ជាតិ
សង្គមជាតិ
មនុស្សចាស់វ័យលើស១០០ឆ្នាំ ​ចំនួន៦៤នាក់ហើយ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩
22, Aug 2021 , 6:59 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ មនុស្សវ័យលើស១០០ឆ្នាំ ដល់១១៣ឆ្នាំ ចំនួន៦៤នាក់ហើយ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩។ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងបែបនេះ​ក្នុងឱកាសប្រគល់អំណោយរបស់សម្តេចនាយករដ្ឋមន្ត្រី ដល់ដូនចាស់ នៅស្រុករមាសហែក ខេត្តស្វាយរៀងនាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១។

 
អ្នកស្រី​​ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងអ្នកនំាពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា ក្នុងប្រតិបត្តិការរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ជូនពលរដ្ឋ រយៈពេល៦ខែមកនេះ គឺមានមនុស្សចាស់អាយុចាប់ពី១០០ឆ្នាំ​ ទៅ១១៣ឆ្នាំ ចំនួន៦៤នាក់ហើយ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងនោះមានមនុស្សវ័យចាស់ជាស្ត្រីចំនួន៣៩នាក់។ 
 
លោកស្រីរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងសុខាភិបាល បានរៀបរាប់ដូច្នេះថា​៖«អ្វីដែលជាការកត់សម្គាល់ គឺពួកគាត់សុទ្ធសឹងជាអ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងដោយខ្លួនឯងតែម្តង ដោយគ្មានអ្នកណាបង្ខិតបង្ខំគាត់ឡើយ ដោយគាត់យល់ឃើញថាវ៉ាក់សាំងនឹងជួយដល់សុខភាពរបស់ពួកគាត់ និងជួយការពារសរីរាង្គរបស់គាត់ឲ្យមានភាពមាំទាំល្អ»។ 
 
ដើម្បីលើកទឹកចិត្តដល់មនុស្សចាស់ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងសុខាភិបាលបានពាំនាំថវិកា ឬអំណោយមួយចំនួនរបស់រដ្ឋាភិបាល ជូនទៅមនុស្សចាស់ទាំង៦៤នាក់នោះ។  


 
របាយការណ៍ជំរឿនឆ្នាំ២០១៩បានបង្ហាញថា នៅកម្ពុជា​មានមនុស្សអាយុចាប់ពី៦០ឆ្នាំឡើងទៅចំនួនជាង១,៣លាននាក់ ឬស្មើនឹង៨,៩ភាគរយ ក្នុងនោះស្រីចំនួនជាង៨សែននាក់។ ក្នុងនោះមនុស្សចាស់អាយុលើស១០០ឆ្នាំគឺមានជាង២ពាន់នាក់។​ បើតាមរបាយការណ៍ដដែល ក្នុងចំណោមមនុស្សចាស់អាយុ៦០ឆ្នាំឡើងទៅចំនួន១,៣លាននាក់ គឺ មនុស្សចាស់នៅទីប្រជុំជនមាន៨,២ភាគរយ ចំណែកមនុស្សចាស់នៅទីជនបទមានចំនួន៩,៣ភាគរយ។ 
 
គិតត្រឹមថ្ងៃទី២២ ខែសីហា កម្ពុជាមានពលរដ្ឋចំនួនជាង៩,៦លាននាក់ហើយដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩​ ឬស្មើនឹង៦០,១៥ភាគរយនៃផែនការចាក់វ៉ាក់សាំងកូវីដ-១៩ដល់ពលរដ្ឋសរុប១៦លាននាក់។ ក្នុងចំណោមអ្នកចាក់វ៉ាក់សាំងកូវីដ-១៩ជាង៩,៦លាននាក់នោះ គឺមានជាង៧,៨លាននាក់ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ទាំង២ដូស និងមានជាង៤៧ម៉ឺននាក់ចាក់វ៉ាក់សាំងកូវីដ-១៩ដូសទី៣ ឬដូសជំរុញ។ 
 
កម្ពុជា មានវ៉ាក់សាំងជាង២៤លានដូសហើយ សម្រាប់ចាក់ឱ្យពលរដ្ឋ។ ក្នុងនោះ Sinovac ជាង១៤,៥លានដូស , Sinopharm ៦,២លានដូស ដែលជាជំនួយ និងការបញ្ជាទិញពីចិន។ ក្រៅពីនេះ អាមេរិក ក៏បានផ្ដល់វ៉ាក់សាំង Jonhson &Jonhson ជាង១លានដូស តាមរយៈCOVAX។ រីឯជប៉ុនផ្ដល់វ៉ាក់សាំង AstraZeneca ១,៣ លានដូស ខណៈអង់គ្លេសផ្ដល់វ៉ាក់សាំងប្រភេទនេះឱ្យកម្ពុជា ចំនួន៤១ម៉ឺនដូសដែរ។ ចំណែកកម្មវិធី COVAX ក៏បានផ្ដល់វ៉ាក់សាំង AstraZeneca ចំនួន៣២៤,០០០ដូស៕ 



Tag:
 មនុស្សចាស់
 វ៉ាក់សាំងកូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com