កីឡាអន្តរជាតិ
អន្តរជាតិ
EPL៖ Arsenal បន្តចាញ់, Man Utd ស្មើ ខណៈ Chelsea ឡើងឈរកំពូលតារាង
23, Aug 2021 , 9:28 am        
រូបភាព
Arsenal រងបរាជ័យពីរប្រកួតជាប់គ្នា ក្រោយចាញ់ Chelsea ២-០ នាជំនួបលីគ Premier League សប្តាហ៍ទី២ នៅថ្ងៃទី២២ ខែសីហា។ Liverpool, Tottenhma Hotspur និង Brighton & Hove Albion បន្តឈ្នះរៀងខ្លួន ខណៈ Manchester United បានត្រឹមស្មើ។



សមាជិកថ្មី Romelu Lukaku បានរួមចំណែកយ៉ាងខ្លាំង ក្នុងការជួយតោខៀវទទួលបាន៣ពិន្ទុ ក្នុងការបង្ហាញខ្លួនលើកដំបូងរបស់គេ។ ខ្សែប្រយុទ្ធសញ្ជាតិបែលហ្ស៊ិករូបនេះ ជាអ្នករកគ្រាប់នាំមុខ ឱ្យក្រុមលោក Thomas Tuchel នៅនាទី១៥ តាមរយៈការបញ្ជូនរបស់ខ្សែការពារ Reece James។ ២០ នាទីបន្ទាប់ James ដដែលនេះ បានបន្ថែមគ្រាប់ទី២ ដោយការបញ្ជូនពីសំណាក់ Mason Mount។ ចប់ការប្រកួត Chelsea ឈ្នះ Arsenal ២-០។
 
នេះជាជ័យជម្នះ២ប្រកួតជាប់គ្នា របស់ Chelsea បន្ទាប់ពីពួកគេឈ្នះ Crystal Palace នៅជំនួបបើកឆាក ៣-០។ ៦ពិន្ទុពេញនេះ បាននាំក្រោមតោខៀវ ឡើងទៅឈរកំពូលតារាងលីគកំពូលអង់គ្លេស ជំនួស Man Utd វិញ។
 
ដោយឡែក Arsenal នេះជាបរាជ័យលើកទី២ របស់ពួកគេហើយ សម្រាប់រដូវកាលថ្មី ២០២១-២២នេះ។ ក្រោមការដឹកនាំរបស់អ្នកចាត់ការ Mikel Arteta កាំភ្លើងធំ ប្រកួតចាញ់ Brentford នៅជំនួបបើកឆាក ២-០ និងបន្តចាញ់ Chelsea ២-០ នៅក្នុងផ្ទះខ្លួនឯង។
 
Arsenal ស្ថិតនៅតំបន់ត្រូវកាត់ចោល ជាមួយ Newcastle United និង Norwich City ដែលបរាជ័យទាំងពីរប្រកួតដូចគ្នា រួមជាមួយ Wolverhampton Wanderers និង Burnley។
Man Utd បានធ្លាក់ពីកំពូលតារាង ទៅចំណាត់ថ្នាក់ទី៥វិញ ក្រោយប្រកួតស្មើ Southampton ១-១។ ឆ្លងកាត់ការប្រកួត២លើក បិសាចក្រហមមាន៤ពិន្ទុ តាមពីក្រោយ Spurs, Brighton និង Liverpool ដែលរកបាន៦ពិន្ទុពេញ។
 
ហង្សក្រហមនៅចំណាត់ថ្នាក់ទី២ ក្រោយបន្តយកឈ្នះ Burnley ២-០។ Brighton ក៏មិនណយដែរ ដោយពួកគេបានយកឈ្នះ Watford ២-០ ខណៈជំនួបដំបូងពួកគេឈ្នះ Burnley ២-១ ក្រៅដី។
 
មាន់ខ្នាយមាស Spurs បន្ទាប់ពីឈ្នះម្ចាស់ការពារជើងឯក Man City នៅជំនួបបើកឆាក ១-០ រួចមក ពួកគេបានបន្តមានជ័យជម្នះលើកក្រុម Wolves ក្នុងលទ្ធផល ១-០ ជាថ្មី។ Man City រកបានជ័យជម្នះរបស់ខ្លួនហើយ តាមរយៈការយកឈ្នះ Norwich City ៥-០៕
 

Tag:
 Premier League
© រក្សាសិទ្ធិដោយ thmeythmey.com