COVID-19
ជាតិ
កម្ពុជាជួយមីយ៉ាន់ម៉ា២០ម៉ឺនដុល្លារ រួមទាំងឧបករណ៍វេជ្ជសាស្ត្រទប់ស្កាត់កូវីដ-១៩មួយចំនួន ពលរដ្ឋមីយ៉ាន់ម៉ា។ រូបភាព Xinhua
× តាមរយៈមជ្ឈមណ្ឌលអាស៊ានសម្រាប់សម្របសម្រួលជំនួយមនុស្សធម៌ (AHA Centre) កម្ពុជាសម្រេចផ្តល់ជំនួយ២០ម៉ឺនដុល្លារអាមេរិក និងឧបករណ៍វេជ្ជសាស្ត្រមួយចំនួនដល់មីយ៉ាន់ម៉ាក្នុងយុទ្ធនាការទប់ស្កាត់កូវីដ-១៩។
ការបរិច្ចាគគឺធ្វើឡើងក្នុងស្មារតីមិត្តភាព និងសាមគ្គីភាពរវាងប្រទេសទាំងពីរ។ នេះបើតាមខ្លឹមសារដែលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ញើទៅកាន់លោក មីង អោងលាំង មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១។
ប្រមុខរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ប្រាប់ ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ ថា ការសម្រេចបរិច្ចាគចំនួន២០ម៉ឺនដុល្លារអាមេរិកនេះ គឺបន្ថែមពីលើការសន្យារបស់កម្ពុជាចំនួន១០ម៉ឺនដុល្លារសម្រាប់ជំនួយមនុស្សធម៌អាស៊ាន។
តាមរយៈ AHA Centre ផងដែរ កម្ពុជា ក៏នឹងបរិច្ចាគដល់មីយ៉ាន់ម៉ា នូវឧបករណ៍វេជ្ជសាស្ត្រមួយចំនួន ដូចជា ម៉ាស ឧបករណ៍តេស្តរហ័ស សម្លៀកបំពាក់សុវត្ថិភាព-PPE ម៉ាស៊ីនផលិតអុកស៊ីសែនស្វ័យប្រវត្តិ ម៉ាស៊ីនជំនួយដល់ការដកដង្ហើម និងម៉ាស៊ីនតាមដានសញ្ញាជីវិត។
បើតាមសម្តេច ហ៊ុន សែន លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការ អន្តរក្រសួងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នឹងដឹកនាំគណៈប្រតិភូមួយក្រុម ដើម្បីប្រគល់ជូនអំណោយខាងលើនេះ តាមជើងហោះហើរពិសេស ដែលនឹងត្រូវរៀបចំឡើងដើម្បីទៅទីក្រុងណៃពិដោនាពេលខាងមុខ។
គិតត្រឹមរសៀលថ្ងៃទី១៧ ខែសីហា នេះ មីយ៉ាន់ម៉ា មានករណីឆ្លងកូវីដ-១៩ជាង៣៥.៦ម៉ឺននាក់ ក្នុងនោះស្លាប់ជាង១៣០០០នាក់ និងសះស្បើយជាង២៧.៥ម៉ឺននាក់។ រីឯនៅកម្ពុជា ករណីឆ្លងឆ្លងឡើងដល់៨៦ ៥៩៧ ក្នុងនោះស្លាប់១៧១៨នាក់ និងសះស្បើយ៨១ ៩១៨នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com