អន្តរជាតិ
Facebook បិទគណនី WhatsApp ក្រុមតាលីបង់ក្រោមគោលការណ៍ប្រឆាំងស្ថាប័នគ្រោះថ្នាក់
18, Aug 2021 , 10:29 pm        
រូបភាព
អ្នកនាំពាក្យក្រុមហ៊ុន Facebook នៅថ្ងៃទី១៧ ខែសីហាបានប្រកាសហាមឃាត់គណនី WhatsApp ជាច្រើនដែលពាក់ព័ន្ធនឹងក្រុមតាលីបង់ បន្ទាប់ពីពួកគេបានគ្រប់គ្រងអាហ្វហ្កានីស្ថានជាថ្មី និងមាន បំណងប្រើប្រាស់កម្មវិធីទូរស័ព្ទនេះដើម្បីជួយការគ្រប់គ្រងរបស់ពួកគេ។ ប៉ុន្តែក្រុមតាលីបង់បានរិះគន់វិញ ថា ក្រុមហ៊ុនបណ្ដាញសង្គមនេះបានបិទសិទ្ធិរបស់ខ្លួនក្នុងការបញ្ចេញមតិ។

 
«ក្រុមតាលីបង់ត្រូវបានចាត់ទុលក្រុមភេវរករក្រោមច្បាប់អាមេរិក ហើយយើងបានហាមឃាត់គណនី របស់ពួកគេពីកម្មវិធីរបស់ពួកយើងក្រោមគោលការណ៍ប្រឆាំងស្ថាប័ន ឬក្រុមគ្រោះថ្នាក់ណាមួយ»។ អ្នកនាំពាក្យក្រុមហ៊ុន Facebook ប្រាប់បែបនេះទៅកាន់ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃទី១៧ ខែសីហា។ 
 
ជាមួយគ្នានេះដែរ អ្នកនាំពាក្យក្រុមហ៊ុនខាងលើនិយាយថា ខ្លួនបានធ្វើការងារជាមួយក្រុមអ្នកជំនាញ ជនជាតិអាហ្វហ្កានីស្ថានដែលប្រើប្រាស់ភាសាដើម Dari និង Pashto និងព្រមទាំងមានចំណេះដឹង មូលដ្ឋានអំពីបញ្ហានេះដើម្បីជួយណែនាំគោលការណ៍របស់ខ្លួនផងដែរ។ បើតាមអ្នកនាំពាក្យដដែល Facebook មិនសម្រេចចិត្តដោយខ្លួនឯងឡើយអំពីការទទួលស្គាល់រដ្ឋាភិបាលក្នុងប្រទេសណាមួយ ប៉ុន្តែក្រុមហ៊ុនគោរពសិទ្ធិរបស់អង្គការអន្តរជាតិក្នុងការសម្រេចចិត្តទាំងនេះ។
 
ចំណែកអ្នកនាំពាក្យក្រុមហ៊ុន WhatsApp ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP តាមសារអ៊ីម៉ែល ថា ក្រុមហ៊ុន របស់ខ្លួនត្រូវអនុវត្តតាមការកំណត់របស់អាមេរិក។ អ្នកនាំពាក្យដដែលបន្តថា ការហាមឃាត់គណនី នេះរួមមានគណនីដែលប្រើដោយក្រុមតាលីបង់ផ្ទាល់ គណនីផ្លូវការតំណាងឱ្យតាលីបង់ និងហាមឃាត់ការបញ្ចេញមតិគាំទ្រដល់ក្រុមនេះ។ ក្រុមហ៊ុន ក៏កំពុងតែស្វែងរកព័ត៌មានបន្ថែមពីអាជ្ញាធរ អាមេរិកដែលពាក់ព័ន្ធនៅអាហ្វហ្គានីស្ថានពីគណនីផ្សេងទៀតដែលអាចទាក់ទងក្រុមតាលីបង់។
 
ជុំវិញរឿងរ៉ាវខាងលើ ក្នុងសន្និសីទកាសែតនៅថ្ងៃទី១៧ ខែសីហា អ្នកនាំពាក្យតាលីបង់បានរិះគន់ ក្រុមហ៊ុន Facebook ថា ក្រុមហ៊ុននេះអះអាងខ្លួនជាអ្នកលើកកម្ពស់សេរីភាពនៃការបញ្ចេញមតិ ផ្ទុយទៅវិញការពិតនោះពួកគេបានបិទសិទ្ធិមិន អនុញ្ញាតឱ្យបង្ហោះផ្សាយព័ត៌មាន៕
 

Tag:
 តាលីបង់
© រក្សាសិទ្ធិដោយ thmeythmey.com