ជាតិ
ទស្សនៈ៖ ធ្វើយ៉ាងណា ទើបអាចមាននីតិរដ្ឋ និងយុត្តិធម៌?
27, Nov 2022 , 8:20 pm        
រូបភាព
ជញ្ជីងផ្អៀងម្ខាង ដែលបង្ហាញពីភាពអយុត្តិធម៌ (រូបពីគេហទំព័រ Freepik)
ជញ្ជីងផ្អៀងម្ខាង ដែលបង្ហាញពីភាពអយុត្តិធម៌ (រូបពីគេហទំព័រ Freepik)
អាចមាននីតិរដ្ឋ និងយុត្តិធម៌ក្នុងសង្គម លុះត្រាតែច្បាប់ មានឥទ្ធិពលលើមនុស្សទាំងអស់។



ឲ្យតែអ្នកនយោបាយ (រដ្ឋាភិបាល) គ្រប់គ្រងអ្នកច្បាប់ (តុលាការ) បានហើយ ការបំពេញតួនាទីរបស់អ្នកច្បាប់ នឹងមិនមានឯករាជ្យឡើយ ហើយការទទួលបានយុត្តិធម៌ គឺកាន់តែពិបាក។ ចង់ឲ្យសង្គមមានយុត្តិធម៌ លុះត្រាតែអ្នកច្បាប់ មិនស្ថិតក្រោមអ្នកនយោបាយ។

នគរបាលយុត្តិធម៌ ព្រះរាជអាជ្ញា ចៅក្រម ត្រូវចាត់ទុកថា ជាតួអង្គសំខាន់ ដែលដើរតួនាទីជាអ្នកអនុវត្តច្បាប់ និងស្វែងរកយុត្តិធម៌។ ក្នុងចំណោមតួអង្គទាំងនេះ ចៅក្រម គឺរឹតតែមានតួនាទីសំខាន់ ក្នុងការអនុវត្តច្បាប់ ដ្បិតចៅក្រម ជាអ្នកធ្វើសេចក្តីសម្រេចឲ្យបុគ្គលណាម្នាក់មានទោសឬគ្មានទោស។ យុត្តិធម៌ ឬអយុត្តិធម៌ គឺអាស្រ័យលើសេចក្តីសម្រេចរបស់ចៅក្រម។  
 
ចៅក្រម ឬស្ថាប័នតុលាការទាំងមូល ត្រូវនៅដាច់ដោយឡែកពីអ្នកនយោបាយ ដោយមិនត្រូវស្ថិតក្រោមអំណាចអ្នកនយោបាយឡើយ។ មិនស្ថិតក្រោមអំណាចអ្នកនយោបាយ ទើបចៅក្រម មានសិទ្ធិអំណាចបរិបូរ ក្នុងការសម្រេចសេចក្តី។ បើស្ថិតក្រោមអ្នកនយោបាយ ចៅក្រម នឹងសម្រេចសេចក្តីតាមតែការចង់បានរបស់អ្នកនយោបាយ ហើយពេលនោះ អំពើអយុត្តិធម៌ នឹងចេះតែកើតមានឡើង។ 
 
ជាធម្មតា អ្នកនយោបាយ ដែលកំពុងកាន់អំណាចនិងកំពុងដឹកនាំរដ្ឋាភិបាល តែងមានអ្នកប្រឆាំង។ ដើម្បីយកឈ្នះអ្នកដែលប្រឆាំងនឹងខ្លួន ឬអ្នកដែលខ្លួនមិនពេញចិត្ត អ្នកនយោបាយ អាចនឹងបង្គាប់តុលាការ ឲ្យចាត់ការអ្នកទាំងនោះ។ ជាទូទៅ ក្នុងសំណុំរឿងពាក់ព័ន្ធនឹងនយោបាយ គេ តែងសង្កេតឃើញថា អ្នកដែលប្រឆាំង មិនសូវមានវាសនាល្អប៉ុន្មានឡើយ។ តាមពិត នៅពេលចៅក្រម ស្ថិតក្រោមអ្នកនយោបាយដូច្នេះ អ្នកសម្រេចសេចក្តីពិតប្រាកដ គឺអ្នកនយោបាយឯណោះទេ ហើយចង់មិនចង់ ចៅក្រម ត្រូវតែស្តាប់តាមបង្គាប់របស់អ្នកនយោបាយ។  
 
ដើម្បីឲ្យអ្នកអនុវត្តច្បាប់ បូករួមទាំងចៅក្រមផង អាចនៅឆ្ងាយពីអ្នកនយោបាយបាន ស្ថាប័នកំពូលទាំង៣ គឺអង្គនីតិបញ្ញត្តិ (សភា) អង្គនីតិប្រតិបត្តិ (រដ្ឋាភិបាល) និង អង្គនីតិវិនិច្ឆ័យ (តុលាការ) ត្រូវនៅដាច់ដោយឡែកពីគ្នា។ ស្ថាប័នកំពូលទាំង៣ ត្រូវមានអំណាចស្មើគ្នា ដោយគ្មានស្ថាប័នណាមួយ អាចប្រើអំណាចរំលោភបំពានលើស្ថាប័នណាមួយឡើយ។ លុះត្រាតែស្ថាប័នកំពូលទាំង៣ មានឯករាជ្យភាពរៀងខ្លួនបែបនេះ ទើបចៅក្រម ដែលស្ថិតក្នុងអង្គនីតិវិនិច្ឆ័យ អាចមានសិទ្ធិអំណាចពេញលេញ ក្នុងការកាត់ក្តី។ ម្យ៉ាងទៀត អ្នកដែលស្ថិតក្នុងអង្គនីតិវិនិច្ឆ័យ មានព្រះរាជអាជ្ញា និង ចៅក្រម ជាដើម មិនត្រូវចូលជាសមាជិកគណបក្សនយោបាយឡើយ។ 
 
មានឧទាហរណ៍ នៅក្នុងប្រទេសមួយចំនួន ដែលចៅក្រម អាចកាត់ក្តីលើមនុស្សគ្រប់ឋានៈ ដោយមិនលើកលែង។ អតីតប្រធានាធិបតីបារាំង លោក នីកូឡា សាក់កូហ្ស៊ី ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារ៣ឆ្នាំ (ព្យួរទោស២ឆ្នាំ) ពាក់ព័ន្ធនឹងអំពើពុករលួយ។ អ្នកស្រី ផាក ហ្គឺនហេ ត្រូវសភាទម្លាក់ចេញពីតំណែងប្រធានាធិបតីកូរ៉េខាងត្បូង ហើយក្រោយមក តុលាការ ចាប់ផ្តើមមានចំណាត់ការផ្លូវច្បាប់ រហូតដាក់ទោសអ្នកស្រីឲ្យជាប់ពន្ធនាគារដល់ទៅជាង៣០ឆ្នាំ ពាក់ព័ន្ធក្នុងអំពើពុករលួយនិងការរំលោភអំណាច។ ទោះអតីតប្រធានាធិបតី និងប្រធានាធិបតី ដែលកំពុងស្ថិតក្នុងតំណែង ក៏គេចមិនផុតពីសំណាញ់ច្បាប់ដែរ ដូច្នេះ ក្នុងប្រទេសទាំង២នេះ គ្មានបុគ្គលណាម្នាក់ អាចគេចផុតពីសំណាញ់ច្បាប់ឡើយ។ 
 
នៅអាម៉េរិក មានប្រធានាធាធិបតីដល់៤រូបហើយ គឺលោក អែនឌ្រូ ចនសុន ប្រធានាធិបតីទី១៧ លោក រីឆាត និចសុន ប្រធានាធិបតីទី៣៧ លោក ប៊ីល គ្លីនតុន ប្រធានាធីបតីទី៤២ និង លោក ដូណាល់ ត្រាំ ប្រធានាធិបតីទី៤៥ ត្រូវសភាជាន់ទាប ចោទប្រកាន់ពីបទល្មើសផ្សេងៗគ្នា ហើយបោះឆ្នោតទម្លាក់ពួកលោកចេញពីតំណែងប្រធានាធិបតី។ តែសំណាងល្អ ពួកលោកទាំង៤រូប ត្រូវសភាជាន់ខ្ពស់ (ព្រឹទ្ធសភា) ឲ្យរួចខ្លួនវិញ ដោយមិនយល់ព្រមឲ្យទម្លាក់ពួកលោកចេញពីតំណែងប្រធានាធីបតី។  
 
ការចាត់វិធានការលើប្រធានាធិបតីអាមរិកទាំង៤រូបពីសំណាក់សភាជាន់ទាបនេះ សបញ្ជាក់ថា ស្ថាប័នកំពូលទាំង៣នៅអាម៉េរិក មានតុល្យភាពអំណាចនឹងគ្នា ដោយស្ថាប័ននីមួយៗ អាចចាត់វិធានការលើគ្នាទៅវិញទៅមក បើស្ថាប័នណាមួយបំពានច្បាប់។ ករណីប្រធានាធិបតីអាម៉េរិកទាំង៤រូបនេះ បើពួកលោក ប្រព្រឹត្តអ្វីខុសធ្ងន់ធ្ងរ រហូតដល់តម្រូវឲ្យតុលាការចាត់វិធានការនោះ ពួកគាត់ ប្រាកដជារងវិធានការពីតុលាការមិនខាន។
 
អ្វី ដែលរៀបរាប់ខាងលើ គឺផ្តោតសំខាន់លើការរៀបចំប្រព័ន្ធនយោបាយនិងស្ថាប័ននយោបាយ ដែលធ្វើឲ្យអ្នកអនុវត្តច្បាប់ មានឯករាជ្យភាព ក្នុងការបំពេញការងាររកយុត្តិធម៌។ ប៉ុន្តែ អ្វី ដែលសំខាន់ដែរនោះ គឺអ្នកអនុវត្តច្បាប់ ពិសេសចៅក្រម ត្រូវមានយុត្តិធម៌ក្នុងខ្លួន។ ចៅក្រម ត្រូវទុកយុត្តិធម៌ ឲ្យធំជាងសេចក្តីភ័យខ្លាច ធំជាងមុខតំណែង ធំជាងលាភសក្ការៈ។ 
    
បើក្នុងខ្លួនចៅក្រម មិនមានយុត្តិធម៌ ឬយុត្តិធម៌ មានទំហំតូចជាងសេចក្តីភ័យខ្លាច តូចជាងមុខតំណែង តូចជាងលាភសក្ការៈ នោះតួនាទីជាចៅក្រម មិនត្រឹមតែមិនអាចស្វែងរកយុត្តិធម៌ជូនអ្នកស្អាតស្អំទេ ថែមទាំងអាចផ្តល់ភាពអយុត្តិធម៌ដល់អ្នកស្អាតស្អំទៅវិញ។ ខុសប្រែជាត្រូវ ខ្មៅប្រែជាស យុត្តិធម៌ប្រែជាអយុត្តិធម៌ គឺព្រោះតែយុត្តិធម៌ក្នុងខ្លួនចៅក្រម មានទម្ងន់ស្រាលជាងសេចក្តីភ័យខ្លាច ស្រាលជាងមុខតំណែង ស្រាលជាងលាភសក្ការៈ។

សំណុំរឿង ដែលអ្នកនយោបាយលូកដៃចូល នឹងធ្វើឲ្យចៅក្រម មិនហ៊ានសម្រេចសេចក្តីតាមឆន្ទានុសិទ្ធិរបស់ខ្លួន។ ទោះជាពេលខ្លះ សំណុំរឿង ដែលមិនមានអ្នកនយោបាយ លូកដៃចូលក្តី តែដោយសារសំណុំរឿងនោះ ពាក់ព័ន្ធនឹងរឿងនយោបាយ ក៏ជាហេតុបង្កការព្រួយបារម្ភដល់ចៅក្រមដែរ ដែលធ្វើឲ្យចៅក្រម មិនហ៊ានសម្រេចសេចក្តីតាមឆន្ទានុសិទ្ធិរបស់ខ្លួន។ ពេលខ្លះ ដើម្បីអាចរក្សាមុខតំណែង និងមើលឃើញលាភសក្ការៈជាធំ ចៅក្រម ក៏សម្រេចសេចក្តីខុសពីមនសិការ។ ដូច្នេះហើយ ទើបទាមទារឲ្យចៅក្រម និងអ្នកអនុវត្តច្បាប់ផ្សេងទៀត ទុកយុត្តិធម៌ ឲ្យធំជាងសេចក្តីភ័យខ្លាច ធំជាងមុខតំណែង ធំជាងលាភសក្ការៈ។  
 
ចៅក្រម គឺជាអ្នកកំណត់វាសនារបស់អ្នកដទៃនៅក្នុងសំណុំរឿង។ មនុស្សទូទៅ ប្រព្រឹត្តខុស អាចកែប្រែកំហុសរួចជាការស្រេច តែបើចៅក្រម មានកំហុសក្នុងការសម្រេចសេចក្តី នឹងធ្វើឲ្យប៉ះពាល់ជីវិតអ្នកដទៃ។ ការកាត់ទោសខុស អាចបណ្តាលឲ្យមនុស្សម្នាក់ ជាប់ពន្ធនាគាររាប់ឆ្នាំដោយអយុត្តិធម៌ ហើយបើក្នុងប្រទេសនោះ មានច្បាប់ប្រហារជីវិត ការកាត់ទោសខុស អាចបណ្តាលឲ្យមនុស្សម្នាក់ ត្រូវប្រហារជីវិត។ នេះគ្រាន់តែឧបមាថា ចៅក្រម កាត់ទោសខុសដោយអចេតនាប៉ុណ្ណោះ ចុះទម្រាំចៅក្រម កាត់ទោសខុសដោយចេតនាទៀតនោះ តើអំពើអយុត្តិធម៌ នឹងមានទំហំធំប៉ុនណានិងមានចំនួនច្រើនប៉ុនណា?   
 
បើការកាត់ក្តី មិនមានភាពយុត្តិធម៌ ការប្រឆាំងតវ៉ា នឹងកើតមានឡើង។ បើភាពអយុត្តិធម៌ ដែលកើតចេញពីការកាត់ក្តី មានកាន់តែច្រើន ការប្រឆាំងតវ៉ា នឹងមានកាន់ច្រើនដូចគ្នា។ មិនមែនតែតុលាការទេ គឺអាចឈានដល់រដ្ឋាភិបាលថែមទៀត ដែលប្រឈមនឹងការប្រឆាំងតវ៉ា ហើយទីបំផុត អាចនាំឲ្យមានវិបត្តិសង្គម។ 
 
សម្រាប់អ្នករៀនច្បាប់ និងអ្នកអនុវត្តច្បាប់គ្រប់រូប ការចេះចាំច្បាប់ស្ទាត់ជំនាញ មិនទាន់អាចរួមចំណែកក្នុងការធ្វើឲ្យសង្គមមានយុត្តិធម៌នោះទេ គឺត្រូវទាមទារឲ្យពួកគេ មានយុត្តិធម៌ ក្នុងខ្លួនផងដែរ។ បើពួកគេ មានតែចំណេះដឹងច្បាប់ តែគ្មានយុត្តិធម៌ក្នុងខ្លួន ចំណេះដឹងច្បាប់របស់ពួកគេ គ្មានន័យអ្វីឡើយ។ 
 
ចំពោះរដ្ឋាភិបាលវិញ គឺត្រូវប្រឹងប្រែងធ្វើឲ្យប្រទេស មាននីតិរដ្ឋពិតប្រាកដ។ នីតិរដ្ឋ មានន័យថា ប្រទេសយកច្បាប់ជាធំ។ ការយកច្បាប់ជាធំ មានន័យថា ច្បាប់ធំជាងអ្វីៗទាំងអស់ ហើយមនុស្សគ្រប់រូប ត្រូវស្ថិតក្រោមច្បាប់។ ការយកច្បាប់ជាធំ គឺនាំឲ្យសង្គមមានយុត្តិធម៌និងសុខដុមរមនា។ 
 
ពាក្យយុត្តិធម៌ មានន័យថា អ្នកធ្វើខុស ត្រូវទទួលទោស ហើយអ្នកមិនខុស ត្រូវបានការពារ និងទទួលបានភាពស្អាតស្អំ។ អ្នកដែលអាចផ្តល់ភាពយុត្តិធម៌ និងអាចរកខុសរកត្រូវបាននោះ គឺចៅក្រម។ ដើម្បីអាចឲ្យចៅក្រម មានសិទ្ធិអំណាចពេញលេញក្នុងការស្វែងរកយុត្តិធម៌ ចៅក្រម មិនត្រូវស្ថិតក្រោមឥទ្ធិពលរបស់អ្នកនយោបាយឬស្ថាប័ណាឡើយ។ ចៅក្រម ត្រូវទទួលបានសិទ្ធិអំណាចគ្រប់គ្រាន់ ក្នុងការកាត់ទោសមនុស្សគ្រប់រូប រាប់ទាំងមេដឹកនាំកំពូលផងដែរ៕ 
 

Tag:
 ទស្សនៈអំពើច្បាប់
© រក្សាសិទ្ធិដោយ thmeythmey.com