អន្តរជាតិ
ការសិក្សា៖ ទឹកកកកតំបន់អាក់ទិកនៅរុស្ស៊ីរាប់ពាន់លានតោន រលាយព្រោះអាកាសធាតុក្តៅខ្លាំង
15, Aug 2021 , 4:39 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ផ្ទាំងទឹកកក និងដុំទឹកកកធំៗ នៅប្រជុំកោះ Novaya Zemlya និងកោះ Severnaya Zemlya ក្នុងតំបន់អាក់ទិករបស់រុស្ស៊ី ដែលមានទំហំរាប់ពាន់លានតោន បានរលាយដោយសារបម្រែបម្រួលអាកាសធាតុ។ ក្នុងមួយឆ្នាំៗ ទឹកកកតំបន់ភាគខាងជើងរុស្ស៊ីរលាយប្រមាណ ១១,៤ពាន់លានតោន ដែលស្ទើរតែអាចចាក់បំពេញអាងហែលទឹកអូឡាំពិកប្រមាណ ៥លានអាងឯណោះ។ នេះបើតាមការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Edinburgh ចុះផ្សាយលើទិនានុប្បវត្តិនៃការស្រាវជ្រាវភូមិសាស្ត្រ Earth Surface។


ការឡើងកម្ដៅ បានផ្តល់ផលប៉ះពាល់យ៉ាងខ្លាំងដល់ភពផែនដី ពិសេសការរលាយទឹកកកនៅតំបន់ប៉ូល និងធ្វើឱ្យកើនឡើងនៃកម្ពស់ទឹកសមុទ្រ។ ថ្មីៗនេះ វាមានការសិក្សាមួយរបស់សាកលវិទ្យាល័យ Edinburgh ដែលធ្វើឡើង ដើម្បីតាមដានការផ្លាស់ប្តូរកម្ពស់ និងទម្ងន់ដុំទឹកកកធំៗ និងផ្ទាំងទឹកកក។ ទិន្នន័យទាំងអស់ត្រូវបានប្រមូលមក ដោយប្រើផ្កាយរណបស្រាវជ្រាវ CryoSat-2 របស់ទីភ្នាក់ងារអវកាសអឺរ៉ុប។
 
ជាលទ្ធផល ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ការកើនឡើងកម្តៅជាកត្តាយ៉ាងសំខាន់ក្នុងការជំរុញឱ្យមានការរលាយទឹកកកពីប្រជុំកោះធំៗពីរ របស់រុស្ស៊ី នៅមហាសមុទ្រទឹកកកអាក់ទិក ដែលជាប់ព្រំដែនសមុទ្រ Kara។ ស្របគ្នានេះ បរិមាណទឹកកកដែលរលាយគិតតាំងពីឆ្នាំ២០១០ រហូតដល់ ២០១៨ បានធ្វើឱ្យនីវ៉ូទឹកសមុទ្រនៅហូឡង់កើនឡើងកម្ពស់ ២,១ម៉ែត្រ (៧ហ្វីត) បន្ថែម។ 
 
«តំបន់អាក់ទិករបស់រុស្ស៊ី មិនអាចធ្វើដំណើរចូលទៅដល់បានជ្រៅទេ ប៉ុន្តែទិន្នន័យផ្កាយរណបបានអនុញ្ញាតឱ្យយើងត្រួតពិនិត្យការផ្លាស់ប្តូរផ្ទាំងទឹកកក និងដុំទឹកកកធំៗ»។ អ្នកដឹកនាំការស្រាវជ្រាវ លោក Paul Tepes នៃសាលាភូគព្ភសាស្រ្តរបស់សាកលវិទ្យាល័យ Edinburgh បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា ដូចដែលបានសង្កេតឃើញនៅកន្លែងផ្សេងទៀតក្នុងពិភពលោក ការរលាយទឹកកកនៅក្នុងតំបន់អាក់ទិករបស់រុស្ស៊ី កំពុងកើនឡើងយ៉ាងខ្លាំង។ ខណៈអាកាសធាតុនៅតែបន្តកើនកម្តៅ ការរលាយទឹកកកនៅតំបន់អាក់ទិករបស់រុស្ស៊ីនឹងផ្តល់ផលប៉ះពាល់ ចំពោះការកើនឡើងកម្ពស់ទឹកសមុទ្រ។
 
ការវិភាគរបស់អ្នកសិក្សា បានបង្ហាញថាប្រជុំកោះ Novaya Zemlya និងកោះ Severnaya Zemlya នៃមហាសមុទ្រទឹកកកអាក់ទិករបស់រុស្ស៊ី ដែលមានផ្ទៃដីប្រហែល ៥ម៉ឺនម៉ាយការ៉េ បានបាត់បង់ទឹកកកប្រមាណ ១១,៤ ពាន់លានតោនជារៀងរាល់ឆ្នាំគិតតាំងពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៨។ លក្ខខណ្ឌនៅមហាសមុទ្រទឹកកកអាក់ទិក កាន់តែមានលក្ខណៈដូចនៅមហាសមុទ្រអាត្លង់ទិកខាងជើង ដោយសារអាកាសធាតុក្តៅឡើងៗ។ 
 
ដំណើររលាយទឹកកក បានក្លាយជាកត្តារំខានស្ថិរភាពនៃផ្ទាំងទឹកកក និងដុំទឹកកកធំៗ ក្នុងតំបន់ប៉ូល ហើយថែមទាំងអាចបង្កើនការបាត់បង់យ៉ាងច្រើនទៀត នាពេលអនាគត។ ការសិក្សានេះមានសារៈសំខាន់ ក្នុងការជួយព្យាករណ៍ពីការបាត់បង់ទឹកកក នាពេលអនាគត នៅក្នុងតំបន់ដែលរងផលប៉ះពាល់ស្រដៀងគ្នា ដោយសារ ការប្រែប្រួលសីតុណ្ហភាពបរិយាកាស៕
 

Tag:
 បម្រែបម្រួលអាកាសធាតុ
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com