កីឡាអន្តរជាតិ
អន្តរជាតិ
ជំនួប Nice និង Marseille ត្រូវផ្អាកកណ្តាលទី ក្រោយអ្នកគាំទ្រគប់ក្បាល Payet
23, Aug 2021 , 1:30 pm        
រូបភាព
Dimitri Payet ត្រូវបានអ្នកគាំទ្រក្រុម Nice គប់នឹងដបទឹកសុទ្ធ មុនពេលអំពើហិង្សាកើតឡើងពេញទីលាន រហូតធ្វើឱ្យជំនួបលីគកំពូលបារាំងរវាង Nice និង Marseille ត្រូវលុបចោលពាក់កណ្តាលទី។


នាជំនួប Ligue 1 សប្តាហ៍ទី៣ នៅថ្ងៃទី២២ ខែសីហា នៅកីឡដ្ឋាន Allianz Riviera អ្នកគាំទ្រក្រុម Nice បានយកដបទឹកគប់ក្បាល Payet នៅខ្សែបម្រើក្រុម Marseille រូបនេះដើរទៅទាត់បាល់ជ្រុង។ Payet បានដួលលើទីលាន មុនពេលស្ទុះងើបមកវិញហើយយកដបទឹកនោះគប់ទៅលើក្រុមអ្នកគាំទ្រ Nice វិញ ដែលធ្វើឱ្យអ្នកគាំទ្រ Nice ទាំងហ្វូងបានទម្លុះរបាំងផ្សាយពាណិជ្ជកម្មដើម្បីចូលក្នុងទីលានសំដៅរកខ្សែបម្រើសញ្ជាតិបារាំងនេះ។
 
ហេតុការហិង្សានេះ បានកើតឡើងអំឡុងនាទី៧៤ ខណៈដែល Nice កំពុងនាំមុខ Marseille ១ទល់នឹងសូន្យ។ ក្រុមសន្តិសុខ រួមទាំងសមាជិកក្រុមទាំងពីរបានចូលទៅអន្តរាគមន៍ ហើយកីឡាករខ្លះរបស់ Nice និង Marseille ក៏បន្តបង្កបញ្ហានឹងគ្នាថែមទៀត។
 
ក្រោយមានការពន្យាពេលយូរដោយសារមន្ត្រីត្រូវដោះស្រាយជាមួយអ្នកគាំទ្រ កីឡាកររបស់ Nice បានស្នើបន្តការប្រកួតឱ្យចប់តែម្តង ក៏ប៉ុន្តែកីឡាកររបស់ Marseille បានបដិសេធ។ យ៉ាងណាក៏ដោយ ជាលទ្ធផលការប្រកួតនេះត្រូវលុបចោលទាំង Nice បាននាំមុខ ១-០ តាមរយៈគ្រាប់បាល់នៅតង់ទី១ របស់ខ្សែប្រយុទ្ធ Kasper Dolberg។


 
លោក Pablo Longoria ប្រធានក្លិប Marseille រាយការណ៍ថាកីឡាករ Marseille មួយចំនួនបានរងរបួសដោយសារហិង្សាដែលបង្កដោយក្រុមអ្នកគាំទ្រ Nice ដូច្នេះ ដើម្បីសុវត្ថិភាពកីឡាករ លោកស្នើសុំបញ្ចប់ការប្រកួតត្រឹមនេះតែម្តង។
 
មិនបញ្ចប់នោះឡើយ ភាពចលាចលបានបន្ត នៅពេលដែលកីឡាករ រួមទាំងគ្រូបង្វឹក Marseille លោក Jorge Sampaoli ព្យាយាមចាកចេញពីទីលាន ហើយក៏មានការប៉ះទង្គិចគ្នាម្តងទៀត។
 

Tag:
 Dimitri Payet
© រក្សាសិទ្ធិដោយ thmeythmey.com