អន្តរជាតិ
អេមីរ៉ាតអារ៉ាប់រួម ទទួលអតីតប្រធានាធិបតីអាហ្វហ្កានីស្ថាន ក្រោមហេតុផលមនុស្សធម៌ អតីតប្រធានាធិបតីអាហ្វហ្កានីស្ថាន លោក Ashraf Ghani។ រូបភាព៖ AFP
× អេមីរ៉ាតអារ៉ាប់រួម នៅថ្ងៃទី១៨ ខែសីហា បានបញ្ជាក់ថា ខ្លួនបានទទួលអតីតប្រធានាធិបតីអាហ្វហ្កានីស្ថាន លោក Ashraf Ghani ក្រោមហេតុផលមនុស្សធម៌។ លោក Ghani បានគេចខ្លួនចេញពីអាហ្វហ្កានីស្ថាន នៅពេលក្រុមតាលីបង់ បានស្ថិតនៅបិទច្រកក្រុងកាប៊ុលនាពេលកន្លងទៅ។
បន្ទាប់ពីគេចខ្លួនចេញពីប្រទេសនៅថ្ងៃទី១៥ ខែសីហាកន្លងមក លោកមិនត្រូវបានដឹងថាមានវត្តមាននៅប្រទេសណាឡើយ។ អ្នកនាំពាក្យស្ថានទូតរុស្ស៊ី បានលើកឡើងថា លោក Ghani បានភៀសខ្លួនជាមួយលុយពេញរថយន្តចំនួន ៤គ្រឿង និងលុយមួយចំនួនទៀត ដាក់ក្នុងឧទ្ធម្ភាគចក្រ។
បន្ទាប់ពីបាត់ដំណឹងបីថ្ងៃ អេមីរ៉ាតអារ៉ាប់រួម នៅថ្ងៃទី១៨ ខែសីហា បានចេញសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានទទួលលោក Ghani អតីតប្រធានាធិបតីអាហ្វហ្កានីស្ថាន។
«ក្រសួងការបរទេសអេមីរ៉ាតអារ៉ាប់រួម បានបញ្ជាក់ថា អេមីរ៉ាតអារ៉ាប់រួមបានទទួលស្វាគមន៍ លោក Ghani និងក្រុមគ្រួសារ ដោយផ្អែកលើហេតុផលមនុស្សធម៌»។ អេមីរ៉ាតអារ៉ាប់រួម បានសង្កត់ធ្ងន់បែបនេះ។ បន្ទាប់ពីគេចចេញពីអាហ្វហ្កានីស្ថាន អតីតមេដឹកនាំរូបនេះ បានអះអាងថា លោកចេញពីប្រទេស ដើម្បីបញ្ចៀសការបង្ហូរឈាម។
សូមបញ្ជាក់ថា នេះមិនមែនជាលើកទីមួយឡើយ ដែលអេមីរ៉ាតអារ៉ាប់រួម ទទួលអតីតមេដឹកនាំ។ នៅក្នុងឆ្នាំ២០១៧ ទីក្រុងឌូបៃ បានទទួល លោកស្រី យីងឡាក់ ស៊ីនណាវ៉ាត់ត្រា (Yingluck Shinawatra) អតីតនាយករដ្ឋមន្រ្តីថៃ។ នៅឆ្នាំ២០២០ ស្តេចអេស្ប៉ាញ Juan Carlos ក៏បាននិរទេសទៅអេមីរ៉ាតអារ៉ាប់រួមដែរ៕
Tag:
អាហ្វហ្កានីស្ថាន
អេមីរ៉ាតអារ៉ាប់រួម
© រក្សាសិទ្ធិដោយ thmeythmey.com