កីឡាអន្តរជាតិ
អន្តរជាតិ
ប៉ារ៉ាឡាំពិកក្រុងតូក្យូ នៅតែដំណើរការ​ ទោះកូវីដ-១៩ រាតត្បាតខ្លាំងឡើងនៅទឹកដីជប៉ុន
23, Aug 2021 , 3:22 pm        
រូបភាព
ការប្រកួតកីឡាប៉ារ៉ាឡាំពិកក្រុងតូក្យូ នឹងដំណើរការតាមការគ្រោងទុក ចាប់ពីថ្ងៃទី២៤ ខែសីហាតទៅ បើទោះជំងឺកូវីដ-១៩ នៅបន្តអុកឡុកប្រទេសជប៉ុនកាន់តែខ្លាំង។ នេះបើតាមការអះអាងរបស់ប្រធានគណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ (IPC)។


ព្រឹត្តិការណ៍អូឡាំពិករដូវក្តៅឆ្នាំ២០២០ ដែលពន្យារពេល១ឆ្នាំ ដោយសារជំងឺឆ្លង បានបញ្ចប់ការប្រកួតដោយជោគជ័យ ក្រោយដំណើរការប្រកួតរយៈពេល១៨ថ្ងៃ ពីថ្ងៃទី២៣ ខែកក្កដា ដល់ថ្ងៃទី១៨ ខែសីហា។ យ៉ាងណាក៏ដោយ ការប្រជែងមេដាយនៅតូក្យូប្រទេសជប៉ុននេះ ធ្វើឡើងដោយគ្មានអ្នកគាំទ្រឡើយ។
 
មិនត្រឹមតែហាមអ្នកគាំទ្រចូលទស្សនាទេ អូឡាំពិកលើកទី៣២នេះ ក៏បានអនុវត្តច្បាប់តឹងរ៉ឹងលើអត្តពលិកទាំងអស់ រួមទាំងមន្ត្រី បុគ្គលិកផង នៅពេលចេញចូលទីលានប្រកួត និងនៅក្នុងភូមិកីឡាដើម្បីធានា និងបង្កាការឆ្លងជំងឺកូវីដ។ បើទោះមានការរឹតបន្តឹងក្តី ប៉ុន្តែនៅតែមានអ្នកឆ្លងកូវីដ-១៩ មួយចំនួនដដែល។
 
កាសែតជប៉ុនក្យូដូផ្សាយនៅថ្ងៃទី២៣ ខែសីហាថា មានករណីឆ្លងថ្មីជាង ២៥០០០ កាលពីសប្តាហ៍មុន ខណៈក្រុមគ្រូពេទ្យនៅទូទាំងប្រទេសជប៉ុន បានព្រមានថា មន្ទីរពេទ្យនានា អាចនឹងខ្វះទីតាំងព្យាបាលអ្នកឆ្លង ហើយករណីធ្ងន់ធ្ងរក៏មានកម្រិតខ្ពស់ឡើងៗ។
 
ទោះបីរោគរាតត្បាតបំប្លែងថ្មី កាន់តែរីករាលដាលពីមួយថ្ងៃទៅមួយថ្ងៃក៏ដោយ ប៉ុន្តែកម្មវិធីកីឡាប៉ារាំឡាំពិកក្រុងតូក្យូ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី២៤ ខែសីហា នៅតែដំណើរការប្រកួតដដែល។ នេះបើតាមការបញ្ជាក់របស់លោក Andrew Parsons ប្រធាន IPC។
 
តាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP​ លោក Parsons អះអាងថា នេះជាការប្រកួតប្រជែងសម្រាប់ព្រឹត្តិការណ៍កីឡាដ៏សំខាន់បំផុត សម្រាប់អត្តពលិកជនពិការ ខណៈពួកគេបានត្រៀមខ្លួនអស់៤ឆ្នាំមកហើយ។ យ៉ាងណាប្រធាន IPC បានព្រមានកីឡាករកីឡាការិនីចូលរួម ត្រូវគោរពច្បាប់អូឡាំពិកអំឡុងពេលរោគរាតត្បាតនេះ។
 
បើទោះប៉ារ៉ាឡាំពិកក្រុងតូក្យូឆ្នាំ២០២០ មិនអនុញ្ញាតឱ្យមានអ្នកចូលរួមគាំទ្រផ្ទាល់ក៏ដោយ ប៉ុន្តែលោក Parsons ធានាថាវាជាព្រឹត្តិការណ៍ដ៏អស្ចារ្យ និងមិនគួរឱ្យជឿ។ បុរសសញ្ជាតិប្រេស៊ីលរូបនេះជឿជាក់ថា នឹងមានអ្នកទស្សនាតាមរយៈការផ្សាយផ្ទាល់កម្មវីធិកីឡាប៉ារ៉ាឡាំពិកមិនក្រោម៤ពាន់នាក់ឡើយ៕
 

Tag:
 IPC
  ប៉ារ៉ាឡាំពិក
© រក្សាសិទ្ធិដោយ thmeythmey.com