កីឡាអន្តរជាតិ
អន្តរជាតិ
រដ្ឋាភិបាលបុតស្វាណាជូនផ្ទះ១ខ្នងមាន២បន្ទប់ដល់ក្រុមជ័យលាភីមេដាយសំរឹទ្ធអូឡាំពិក
19, Aug 2021 , 8:29 am        
រូបភាព
ដោយ: រួបរួម
បុតស្វាណា ទទួលបានមេដាយសំរឹទ្ធ១ពីព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូ លើវិញ្ញាសារត់បណ្តាក់ចម្ងាយ៤គុណនឹង៤០០ម៉ែត្រ (4 X 400m Relay)។ រដ្ឋាភិបាលនៃប្រទេសអាហ្វ្រិកមួយនេះ បានសម្រេចផ្តល់រង្វាន់លើកទឹកចិត្តជាផ្ទះ១ខ្នងដែលមាន២បន្ទប់ ជូនដល់ជ័យលាភី៤រូប និងសមាជិក២នាក់ទៀតនៅក្នុងក្រុម។

 
នាការប្រកួតវគ្គផ្តាច់ព្រ័ត្រវិញ្ញាសារត់បណ្តាក់ 4x400m Relay នៅ Tokyo 2020 បុតស្វាណា ដែលមានកីឡាករ Issac Makwala, Baboloki Thebe, Zidane Ngozi និង Bayapo Ndori បានឈ្នះមេដាយសឹរិទ្ធ រីឯក្រុមអាម៉េរិកបានមេដាយមាស និងក្រុមហូឡង់ បានមេដាយប្រាក់។
 
នេះជាលើកទី២ក្នុងប្រវត្តិសាស្ត្របុតស្វាណា ដែលដណ្តើមបានមេដាយពីព្រឹត្តិការណ៍កីឡាអូឡាំពិក ដោយកាលពីឆ្នាំ២០១២នៅទីក្រុងឡុងដ៍ កីឡាករអត្តពលិក Nijel Amos បានឈ្នះមេដាយប្រាក់លើកដំបូងបំផុតលើវិញ្ញាសារត់ចម្ងាយ៨០០ម៉ែត្រ។


 
សម្រាប់ Tokyo 2020 នេះ ម្ចាស់មេដាយសំរឹទ្ធទាំង៤រូប Issac Makwala, Baboloki Thebe, Zidane Ngozi និង Bayapo Ndori រួមទាំងសមាជិកក្រុម២រូបទៀត គឺ Leungo Scotch និង Anthony Pasela ត្រូវបានរដ្ឋាភិបាលសម្រេចផ្តល់ផ្ទះម្នាក់១ខ្នង ដែលមាន២បន្ទប់។
 
យោងតាមការផ្សាយរបស់ BBC លោក Tumiso Rakgare រដ្ឋមន្ត្រីកីឡាបុតស្វាណា បានវាយតម្លៃថា ផ្ទះមួយខ្នងដែលមានពីរបន្ទប់ពិតជាមានតម្លៃលើសពីប្រាក់រង្វាន់ទៅទៀតសម្រាប់ក្រុមអត្តពលិក។ 
 
ការសម្រេចបានក្នុងថិរវេលា ២:៥៧.២៧ របស់ក្រុមបុតស្វាណា ជាកំណត់ត្រាថ្មីនៅអាហ្វ្រិក។ ក្រៅពីផ្ទះ និងប្រាក់រង្វាន់តាមគោលការណ៍ដែលបានកំណត់ ជ័យលាភីមេដាយសំរឹទ្ធទាំង៤ក៏ទទួលបានប្រាក់រង្វាន់បន្ថែមចំពោះការបំបែកកំណត់ត្រាប្រចាំទ្វីបផងដែរ។
 
បុតស្វាណាមានពលរដ្ឋប្រមាណ២.៣លាននាក់។ រដ្ឋមន្ត្រីកីឡា លោក Tumiso Rakgare បានលើកឡើងពីគុណបំណាច់របស់អត្តពលិក គ្រូបង្វឹក មន្ត្រីរដ្ឋបាល និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានជំរុញឲ្យវិស័យកីឡាក្នុងរដ្ឋអាហ្វ្រិកមួយ ទទួលបានជោគជ័យលើឆាកអន្តរជាតិ៕
 



Tag:
 Tokyo 2020
© រក្សាសិទ្ធិដោយ thmeythmey.com