អន្តរជាតិ
តើមនុស្សនឹងមានត្រីបរិភោគជារៀងរហូតដែរឬទេ?
23, Aug 2021 , 9:59 am        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ស្របពេលដែលសង្គមកាន់តែអភិវឌ្ឍន៍ មនុស្សកាន់តែមានការយល់ដឹងច្រើន និង​ចាប់ផ្តើមខ្វល់ខ្វាយពីសុខភាពខ្លួន។ មនុស្សម្នាក់ៗយកចិត្តទុកដាក់លើរបបអាហារ​ប្រចាំថ្ងៃ ដោយព្យាយាមកាត់បន្ថយការបរិភោគពពួកសាច់ក្រហម និងជ្រើសយកការ​បរិភោគសាច់ត្រីជំនួស។ អាស្រ័យហេតុនេះ វាក៏មានការចោទជាសំណួរឡើង ថាតើមនុស្ស​នឹងមានត្រីសម្រាប់បរិភោគ បានជារៀងរហូតដែរឬយ៉ាងណា។ អត្ថបទនេះនឹងបកស្រាយសំណួរ​ខាងលើ ដោយផ្តល់ដំណោះស្រាយរួមទៅជាមួយផងដែរ។


 
ត្រី គឺជាអាហារមួយដ៏មានអត្ថប្រយោជន៍ខ្លាំងចំពោះសុខភាព។ វាជាប្រភពប្រតេអ៊ីន អាស៊ីតខ្លាញ់អូមេហ្គា-៣ និងអូមេហ្គា-៦ រួមទាំងជាតិរ៉ែ និងវីតាមីនជាច្រើនមុខទៀត។ អ្នកបរិភោគត្រីច្រើន អាចកាត់បន្ថយហានិភ័យជំងឺបេះដូង ជំងឺរលាករ៉ាំរ៉ៃដែលអាចប៉ះ​ពាល់ដល់សមត្ថភាពនៃប្រព័ន្ធភាពស៊ាំ និងជួយបង្កើនសមត្ថភាពខួរក្បាល។ នេះជាមូលហេតុ ធ្វើឱ្យមនុស្សភាគច្រើនជ្រើសបរិភោគត្រីជាជាងបរិភោគសាច់ជ្រូក សាច់គោ។
 
នៅពេលតម្រូវការត្រីមានការកើនឡើងខ្ពស់ វាបានជំរុញឱ្យមានសកម្មភាពនេសាទខុស​ច្បាប់ រួមទាំងការបំពុលទឹកដែលអាចប៉ះពាល់ដល់ជីវិតត្រី និងសត្វក្នុងទឹកផ្សេងទៀត។ វាក៏បានក្លាយជាបញ្ហាចោទថាតើ ត្រីអាចផុតពូជដែរឬយ៉ាងណានៅថ្ងៃអនាគត។ តាមការសិក្សា ត្រីអាចនឹងផុតពូជប្រសិន បើគ្មានការគ្រប់គ្រង់ឱ្យបានត្រឹមត្រូវ។ 
 
ក្រុមប្រឹក្សាគ្រប់គ្រងដែនសមុទ្រអង់គ្លេស (MSC) បានអះអាងថា ការនេសាទត្រី នឹង​ប្រកបដោយនិរន្តរភាព ប្រសិនបើគោរពតាមគោលការណ៍ ៣យ៉ាងរួមមាន ការបង្កើតកន្លែង​ស្តុកត្រីប្រកបដោយនិរន្តរភាព, កាត់បន្ថយសកម្មភាពដែលប៉ះពាល់បរិស្ថាន, និងការគ្រប់​គ្រងសកម្មភាពនេសាទប្រកបដោយប្រសិទ្ធភាព។ MSC ក៏បានបន្ថែមថា បរិមាណត្រីនឹង​អាចកើនឡើងវិញ ប្រសិនបើវាត្រូវបានគ្រប់គ្រង់ដោយប្រុងប្រយ័ត្នក្នុងរយៈពេលវែង។ 
 
លោក Josep Lloret ប្រធានវិទ្យាស្ថានស្រាវជ្រាវផ្នែកមហាសមុទ្រនិងសុខភាពមនុស្ស​នៅសាកលវិទ្យាល័យ Girona របស់អេស្ប៉ាញ បានឯកភាពថា ការនេសាទប្រកបដោយ​និរន្តរភាព អាចធ្វើទៅបានដែរ ប៉ុន្តែវាមានបញ្ហាប្រឈមខ្លាំង។
 
និរន្តរភាពនៃជីវិតសត្វត្រី ក៏ដូចជាសត្វសមុទ្រទាំងអស់ គឺជាបញ្ហាសកល។ ដូចនេះគ្រប់គ្នាត្រូវ​តែចូលរួមការពារ។ ការគ្រប់គ្រង់សកម្មភាពនេសាទតែមួយ មិនអាចដោះស្រាយបញ្ហានេះ​បានទេ បើតម្រូវការរបស់មនុស្សនៅតែមានច្រើន។ ដូច្នេះ ការចិញ្ចឹមត្រី គឺជាជម្រើសល្អ​មួយសម្រាប់ជំនួសការនេសាទ និងគ្រប់គ្រាន់សម្រាប់តម្រូវការមនុស្ស។ វានឹងមិនសូវប៉ះ​ពាល់ដល់ជីវិតសត្វក្នុងទឹកដទៃ ​និងជួយ​បង្កើនបរិមាណត្រីសម្រាប់ផ្គត់ផ្គង់លើទីផ្សារដែល​មានតម្លៃសមរម្យផងដែរ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com