ជាតិ
សេដ្ឋកិច្ច
លោក អូន ព័ន្ធមុនីរ័ត្ន៖«ក្រសួងសេដ្ឋកិច្ច មិនឲ្យប្រទេស ធ្លាក់ក្នុងស្ថានភាពបំណុលវ័ណ្តកឡើយ ទោះកាលៈទេសៈណាក៏ដោយ»
19, Aug 2021 , 7:59 pm        
រូបភាព
លោក អូន ព័ន្ធមុនីរ័ត្ន ស្ថិតក្នុងជំនួបមួយជាមួយគណៈប្រតិភូសហភាពអឺរ៉ុប នៅទីស្តីការក្រសួងសេដ្ឋកិច្ច កាលពីចុងឆ្នាំ២០១៧។ រូបពីក្រសួងសេដ្ឋកិច្ច
លោក អូន ព័ន្ធមុនីរ័ត្ន ស្ថិតក្នុងជំនួបមួយជាមួយគណៈប្រតិភូសហភាពអឺរ៉ុប នៅទីស្តីការក្រសួងសេដ្ឋកិច្ច កាលពីចុងឆ្នាំ២០១៧។ រូបពីក្រសួងសេដ្ឋកិច្ច
លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច បានរំលេចឡើងពីភាពហ្មត់ចត់របស់រដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងសេដ្ឋកិច្ចរបស់លោកផ្ទាល់ លើការចាយវាយថវិកាជាតិ ក្នុងកាលៈទេសៈដែលកម្ពុជា កំពុងជួបការលំបាកខ្លាំង ដោយសារជំងឺកូវីដ-១៩។



លោក អូន ​ព័ន្ធមុនីរ័ត្ន បង្ហាញការប្តេជ្ញាចិត្តថា ក្រសួងសេដ្ឋកិច្ច នឹងធានាឲ្យបាននូវនិរន្តរភាពហិរញ្ញវត្ថុសាធារណៈ ព្រមទាំងធានាឲ្យបាននូវភាពជាម្ចាស់របស់កម្ពុជាលើការគ្រប់គ្រងជោគវាសនារបស់ខ្លួន ដោយមិនអនុញ្ញាតឲ្យប្រទេសជាតិធ្លាក់ចូលក្នុង «ស្ថានភាពបំណុលវ័ណ្តកឡើយ ទោះបីជាក្នុងកាលៈទេសៈណាក៏ដោយ»។ លោក អះអាងថា រដ្ឋាភិបាល ប្រឹងប្រែងប្រែក្លាយវិបត្តិជំងឺកូវីដ-១៩ ទៅជាឱកាស សម្រាប់ការកែទម្រង់កាន់តែស៊ីជម្រៅ ដើម្បីកសាងប្រព័ន្ធសេដ្ឋកិច្ចឲ្យកាន់តែរឹងមាំ។

ការអះអាងរបស់លោករដ្ឋមន្រ្តីសេដ្ឋកិច្ច ធ្វើឡើងក្នុងសិក្ខាសាលាស្តីពីការឈ្វេងយល់អំពីការកសាងក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ សម្រាប់ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីថវិកាជាតិឆ្នាំ២០២២។ សិក្ខាសាលានេះ ប្រព្រឹត្តទៅតាមប្រព័ន្ធអនឡាញ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១។ សុទ្ទរកថាទាំងស្រុងរបស់លោក ដែលលោក អានក្នុងសិក្ខាសាលា ត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុករបស់ក្រសួងសេដ្ឋកិច្ច។

នៅឆ្នាំ២០២០ កំណើតសេដ្ឋកិច្ចកម្ពុជា បានធ្លាក់ចុះក្នុងអត្រា -៣,១ភាគរយ។ ក្រសួងសេដ្ឋកិច្ច ព្យាករថា នៅឆ្នាំ២០២១ កំណើនសេដ្ឋកិច្ចកម្ពុជា អាចកើនឡើងក្នុងអត្រា៤ភាគរយវិញ។ តែក្រសួងសេដ្ឋកិច្ច បានព្យាករសាជាថ្មីថា ដោយសារព្រឹត្តិការណ៍២០កុម្ភៈ កំណើនសេដ្ឋកិច្ចកម្ពុជា នឹងអាចកើនឡើងត្រឹមតែ២,៤ភាគរយប៉ុណ្ណោះ ក្នុងឆ្នាំ២០២១។ ការរាលដាលជំងឺកូវីដ-១៩ បានបន្ទច់បង្អាក់ដល់សកម្មភាពពាណិជ្ជកម្ម ដែលធ្វើឲ្យវិស័យទេសចរណ៍ វិស័យសំណង់ និង វិស័យអចលនទ្រព្យ ជាដើម បន្តធ្លាក់ចុះយ៉ាងគំហុក។

បើតាមសុទ្ទរកថារបស់លោក អូន ព័ន្ធមុនីរ័ត្ន នៅឆ្នាំ២០២១ រដ្ឋាភិបាល បានត្រៀមថវិកាប្រមាណ៧១៩លានដុល្លារ ដើម្បីចំណាយលើបញ្ហាកូវីដ-១៩។ សុទ្ទរកថារបស់លោក បានឲ្យដឹងទៀតថា ដោយសារការរាលដាលជំងឺកូវីដ-១៩ កើនឡើងកាន់តែខ្លាំង ហើយជំងឺកូវីដ-១៩ប្រភេទដែលតា ថែមទាំងហូរចូលមកដល់កម្ពុជាទៀតនោះ ទំហំថវិកាសម្រាប់ធ្វើអន្តរាគមន៍លើបញ្ហាជំងឺកូវីដ-១៩ ក្នុងឆ្នាំ២០២១ អាចនឹងឡើងដល់១៤៥៤លានដុល្លារ។

លោករដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច លើកឡើងថា ការរីកធំនៃឱនភាពថវិកា មិនទាន់ជាបញ្ហាចោទធំដុំសម្រាប់រដ្ឋាភិបាលទេ ដោយសារតម្រូវការថវិកានេះ ត្រូវបានបំពេញមកវិញតាមរយៈការបញ្ចេញបន្ថែមនូវប្រាក់សន្សំរបស់រដ្ឋាភិបាល ដែលអនុញ្ញាតឲ្យកម្ពុជា បន្តគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយទំនុចិត្ត ភាពរឹងមាំ និង ភាពជាម្ចាស់ការ។

លោក បញ្ជាក់ក្នុងសុន្ទរកថារបស់លោកថា«អ្វីដែលកម្ពុជា មាននាពេលនេះ ពុំមែនកើតឡើងដោយចៃដន្យនោះទេ។ ប្រាក់សន្សំទាំងនោះ គឺកើតចេញពីការគិតគូរប្រកដដោយភាពមធ្យ័ត និងចក្ខុវិស័យវែងឆ្ងាយ ក្នុងការគ្រប់គ្រងធនធានថវិកាជាតិ និងជាផ្លែផ្កានៃការខិតខំប្រឹងប្រែងក្នុងកិច្ចការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ក្នុងរយៈពេលជាង២ទសវត្សរ៍កន្លងមក ដែលនាំឲ្យកម្ពុជា អាចរក្សាបាននូវទ្រនាប់ថវិកា ក្នុងកម្រិតសមរម្យមួយ ព្រមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាចំពោះមុខ ដូចដែលកំពុងកើតមាននាពេលបច្ចុប្បន្ន»។

នៅឆ្នាំ២០២២ ក្រសួងសេដ្ឋកិច្ច រំពឹងថា កំណើតសេដ្ឋកិច្ចកម្ពុជា នឹងសម្រេចបានក្នុងអត្រា ៤,៨ភាគរយ ដោយសារជំងឺកូវីដ-១៩ អាចនឹងធូរស្រាល ព្រមទាំងកម្ពុជា អាចសម្របខ្លួននឹងជំងឺនេះ បន្ទាប់ពីប្រជាជនភាគច្រើន បានចាក់វ៉ាក់សាំង។ លោក អូន ព័ន្ធមុនីរ័ត្ន មើលឃើញថា នៅឆ្នាំ២០២២  វិស័យសំខាន់ៗនៅកម្ពុជា នឹងចាប់ផ្តើមងើបសន្សឹមៗឡើងវិញ៕

Tag:
 COVID-19
  អូន ព័ន្ធមុនីរ័ត្ន
  ថវិកាជាតិ
  បំណុល
© រក្សាសិទ្ធិដោយ thmeythmey.com