អន្តរជាតិ
អាម៉េរិកឱ្យក្រុមហ៊ុនអាកាសចរណ៍ជួយជម្លៀសមនុស្សពីអាហ្វហ្កានីស្ថាន
23, Aug 2021 , 2:35 pm        
រូបភាព
ពលរដ្ឋអាហ្វហ្កានីស្ថានប្រមូលផ្ដុំក្បែរអាកាសយានដ្ឋានរដ្ឋធានីកាប៊ុល។ រូបថត Xinhua
ពលរដ្ឋអាហ្វហ្កានីស្ថានប្រមូលផ្ដុំក្បែរអាកាសយានដ្ឋានរដ្ឋធានីកាប៊ុល។ រូបថត Xinhua
អាម៉េរិក នៅថ្ងៃទី២២ ខែសីហា បានបញ្ជាឱ្យក្រុមហ៊ុនអាកាសចរណ៍ធំ ៗចូលរួមក្នុងការជម្លៀសមនុស្សពីអាហ្វហ្កានីស្ថានឱ្យបានឆាប់រហ័ស។ ប្រជាជនអាហ្វហ្កានីស្ថាន ពលរដ្ឋអាម៉េរិក និងជនបរទេសដទៃទៀតរាប់ពាន់នាក់ នៅជាប់ក្នុងទីក្រុងកាប៊ុលនៅឡើយ ខណៈកាលបរិច្ឆេទដកទ័ពខិតជិតដល់។


យន្តហោះស៊ីវិលចំនួន១៨គ្រឿងពីក្រុមហ៊ុនអាកាសចរណ៍នៅអាម៉េរិកមាន Atlas, Delta, Omni, Hawaiian និង United នឹងជួយគាំទ្រយោធាអាម៉េរិកក្នុងការដឹកជញ្ជូនទំនិញ​ និងជួយជម្លៀសប្រជាជន​​ពីអាហ្វហ្កានីស្ថានទៅប្រទេសផ្សេងៗ។ ជាជាងចូលជម្លៀសប្រជាជនដល់ទីក្រុងកាប៊ុល យន្តហោះទាំងនោះនឹងដឹកមនុស្សចេញពីមូលដ្ឋានទ័ពអាមេរិកនៅ កាតា  បារ៉ែន និងអេមីរ៉ាតអារ៉ាប់រួម ទៅកាន់បណ្តាប្រទេសនៅអឺរ៉ុប និងទៅអាម៉េរិក។​
 
ការសម្រចអនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍អាមេរិកចូលជួយក្នុងការជម្លៀសមនុស្សនេះ ធ្វើឡើងក្រោយមានការរិះគន់លើភាពយឺតយ៉ាវ ខណៈក្រុមតាលីបង់ពង្រឹងអំណាចកាន់តែខ្លាំងឡើង។​​ ក្រុមហ៊ុនអាកាសចរណ៍ នឹងជាកម្លាំងជំនួយបន្ថែមដល់យោធាអាម៉េរិកក្នុងការជម្លៀសប្រជាជនឱ្យបានទាន់ពេលកំណត់នៃការបិទបញ្ចប់ការជម្លៀសរបស់អាម៉េរិកត្រឹមចុងខែសីហានេះ។
 
មន្ទីរបញ្ចកោណបញ្ជាក់នៅថ្ងៃទី២២ ខែសីហា ថា រដ្ឋមន្រ្តីការពារជាតិ ឡយ អូស្ទីន បានបញ្ជាអង្គភាពស៊ីវិលបម្រុងនៃកងអាកាសដែលកម្រមានសកម្មភាព ជួយដល់ការជម្លៀសពលរដ្ឋចេញពីអាហ្វហ្កានីស្ថានទៅកាន់មូលដ្ឋានអាមេរិកនៅមជ្ឈិមបូព៌ាផងដែរ។​
 
ទាក់ទងការជម្លៀសនេះ លោក អូស្ទីន ប្រាប់ទូរទស្សន៍ ABC ថា យោធាអាម៉េរិកនឹងព្យាយាមឱ្យអស់ពីលទ្ធភាពដើម្បីជម្លៀសមនុស្សគ្រប់រូបនិងពលរដ្ឋអាមេរិកមានបំណងចង់ចាកចេញ។
កងទ័ពអាមេរិកជាង៦ពាន់នាក់កំពុងការពារអាកាសយានដ្ឋាននៅរដ្ឋធានីកាប៊ុល ខណៈទីក្រុងវ៉ាស៊ីនតោនបានកំណត់យកពេលវេលាត្រឹមថ្ងៃទី ៣១ ខែសីហាដើម្បីបញ្ចប់បេសកកម្មរបស់មន្ទីរបញ្ចកោណក្នុងការជម្លៀសប្រជាជននេះ។ កន្លងមក ប្រធានាធិបតី ចូ បៃឌិន និយាយថា រដ្ឋបាលលោកចង់ជួយឱ្យប្រជាជនអាហ្វហ្កានីស្ថានយ៉ាងហោចណាស់៥ម៉ឺននាក់ចាកចេញពីប្រទេសដែលកំពុងចលាចលនេះ។ 
 
គិតត្រឹមថ្ងៃទី២២ ខែសីហា ប្រជាជនប្រមាណ២ម៉ឺន៨ពាន់នាក់ត្រូវបានភៀសខ្លួនចេញពីអាហ្វហ្កានីស្ថានខណៈមនុស្សជាច្រើនម៉ឺននាក់ទៀតកំពុងរងចាំការជម្លៀស។ យោងតាមកាសែត Al Jazeera មនុស្សជាង១ម៉ឺន៧ពាន់នាក់បានភៀសខ្លួនទៅអាមេរិក ប្រមាណ៤ពាន់នាក់ទៅអង់គ្លេស និងមនុស្សរាប់ពាន់នាក់ទៀតចាកចេញទៅប្រទេសផ្សេងៗទៀត៕
 

Tag:
 អាម៉េរិក
 ​ អាហ្វហ្កានីស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com