កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករបាល់ទាត់អាហ្វហ្គានីស្ថានម្នាក់ ស្លាប់ដោយសារធ្លាក់ពីយន្តហោះអាមេរិក
20, Aug 2021 , 11:13 am        
រូបភាព
កីឡាករបាល់ទាត់វ័យក្មេងអាហ្វហ្គានីស្ថានម្នាក់ ស្ថិតក្នុងចំណោមអ្នកធ្លាក់ស្លាប់ នៅពេលព្យាយាមតោងយន្តហោះយោធាអាមេរិកដើម្បីចាកចេញពីអាកាសយានដ្ឋានក្រុងកាប៊ុល។ នេះបើតាមការបញ្ជាក់របស់អាជ្ញាធរអាហ្វហ្គានីស្ថាន។


អត្ថបទទាក់ទង
 
 
ចាប់តាំងពីក្រុមតាលីបង់ដណ្តើមបានអាហ្វហ្គានីស្ថានជាថ្មី មនុស្សរាប់ពាន់នាក់បានសម្រុកទៅព្រលានយន្តហោះក្រុងកាប៊ុល ខណៈប្រទេសលោកខាងលិចប្រញាប់ប្រញាល់ជម្លៀសពលរដ្ឋ និងសហការីអាហ្វហ្គានីស្ថានចេញពីប្រទេសនេះ។
 
ប្រជាជនអាហ្វហ្គានីស្ថាន​ បានព្យាយាមរត់ឡើងយន្តហោះយោធាអាមេរិក ដើម្បីភៀសខ្លួន។ យ៉ាងណាក៏ដោយ តាមរយៈវីដេអូដ៏គួរឱ្យសង្វេគ បានចែកចាយលើអ៊ីនធឺណិត អ្នកខ្លះបានចូលក្នុងយន្តហោះដោយសុវត្ថិភាព អ្នកខ្លះមិនបានចូល ហើយក៏មានអ្នកស្លាប់ក្នុងហេតុការណ៍នោះផងដែរ។ អ្នកស្លាប់ទាំងនោះ ត្រូវបានគេជឿជាក់ថា បានធ្លាក់ពី​អាកាស ខណៈពួកគេព្យាយាមតោងយន្តហោះដែលហោះផុតពីដីច្រើនរយម៉ែត្រទៅហើយ។
 
Zaki Anwari វ័យ១៧ឆ្នាំ ដែលជាកីឡាករ របស់ក្រុមយុវជនជម្រើសជាតិអាហ្វហ្គានីស្ថាន ក៏ស្ថិតក្នុងចំណោមអ្នកស្លាប់នោះដែរ។ បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters យុវជនរូបនេះ បានធ្លាក់ពីយន្តហោះ USAF Boeing C-17 ហើយការស្លាប់នេះ ត្រូវបានបញ្ជាក់ដោយអគ្គនាយកដ្ឋានកីឡាអាហ្វហ្គានីស្ថាន។ ព័ត៌មានលម្អិតបន្ថែម អំពីពេលវេលាដែល Anwari ស្លាប់ មិនត្រូវបានបង្ហាញនោះទេ។
 
ទីភ្នាក់ងារសារព័ត៌មានអាហ្វហ្គានីស្ថាន ផ្សាយថាមនុស្សយ៉ាងតិច២នាក់បានស្លាប់ ដោយសាធ្លាកពីលើយន្តហោះភ្លាមៗ។ ដោយឡែកកងទ័ពអាកាសអាមេរិក ក៏បានបញ្ជាក់ផងដែរថា ពួកគេបានឃើញសាកសព ក្នុងប្រអប់ផ្ទុកកង់យន្តហោះ នៅពេលយន្តហោះចុះចតនៅប្រទេសកាតា។
 
អគ្គនាយកដ្ឋានអប់រំកាយ និងកីឡាអាហ្វហ្គានីស្ថាន តាមរយៈហ្វេសប៊ុកផ្លូវកាបានផ្តល់ការគោរពដល់ Anwari។ «សូមឱ្យគាត់សម្រាកនៅឋានសួគ៌ ហើយអធិស្ឋានដល់ព្រះ សម្រាប់គ្រួសារមិត្តភក្តិរបស់ Anwari »។
 
នៅលើបណ្តាញសង្គម ក៏មានអ្នកផ្សេងទៀត បានចែករំលែកការគោរពដល់អ្នកស្លាប់ រួមទាំងប្រជាជនអាហ្វហ្គានីស្ថានទាំងអស់ ដែលកំពុងជាប់វិបត្តិនយោបាយ ក្រោយការចាកចេញរបស់កងទ័ពអាមេរិក៕
 

Tag:
 អាហ្វហ្គានីស្ថាន
  តាលីបង់
© រក្សាសិទ្ធិដោយ thmeythmey.com