អន្តរជាតិ
ប្រធានាធិបតីតៃវ៉ាន់ចាក់វ៉ាក់សាំងកូវីដ-១៩ ដែលអភិវឌ្ឍក្នុងស្រុកមុនគេដើម្បីបង្ហាញទំនុកចិត្ត
23, Aug 2021 , 4:29 pm        
រូបភាព
ប្រធានាធិបតីតៃវ៉ាន់ ទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ Medigen ដែលអភិវឌ្ឍក្នុងស្រុក។ រូបថតពីហ្វេសប៊ុកលោកស្រី Tsai Ing-wen
ប្រធានាធិបតីតៃវ៉ាន់ ទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ Medigen ដែលអភិវឌ្ឍក្នុងស្រុក។ រូបថតពីហ្វេសប៊ុកលោកស្រី Tsai Ing-wen
ដោយ៖​ ទ្បាយ ​ស្រីពេជ្រ
 
ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ​កូវីដ-១៩ ឈ្មោះ Medigen ដែលអភិវឌ្ឍក្នុងស្រុកមុនគេនៅថ្ងៃទី២៣ ខែសីហា ដើម្បីបង្ហាញពី​ទំនុកចិត្ត និងសុវត្ថិភាពរបស់វ៉ាក់សាំង។ តៃវ៉ាន់ចាប់ផ្តើមប្រើប្រាស់វ៉ាក់សាំងនេះជាផ្លូវការ​​ ទោះជាមានការការរិះគន់ថា យុទ្ធនាការរបស់រដ្ឋាភិបាលប្រញាប់ប្រញាល់ពេកក្ដី។

 
វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឈ្មោះ Medigen ត្រូវបានក្រសួងសុខាភិបាលតៃវ៉ាន់អនុមត័តឱ្យប្រើប្រាស់បន្ទាន់កាលពីខែមុន សំដៅបន្ថែមចំនួនវ៉ាក់សាំងសម្រាប់ចាក់ឱ្យប្រជាជន ស្របពេលនៃការពន្យារពេលការដឹកជញ្ជូនវ៉ាក់សាំងពីក្រុមហ៊ុនអន្តរជាតិ។
 
លោកស្រី Tsai Ing-wen ប្រធានាធិបតីតៃវ៉ាន់ ជាអ្នកដំបូងគេទទួលវ៉ាក់សាំងនេះ ខណៈលោកស្រី សម្រេចចិត្តវ៉ាក់សាំងរបស់ Moderna ឬ AstraZeneca ។ លោកស្រី Tsai បានទទួលការចាក់វ៉ាក់សាំងMedigen នៅមន្ទីរពេទ្យមួយនៅកណ្តាលទីក្រុងតៃប៉ិ ដើម្បីបង្ហាញពីទំនុកចិត្តរបស់លោកស្រីលើវ៉ាក់សាំងក្នុងស្រុក និងបញ្ជាក់ថា វាមានសុវត្ថិភាពផងដែរ។ ប្រជាជនជាង៧​សែននាក់ បានចុះឈ្មោះដើម្បីទទួលវ៉ាក់សាំង Medigen ដែលតម្រូវឱ្យចាក់លើកទី២ ក្នុងរយៈពេល២៨ថ្ងៃបន្ទាប់ពីការចាក់លើកទី១។​​
 
យ៉ាងណាមិញ ការចាក់វ៉ាក់សាំង Medigen ក៏មានការរិះគន់ផងដែរ ព្រោះរដ្ឋាភិបាលតៃវ៉ាន់ប្រញាប់ប្រញាល់ផ្ដល់ការអនុញ្ញាត ខណៈការសាកល្បងមិនចប់សព្វគ្រប់ផង។ ក្រុមហ៊ុន Medigen បដិសេធការលើកឡើងបែបនេះ។ លោក Charles Chen នាយកប្រតិបត្តិក្រុមហ៊ុន Medigen បានប្រាប់ Reuters ថា៖​​ «យើងបានធ្វើការពិសោធន៍យ៉ាងច្រើន​។ អ្នករាល់គ្នាបានឃើញហើយថា វ៉ាក់សាំងរបស់យើងមានសុវត្ថិភាពប៉ុណ្ណា។ វាមានផលប៉ះពាល់តិចតួចណាស់ ស្ទើរតែគ្មានគ្រុនក្តៅ និងអាការផ្សេងៗទៀតផង។ ដូច្នេះខ្ញុំគិតថាអ្នករាល់គ្នាអាចទុកចិត្តបាន។»
 
វ៉ាក់សាំងនេះ ត្រូវបានបង្កើតឡើងដោយសហការជាមួយវិទ្យាស្ថានសុខភាពជាតិរបស់អាមេរិក។ ​​រដ្ឋាភិបាលតៃវ៉ាន់ បានបញ្ជាទិញចំនួន៥លានដូស​។
 
ថ្វីបើយ៉ាងនេះក៏ដោយ គណបក្សប្រឆាំងដ៏ធំរបស់តៃវ៉ាន់ Kuomintang (KMT) បានធ្វើយុទ្ធនាការយ៉ាងខ្លាំងក្លាប្រឆាំងនឹងការចាក់វ៉ាក់សាំងនេះ​។ អតីតអនុប្រធានបក្ស KMT លោក Hau Lung-Bin ថែមទាំងដាក់ពាក្យបណ្តឹងឱ្យផ្អាកការប្រើប្រាស់វ៉ាក់សាំង Medigen ​ប៉ុន្តែត្រូវបានតុលាការបដិសេធកាលពីសប្តាហ៍មុនក៏ដោយ។ ​គណបក្សនេះនិយាយថា ខ្លួនគាំទ្រវ៉ាក់សាំងក្នុងស្រុកប៉ុន្តែការយល់ព្រមលើការដាក់ឱ្យប្រើវ៉ាក់សាំងMedigen គឺប្រញាប់ប្រញាល់ពេក។ 
 
គួររំលឹកផងដែរ​ ប្រហែល៤០ភាគរយនៃប្រជាជនតៃវ៉ាន់២៣.៥លាននាក់ បានទទួលយ៉ាងហោចណាស់វ៉ាក់សាំង១ដូស និងតិចជាង៥ភាគរយទទួលបានការចាក់វ៉ាក់សាំងពេញលេញ៕
 

Tag:
 តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com