ជាតិ
សង្គមជាតិ
ក្រសួងក្រើនរំឭកពលរដ្ឋ ដែលប្រើបច្ចេកទេស DeepFake ឲ្យមានការប្រុងប្រយ័ត្ន
24, Aug 2021 , 10:37 am        
រូបភាព
រូបពីនាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃ
រូបពីនាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃ
ភ្នំពេញ៖ នាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃ ឲ្យពលរដ្ឋប្រុងប្រយ័ត្ន លើការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាបន្លំរូបភាព វីដេអូ ឬជាសំឡេង ។ ការក្រើនរំឭកនេះ ដោយសារមានក្រុមខិលខូចមួយចំនួន អាចយករូបឬសំឡេង របស់អ្នកប្រើប្រាស់ទៅធ្វើរឿងខុសច្បាប់ និងអសីលធម៌ជាដើម។

 
នាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃ បានចេញផ្សាយលើទំព័រហ្វេសប៊ុករបស់ខ្លួនថា DeepFake ជាកម្មវិធីម្យ៉ាងដែលមានសមត្ថភាពផ្លាស់ប្តូរមុខ និងសំឡេងរបស់បុគ្គលណាម្នាក់ ដាក់ចូលទៅក្នុងរូបភាព ឬវីដេអូដែលមានស្រាប់ តាមរយៈការប្រើប្រាស់បច្ចេកទេស Marchine Learnning និងបញ្ញាសិប្បនិម្មិត (Artificial intelligence)។ DeepFake មានទាំងគុណសម្បត្តិ និងគុណវិបត្តិ។ 
 
សម្រាប់អ្នកប្រើប្រាស់ ត្រូវបានក្រុមហ៊ុនផលិតភាពយន្ត ប្រើកែតម្រូវសកម្មភាព ឬសំឡេងរបស់តួសម្តែង ដោយពុំចាំបាច់ថតឡើងវិញ។ លើសពីនេះ គេប្រើក្នុងវិស័យសុខាភិបាល បញ្ចូលរូបភាពអ្នកជំងឺ ក្នុងសកម្មភាពវីដេអូវះកាត់, បង្កើតវីដេអូសិប្បនិម្មិតធ្វើជាគ្រូបង្រៀន, ប្រើក្នុងកម្មវិធីលក់ទំនិញអនឡាញ ដើម្បីឲ្យអតិថិជនសាកល្បងសម្លៀកបំពាក់ និងជាកម្មវិធីកម្សាន្តសប្បាយផ្សេងៗទៀត។ 
 
ប៉ុន្តែ DeepFake ក៏ត្រូវបានក្រុមជនខិលខូច ប្រើបន្លំរូបភាពឬវីដេអូ ដើម្បីបង្ខូចកិត្តិយសជនរងគ្រោះផងដែរ។ នាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃ បានសង្កេតឃើញថា ជនខិលខូចមួយចំនួន បានប្រើមធ្យោបាយឆបោកប្រាក់ បន្លំផ្ទេរប្រាក់ ឬលួចព័ត៌មានផ្សេងៗតាមកម្មវិធីនេះ ខណៈកម្ពុជាកំពុងពេញនិយមប្រើ។ 
 
«ដោយសារការនិយមកាន់តែច្រើនឡើង ក៏មានជនខិលខូចមួយចំនួនបានបន្តការស្រាវជ្រាវបន្ថែម រហូតឈានដល់ការប្រើប្រាស់បច្ចេកវិទ្យានេះ ក្នុងការប្រព្រឹត្តអំពើអសីលធម៌ ឬអំពើល្មើសផ្សេងៗដូចជា បង្កើតរូបភាពឬវីដេអូ អាសអាភាសដោយបន្លំបញ្ចូលរូបមុខជនរងគ្រោះ ​ការបរិហារកេរ្តិ៍ជាសាធារណៈ ឬគំរាមជនរងគ្រោះឲ្យធ្វើអ្វីមួយតាមការចង់បាន»។ នេះបើតាមបញ្ជាក់នាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃ ដែលបានដាស់តឿនពលរដ្ឋឲ្យប្រុងប្រយ័ត្ន និងប្រើប្រាស់ប្រកបដោយក្រមសីលធម៌ និងស្របតាមច្បាប់។ 
 
ប្រសិនបើពលរដ្ឋជួបករណីឆបោក ឬបន្លំបែបនេះ ជនរងគ្រោះអាចរាយការណ៍អាជ្ញាធរ ឬសមត្ថកិច្ច ដែលនៅជិតមូលដ្ឋានដើម្បីជួយរកដំណោះស្រាយ និងស្រាវជ្រាវបន្តបាន។ នេះបើតាមនាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃ ។
 
សូមជម្រាបថា បច្ចេកទេស DeepFake ត្រូវបានស្រាវជ្រាវ ចាប់តាំងពីអំឡុងឆ្នាំ១៩៩៧ ដែលដំបូងមានឈ្មោះថា "Video Rewrite Program" រហូតដល់អំឡុងឆ្នាំ២០១៧ បច្ចេកវិទ្យា DeepFake បានល្បីពេញពិភពលោក។ បច្ចេកទេសនេះ ត្រូវបានបង្កើតចេញជាកម្មវិធីផ្សេងៗជាច្រើន ដោយក្រុមហ៊ុនផលិតកម្មវិធីកុំព្យូទ័រ និងទូរស័ព្ទដៃ មានដូចជាកម្មវិធី FakeApp, FaceApp, FaceSwap, DeepFaceLab, DeepNude។ល។ 
 
លើសពីនេះនៅឆ្នាំ២០១៨ អ្នកស្រាវជ្រាវមួយរូបនៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ា បានចុះផ្សាយលទ្ធផលស្រាវជ្រាវរបស់ខ្លួន ស្តីពីការពង្រីកសមត្ថភាពរបស់បច្ចេកវិទ្យា DeepFake ដែលអាច​បន្លំមុខ ក្នុងសកម្មភាពវីដេអូ និងបញ្ជាលើដងខ្លួនមនុស្សទាំងមូលផងដែរ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com