កីឡាអន្តរជាតិ
អន្តរជាតិ
សុបិនទៅចូលរួមប៉ារ៉ាឡាំពិករបស់អត្តពលិកអាហ្វហ្គានីស្ថាន ត្រូវអាក់ខាន ដោយសារវិបត្តិក្នុងស្រុក
18, Aug 2021 , 5:34 pm        
រូបភាព
ក្តីសុបិនរបស់អត្តពលិកអាហ្វហ្គានីស្ថានពីររូបក្នុងការទៅចូលរួមព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិកតូក្យូ ឆ្នាំ២០២០ ត្រូវបានបំផ្លាញទាំងស្រុង បន្ទាប់ពីក្រុមតាលីបង់ចូលក្តោបក្តាប់ក្រុងកាប៊ុលសារជាថ្មីកាលពីចុងសប្តាហ៍មុន។



ក្រុមតាលីបង់បានទទួលជ័យជម្នះលើកម្លាំងរដ្ឋាភិបាលអាហ្វហ្កានីស្ថាន និងបានចូលកាន់កាប់ក្រុងធំៗ រួមទាំងក្រុងកាប៊ុលរួចរាល់ហើយ។ ក្រោយចូលកាន់កាប់សារជាថ្មីក្រោយរយៈពេល២០ឆ្នាំ ក្រុមតាលីបង់ដែលអនុវត្តគោលការណ៍សាសនាតឹងរ៉ឹងលើស្រ្តី និងក្មេងស្រី បានបិទព្រំដែនប្រទេសទៀតផង។ 
 
ដោយសារការបិទព្រំដែននេះ បានធ្វើឱ្យអត្តពលិកអាហ្វហ្គានីស្ថានពីររូប ត្រូវខកខានមិនបានទៅចូលរួមការប្រកួតកីឡាប៉ារ៉ាឡាំពិកក្រុងតូក្យូ ដែលនឹងបើកដំណើរការចាប់ពីថ្ងៃទី២៤ ខែសីហាតទៅ។
 
លោក Arian Sadiqi ប្រធានបេសកកម្មរបស់គណៈកម្មាធិការប៉ារ៉ាឡាំពិកអាហ្វហ្គានីស្ថានដែលមានមូលដ្ឋាននៅក្រុងឡុងដ៍ បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែសីហាថាអត្តពលិកតេក្វាន់ដូ Zakia Khudadadi និងកីឡា Hossain Rasouli នឹងមិនអាចចូលរួមការប្រកួតបានទេ។
 
Khudadadi វ័យ២៣ឆ្នាំនឹងក្លាយជាអត្តពលិកស្ត្រីដំបូងគេពីអាហ្វហ្គានីស្ថានប្រសិនបើនាងអាចចូលរួមក្នុងព្រឹត្តិការណ៍ប៉ារ៉ាឡាំពិកក្រុងតូក្យូ។ ប៉ុន្តែក្តីស្រម៉ៃរបស់នាងបានបំផ្លាញអស់ទៅហើយ ក្រោយការកាន់របស់របស់ក្រុមតាលីបង់។ កីឡាករ Rasouli ក៏ត្រូវបញ្ចប់សុបិនចូលរួមកីឡាលំដាប់ពិនេះដូចគ្នា។
 
«ជាអកុសលដោយសារតែបញ្ហានយោបាននៅអាហ្វហ្គានីស្ថានក្រោយការកាន់កាប់របស់ក្រុមតាលីបង់ អត្តពលិកទាំងពីរនេះមិនអាចចាកចេញពីក្រុងកាប៊ុលបាននោះទេ»។ នេះជាការបញ្ជាក់របស់លោក Sadiqi មុនបន្ថែមថា បើតាមការកំណត់ Khudadadi និង Rasouli ត្រូវទៅដល់ក្រុងតូក្យូនៅថ្ងៃទី១៧ ខែសីហា។
 
បើតាមកាសែត Al Jazeera លោក Craig Spence អ្នកនាំពាក្យគណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ (IPC) បញ្ជាក់ថា គណៈកម្មាធិការប៉ារ៉ាឡាំពិកជាតិអាហ្វហ្គានីស្ថាន (NPC) មានការសោកស្តាយយ៉ាងខ្លាំង ដែលអាហ្វហ្កានីស្ថានមិនធ្លាប់ចូលរួមប៉ារ៉ាឡាំពិកសោះនោះ ត្រូវខកខានឱកាសជាថ្មីទៀត៕
 
 

Tag:
 តាលីបង់
  Olympic
© រក្សាសិទ្ធិដោយ thmeythmey.com