អន្តរជាតិ
វៀតណាម ពង្រាយកងទ័ពក្នុងទីក្រុងហូជីមិញ ដើម្បីពង្រឹងវិធានការបិទខ្ទប់
23, Aug 2021 , 5:59 pm        
រូបភាព
រូបថត AFP
រូបថត AFP
ដោយ៖ ឈួ ស៊ាវយីងជាវ

ឈា​នចូលថ្ងៃទី២៣ ខែសីហា ​វៀតណាម បានពង្រាយកម្លាំងយោធាពេញទីក្រុងហូជីមិញដើម្បីរឹតបន្តឹងវិធានការបិទខ្ទប់ក្នុងទីក្រុងធំជាងគេរបស់ប្រទេស។ ការអនុវត្តវិធានការនេះធ្វើឡើង ស្របពេលសន្ទុះករណីឆ្លងជំងឺកូវីដ-១៩ មិនថមថយសោះ ក្រោយពីការបិទខ្ទប់អស់ពេលជាង១ខែកន្លងទៅ។​


ក្រុមកម្លាំងពិសេសកងទ័ពវៀតណាម ត្រូវបានបញ្ជូនទៅកាន់សង្កាត់ចំនួន៣២​  ខណ្ឌចំនួន២២​ និងក្រុង Thu Duc របស់ហូជីមិញដើម្បីពង្រឹងវិធានការបិទខ្ទប់។ ទាហានថ្មើរជើងជាង៥០០នាក់នៃចំណុះយោធភូមិភាគទី៧ របស់វៀតណាម បានចាប់ផ្តើមបេសកកម្មខ្លួននាពេលពាក់កណ្តាលអាធ្រាតឈានចូលថ្ងៃទី២៣ ខែសីហានេះ។ 
 
ជាមួយគ្នានេះ ក្រុមកងកម្លាំងទាំងនោះ នឹងចូលរួមសហការជាមួយក្រុមត្រួតពិនិត្យចល័តចំនួន១០ក្រុម និងក្រុមដើរល្បាតចំនួន៣៣ផ្សេងទៀតនៅតាមសង្កាត់នានាដើម្បីរឹតបន្តឹងវិធានការរក្សាគម្លាតសុវត្ថិភាពកាន់តែមាំ។ បើតាមសារព័ត៌មាន Vietnam Express​ មុនពេលចុះប្រតិបត្តិការដើរល្បាតនេះ​ ក្រុមទាហានទាំងអស់តម្រូវឱ្យទទួលវ៉ាក់សាំងបង្ការកូវីដ-១៩ មួយដូស និងធ្វើតេស្តរកមេរោគកូវីដ-១៩​រៀងរាល់៣ថ្ងៃម្តង។​
 
លោក ​Nguyen Van Duc ប្រធានខណ្ឌទី១២ បាននិយាយថា ​ក្រៅពីការគ្រប់គ្រងវិធានការរក្សាគម្លាតសុវត្ថិភព កងកម្លាំងយោធា នឹងដឹកជញ្ជូនស្បៀងអាហារដល់ប្រជាជនដែលជួបផលលំបាក ឬខ្វះខាតតាមបញ្ជីអាជ្ញាធរមូលដ្ឋានផងដែរ។
 
សូមបញ្ជាក់ថា ទីក្រុងហូជីមិញ ចាប់ផ្តើមយុទ្ធនាការ២សប្តាហ៍ដើម្បីកាត់ផ្ដាច់ការចម្លងជំងឺកូវីដ-១៩​ក្នុងទីក្រុងចាប់ពីថ្ងៃទី២៣ ខែសីហានេះតទៅ ដោយតម្រូវឱ្យ​ប្រជាជននៅកន្លែងដែលពួកគេនៅ​​​​ ,រស់នៅដាច់ដោយឡែកតាមផ្ទះ​ និងតាមសង្កាត់ 
 
ទាហានចំនួន១០០០នាក់ និងពេទ្យយោធាបានទៅដល់ហូជីមិញ និងខេត្តមួយចំនួនក្បែរនោះជាបន្តបន្ទាប់ព្រោះជាចំណុចផ្ទុះជំងឺកូវីដ-១៩ ខ្លាំងក្លា។ ឯកម្លាំងយោធានៅភាគខាងជើង ក៏នឹងបញ្ជូនគ្រូពេទ្យប្រមាណ២០០០នាក់ និងរថយន្តសង្រ្គោះបន្ទាន់ចំនួន៣០គ្រឿងទៅកាន់ទីក្រុងហូជីមិញក្នុងការចូលរួមជួយធ្វើតេស្ត និងព្យាបាលអ្នកជំងឺកូវីដ-១៩។
 
ហូជីមិញដែលជាទីក្រុងធំជាងគេ និងមានប្រជាជនយ៉ាងហោច១៣លាននាក់ បានកត់ត្រាករណីឆ្លងកូវីដ-១៩ហក់ឡើងដល់ជាង១៧ម៉ឺននាក់ និងស្លាប់៦,៥៣៨នាក់។ គិតត្រឹមថ្ងៃទី២៣ ខែសីហា វៀតណាមមានអ្នកឆ្លងសរុបចំនួន៣៤​ម៉ឺននាក់ និងស្លាប់ចំនួន ៨២៧៧នាក់៕
 
 

Tag:
 វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com