COVID-19
ជាតិ
អ្នកព្យាបាលកូវីដ-១៩តាមផ្ទះ ជាង៤ពាន់នាក់ ដោយគ្មានអ្នកស្លាប់ និងសះស្បើយ១,៤ពាន់នាក់
17, Aug 2021 , 7:59 pm        
រូបភាព
ពីឆ្វេងទៅ៖ លោក ហេង សុទ្ធី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល, លោក ង៉ូវ កាន រដ្ឋលេខាធិការក្រសួងសុខាភិបាល, លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ និងលោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ថ្លែងនៅក្នុងសន្និសីទកន្លងមក។
ពីឆ្វេងទៅ៖ លោក ហេង សុទ្ធី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល, លោក ង៉ូវ កាន រដ្ឋលេខាធិការក្រសួងសុខាភិបាល, លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ និងលោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ថ្លែងនៅក្នុងសន្និសីទកន្លងមក។
ភ្នំពេញ៖ អ្នកព្យាបាលកូវីដ-១៩តាមផ្ទះ មានជាង៤ពាន់នាក់ ក្នុងនោះជាសះស្បើយជាង១៤០០នាក់ និងគ្មានអ្នកស្លាប់ឡើយ។ លោក ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល វាយតម្លៃវិជ្ជមានលើការព្យាបាលតាមផ្ទះនេះ។

 
ដ្បិតទទួលបានលទ្ធផលល្អ ក្នុងការព្យាបាលតាមផ្ទះក្តី ក៏នៅមានប្រឈមខ្លះដែរ។ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោក ង៉ូវ កាង សង្កេតឃើញថា មានបញ្ហាខ្លះកើតឡើង ដោយសារអ្នកជំងឺនិងសមាជិកគ្រួសារមួយចំនួនតូច ពិបាករក្សាគម្លាត។ ក្រៅពីនេះ គឺមានអ្នកជំងឺខ្លះ បានលាក់បាំងព័ត៌មាន បន្ទាប់ពីពិនិត្យឃើញថា ខ្លួនបានឆ្លងកូវីដ-១៩។ 
 
ជុំវិញបញ្ហានេះ​ លោកស្នើឲ្យពលរដ្ឋរាយការណ៍ព័ត៌មានដល់ក្រសួងសុខាភិបាល បន្ទាប់ពិនិត្យឃើញកូវីដ-១៩ ។ លោកថ្លែងយ៉ាងដូច្នេះ៖ «សូមឲ្យពលរដ្ឋចុះឈរឈ្មោះរាយការណ៍ នូវពេលពិនិត្យឃើញវិជ្ជមានកូវីដ-១៩ មិនត្រូវសម្ងំលាក់ខ្លួនហើយមិនរាយការណ៍។ ពួកគាត់នឹងប្រឈមបញ្ហា ពិបាកស្វែងរកសេវាសង្គ្រោះភ្លាមៗ...និងប្រឈមមុខផ្លូវច្បាប់»។ 
 
សូមស្ដាប់ការបកស្រាយរបស់លោក ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល ដែលសាកសួរកញ្ញា ឡាយ សុភាវតី អ្នកសារព័ត៌មានថ្មីៗ ៖



 
ជុំវិញការទុកដាក់សំរាមវិញ លោក ង៉ូវ កាង ក៏បានស្នើឲ្យអ្នកប្រមូលសំរាម កុំខ្លាចរអាលអី ព្រោះក្រុមគ្រូពេទ្យ និងអាជ្ញាធរបានណែនាំ អ្នកព្យាបាលតាមផ្ទះឲ្យវេចខ្ចប់បានត្រឹមត្រូវហើយ។ ម្យ៉ាងទៀតមេរោគក្នុងសំរាមទាំងនោះ មិនអាចរស់បានឡើយ រយៈពេល៧២ម៉ោង។ ត្រង់នេះ បានន័យថា អាជ្ញាធរបានឲ្យអ្នកព្យាបាលតាមផ្ទះ វេចខ្ចប់សំរាមទុក៧២ម៉ោងសិន សឹមយកមកបោះចោល។ 
 
បើតាមរដ្ឋលេខាធិការក្រសួងសុខាភិបាល ការដាក់អ្នកជំងឺកូវីដ-១៩ព្យាបាលតាមផ្ទះនេះ បានជួយកាត់បន្ថយការកកស្ទះនៅតាមមណ្ឌលព្យាបាលយ៉ាងច្រើន ពោលគឺអាចទុកបម្រុងកន្លែង សម្រាប់ជួយសង្គ្រោះអ្នកកើតកូវីដ-១៩ធ្ងន់ធ្ងរ បានច្រើនជាងមុន។ 
 
គិតត្រឹមថ្ងៃទី១៧សីហានេះ កម្ពុ​ជាមាន​អ្នក​ឆ្លង​កូ​វីដ​-១៩ សរុប ៨៦.៥៩៧ នាក់ ក្នុងនោះ១៣.២៣៥នាក់ ជា​ករណី​នាំចូល​។ អ្នកជា​សះស្បើយ​មាន ៨១.៩១៨​នាក់  និង​ស្លាប់​សរុប​១.៧១៨នាក់​៕ 
 

Tag:
 ព្យាបាលតាមផ្ទះ
© រក្សាសិទ្ធិដោយ thmeythmey.com