កីឡាអន្តរជាតិ
អន្តរជាតិ
ខ្សែការពារ Galatasaray បានកាតក្រហម ក្រោយវាយមិត្តរួមក្រុមខ្លួនឯង
19, Aug 2021 , 6:07 pm        
រូបភាព
Marcao ខ្សែការពារក្រុម Galatasaray ត្រូវបានពិន័យកាតក្រហមបន្ទាប់ពីវាយមិត្តរួមក្រុមរបស់ខ្លួន ក្នុងការប្រកួតបើកឆាកលីគកំពូលតួកគី នៅថ្ងៃទី១៧ ខែសីហា។


ខ្សែការពារសញ្ជាតិប្រេស៊ីលរូបនេះ បានប្រើហិង្សាលើមិត្តរួមក្រុមខ្លួនខ្សែបម្រើ Muhammed Kerem Akturkoglu នៅពាក់កណ្តាលតង់ទី២ ពោលគឺអំឡុងពេល Galatasaray នាំមុខម្ចាស់ផ្ទះ Giresunspor ២-០។
 
Marcao ហាក់ដូចជាមិនពេញចិត្តនឹងអ្វីដែល Akturkoglu បានធ្វើលើទីលាន។ Akturkoglu កីឡាករអន្តរជាតិតួកគី បាននិយាយ និងប្រើសញ្ញាដាក់ម្រាមដៃលើបបូតមាត់ដាក់ Marcao ហើយភ្លាមនោះ Marcao ក៏តរត់ទៅបុក និងវាយលើមុខរបស់ Akturkoglu តែម្តង។


 
ខ្សែការពារកណ្តាលអន្តរជាតិប្រេស៊ីល វ័យ២៥ឆ្នាំ ក៏ទទួលបានកាតក្រហមពីលោកអាជ្ញាកណ្តាលក្រោយប្រើហិង្សាលើទីលាន ក្នុងការប្រកួតបើកឆាករដូវកាលថ្មីនោះតែម្តង។
 
លោក Fatih Terim អ្នកចាត់ការទូទៅ Galatasaray ថា បញ្ហារបស់កូនក្រុមលោកនេះ មិនមែនជារឿងធម្មតាទេ។ «យើងទាំងអស់គ្នាមានការឈ្លោះប្រកែកគ្នាគ្រប់ប្រភេទ នៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ និងនៅលើទីលាន។ តែនេះគឺជាលើកទីមួយហើយ ដែលខ្ញុំបានឃើញហិង្សាបែបនេះជាមួយមិត្តរួមក្រុមផ្ទាល់នៅលើទីលាន។ យើងមិនដឹងថាមានអ្វីកើតឡើងនៅឡើយទេ។ យើងនឹងដោះស្រាយបញ្ហានេះ»។ នេះជាការបញ្ជាក់របស់លោក Terim។
 
ក្រោយការពិនិត្យមើលវីដេអូឡើងវិញ Marcao អាចនឹងត្រូវពិនន័យមិនឱ្យចូលរួមប្រកួតរយៈពេលយូរ ។ បើតាមលោក Terim កូនក្រុមខ្លួនរូបនេះ ត្រូវចូលខ្លួនទៅសុំទោស Akturkoglu និងមិត្តរួមក្រុម រួមទាំងអ្នកគាំទ្រក្រុម Galatasaray។
 
Marcao បានក្លាយជាកីឡាករសំខាន់របស់ Galatasaray ចាប់តាំងពីរូបគេផ្លាស់ពីក្រុម Grupo Desportivo de Chaves នៅព័រទុយហ្កាល់ កាលពីឆ្នាំ ២០១៩។ មកទល់ពេលនេះ Marcao បង្ហាញខ្លួន១០៧ប្រកួតហើយ សម្រាប់ក្រុមដែលឈ្នះជើងឯកលីគកំពូលតួកគី Super Lig ច្រើនជាងគេចំនួន២២សម័យកាល៕
 

Tag:
 Galatasaray
  Marcao
© រក្សាសិទ្ធិដោយ thmeythmey.com