COVID-19
ជាតិ
សង្គមជាតិ
មនុស្ស៩៥នាក់ ត្រូវបានបញ្ជូនទៅតុលាការ ដោយសារល្មើសវិធានការដ្ឋបាល​
21, Aug 2021 , 3:32 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ អាជ្ញាធរបានណែនាំ និងឃាត់ខ្លួនជាង៣,៥ម៉ឺននាក់ ដែលល្មើសវិធានការរដ្ឋបាល និងវិធានការសុខាភិបាល គិតចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១។ ក្នុងប្រតិបត្តិការនោះ អាជ្ញាធរក៏បានឃាត់ខ្លួន និងបញ្ជូនមនុស្សចំនួន៩៥នាក់ទៅតុលាការផងដែរ។ 

 
លោក គឹម សន្តិភាព ​រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអ្នកនាំពាក្យគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឹកូវីដ-១៩ បានបញ្ជាក់នៅក្នុងហ្វេសប៊ុកថា អាជ្ញាធរបានបង្រ្កាបសកម្មភាពល្មើសវិធានការសរុប ១៧,៩៩៦ករណី គិតត្រឹមថ្ងៃទី២០ ខែសីហា។ ជាមួយគ្នានោះអាជ្ញាធរឃាត់ បានមនុស្សជាង៣,៥នាក់ ដោយក្នុងនោះជនបរទេស ២១៩នាក់។ 
 
បើតាមលោក គឹម សន្តិភាព ក្នុងចំណោមមនុស្សជាង៣,៥ម៉ឺននាក់នោះ គឺអាជ្ញាធរអប់រំ​ និងណែនាំចំនួនជាង៣ម៉ឺននាក់ និងពិន័យជាទឹកប្រាក់ចំនួន១,២ពាន់នាក់ និងបញ្ជូនទៅតុលាការ៩៥នាក់ ក្នុងនោះមានជនបរទេសម្នាក់ ដើម្បីដោះស្រាយតាមនិតីវិធីច្បាប់។​
 
ក្នុងប្រតិបត្តិការនេះ អាជ្ញាធរបានឃាត់យានយន្តសរុបជាង១,៥ពាន់គ្រឿង ក្នុងនោះរថយន្តមាន៥,៩៨១គ្រឿង និងម៉ូតូ៩,២៦១គ្រឿង។ ទន្ទឹមនឹងនេះ អាជ្ញាធរក៏បានចុះបិទទីតាំងអាជីវកម្មចំនួន៥កន្លែងផងដែរ។ 
 
កាលពីថ្ងៃទី១៩ សីហា សម្តេច ហ៊ុន សែន សម្រេច​​បញ្ចប់​យុទ្ធនា​ការពង្រឹង​វិធានការ​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ពី​មេរោគ​បំប្លែង​ខ្លួន​ថ្មី ប្រភេទ​ដែល​តា (Delta) នៅ​ទូទាំងប្រទេស ក្រោយ​អនុវត្តបាន​២១​ថ្ងៃ​។ ប៉ុន្តែ សម្តេច អនុញ្ញាតឱ្យរដ្ឋបាលរាជធានី-ខេត្តទាំងអស់ ដាក់វិធានការរដ្ឋបាល វិធានការសុខាភិបាល និងវិធានការច្បាប់ ទៅតាមស្ថានភាពជាក់ស្តែងនៃការឆ្លងរាលជំងឺកូវីដ-១៩៕  ​
 
 
 

Tag:
 វិធានការរដ្ឋបាល
 ​ជំងឺកូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com