណាយលើកម្មករ ត្រាក់ទ័រភ្ជួរដី ពូជ ជី និង ថ្នាំផ្សេងៗជាដើម»។ 
 
ព្រោះតែជី និងថ្នាំកសិកម្ម បានកើនឡើងខ្ពស់ជាលំដាប់ រួមផ្សំនឹងការចំណាយច្រើនលើថ្លៃកម្មករ ថ្លៃពូជ ផងនោះ កសិករវ័យ៥២រូបនេះ ក៏បារម្ភនឹងការបាត់បង់ប្រាក់ចំណេញ ឬខាត​ដើមផងដែរ។ លោក សេង អាត ប្រាប់ថា ក្រោយពេលប្រមូលផល បើដំឡូងមីប្រភេទសើមមានតម្លៃនៅលើទីផ្សារពី៣០០រៀលទៅ៣៥០រៀលក្នុង១គីឡូក្រាម និងប្រភេទស្ងួត មានតម្លៃរហូតដល់៨០០រៀល ក្នុង១គីឡូក្រាម ប្រហែលនឹងទទួលបានប្រាប់ចំណេញបន្តិចបន្តួច ប៉ុន្តែបើផលដំឡូវមីមានថ្លៃពីនេះ កសិករវ័យ៥២ឆ្នាំរូបនេះ នឹងប្រឈមបាត់ទាំងប្រាក់ចំណេញ និងថ្លៃដើមនៃការដាំដុះ។ 
 
ជីគីមី និងថ្នាំកសិកម្មនានាដែលបម្រើដល់ការដាំដុះ មិនមែនមួយឆ្នាំទើបឡើងម្ដងនោះទេ គឺឡើងថ្លៃស្ទើរតែរាល់ខែ។ នេះជាសម្តីរបស់កសិករម្នាក់ទៀត គឺអ្នកស្រី គឹម យ៉ាន ដែលកំពុងមមាញឹក ក្នុងការដាំដំឡូងមីនៅលើផ្ទៃដីប្រមាណ៧ហិកតា នៅក្នុងស្រុកត្រពាំងប្រាសាទ។ សម្រាប់រដូវដំឡូវមីនៅក្នុងឆ្នាំ២០២១ នេះជាលើកដំបូងដែលអ្នកស្រី បានខ្ចីលុយពីធនាគារបន្ថែម ដើម្បីធ្វើជាដើមទុនសម្រាប់ដំណើរការនៃការដាំដំឡូវមីរបស់ខ្លួន និងឆ្លើយតបជាមួយតម្លៃជី និងថ្នាំកសិកម្ម ដែលកំពុងឡើងថ្លៃ នាពេលបច្ចុប្បន្ន។ 
 
ទន្ទឹមនឹងការជំពាក់បំណុលធនាគារនេះ អ្នកស្រី គឹម យ៉ាន ក៏ព្រួយបារម្ភអំពីការខាតបង់ប្រាក់ចំណេញក្រោយប្រមូលផលដំណាំរបស់ខ្លួនផងដែរ។ «ពេលដល់រដូវដាំដុះដំឡូវមីនៅទីផ្សារមានតម្លៃខ្ពស់ ប៉ុន្តែដល់ពេលកសិករប្រមូលផល បែរជាតម្លៃធ្លាក់ចុះទៅវិញ។ តម្លៃដំឡូវធ្លាក់ចុះហ្នឹងពេល យើងបានលក់មិនឆ្លើយថ្លៃដើមផង»។ នេះជាអ្វីដែលស្ត្រីជាកសិកររូបនេះកំពុងព្រួយបារម្ភអំពីជី និងថ្នាំកសិកម្មនៅកម្ពុជា ដែលបន្តឡើងថ្លៃជាលំដាប់។ 
 
ខណៈប្រជាកសិករកំពុងដាំដុះនៅដំណាំផ្សេងៗ ហើយថ្នាំ និងជីកសិកម្មនានា បន្តឡើងថ្លៃបែបនេះ ប្រាកដណាស់ វាបានធ្វើឱ្យផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការចំណាយរបស់កសិករ ក្នុងការថែទាំដំណាំ។ លោក ថេង សាវឿន ប្រធានសមាគមន៍សម្ព័ន្ធសហគមន៍កសិករកម្ពុជា អះអាងថា កសិករដែលមានថវិកាផ្ទាល់ខ្លួនគឺមិនសូវមានបញ្ហនោះទេ ចំពោះការឡើងថ្លៃនៃតម្លៃជី និងថ្នាំកសិមម្មនេះ ប៉ុន្តែសម្រាប់កសិករមិនមានប្រភពទុនដោយខ្លួនឯង នឹងប្រឈមការខាតបង់។ 
 
លោក ថេង សាវឿន ថ្លែងដូច្នេះថា៖«កសិករកម្ពុជា ភាគច្រើនធ្វើកសិកម្ម គឺអាស្រ័យឬខ្ចីប្រាក់ពីគ្រឹះស្ថានហិរញ្ញវត្ថុពីធនាគារ និងពីឯកជន ដើម្បីធ្វើជាដើមទុន ក្នុងការដាំ និងទិញផលិតផលដែលបម្រើដល់ការដាំដុះនានា»។ ប្រធានសមាគមន៍សម្ព័ន្ធសហគមន៍កសិករកម្ពុជារូបនេះ បានសង្កត់ធ្ងន់ថា៖«បើជីកសិកម្ម និងថ្នាំឡើងថ្លៃ ហើយដល់ពេលប្រមូលផល ស្រាប់តែមានផលប៉ះពាល់ការចុះថោក នោះនឹងរុញឱ្យប្រជាកសិករខាតបង់ទាំងដើមទុន ទាំងកម្លាំង និងទាំងពេលវេលា ដែលធ្វើឱ្យកសិករបាក់ទឹកចិត្តក្នុងការធ្វើកសិកម្មបន្តទៀត»។ 
ដើម្បីដោះស្រាយបញ្ហានៃការឡើងថ្លៃជី និងថ្នាំកសិកម្មនេះ លោក ថេង សាវឿន  ស្នើឱ្យក្រសួងជំនាញ និងក្រសួងពាក់ព័ន្ធ ត្រូវពិនិត្យមើលលើក្រុមហ៊ុនឬទីភ្នាក់ងារនៃការផ្គត់ផ្គង់ថ្នាំ និងជីកសិកម្មក្នុងស្រុកទាំងឡាយ ក្នុងការបញ្ចុះពន្ធបន្ថែមទៀតដល់ការនាំចូលជី និងថ្នាំកសិកម្ម ដើម្បីជួយសម្រាលបន្ទុកដល់កសិករ។
 
កាលពីថ្ងៃទី៩សីហា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា តម្លៃជី និងថ្នាំកសិកម្ម មានសន្ទុះកើនឡើងគួរឱ្យកត់សម្គាល់នារយៈពេល២ចុងក្រោយនេះដែលកម្ពុជានិងពិភពលោកកំពុងស្ថិតនៅក្នុងវិបត្តិកូវីដ-១៩។​ បើតាមក្រសួងកសិកម្ម មូលហេតុដែលជី និងថ្នាំកសិកម្មឡើងថ្លៃនេះ គឺបណ្តាលមកពីបណ្តាប្រទេសផលិតជីនិងថ្នាំកសិកម្មនាំចេញ មិនអាចឆ្លើយតបនឹងការបញ្ជាទិញរបស់កម្ពុជា, ផលិតកម្មជី និងថ្នាំកសិកម្មត្រូវបានកាត់បន្ថយកម្លាំងពលកម្មដោយបញ្ហានៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ដូចជានៅចិន ថៃ និងវៀតណាម ដែលជាប្រទេសផ្គត់ផ្គង់ជី និងថាំ្នកសិកម្មឱ្យកម្ពុជា, បញ្ហានៃការដឹកជញ្ជូន និងតម្រូវការប្រើប្រាស់ជី និងថ្នាំកសិកម្មនៅក្នុងមានការកើនឡើងជាដើម...។
 
ក្រសួងកសិកម្ម បានបញ្ជាក់ថា កាលពីឆ្នាំ២០២០ មានក្រុមហ៊ុននាំចូល ជីកសិកម្មជា១,៤លានតោន និងថ្នាំកសិកម្មជាង១សែនតោន។ ដោយឡែក ចាប់ពីខែមករា ដល់ឧសភា នៃឆ្នាំ២០២១ កម្ពុជា បាននាំចូលជីជាង៨,៥សែនតោន ខណៈថ្នាំកសិកម្ម នាំចូលជាង៤,៧ម៉ឺនតោន៕ 
 

Tag:
 កសិកម្ម
  ដំឡូងមី
 ​ ឧត្តរមានជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com