កីឡាអន្តរជាតិ
អន្តរជាតិ
FIFA នឹងទទួលបានប្រាក់២០១លានដុល្លារ ដែលរឹបអូសបានអំឡុងស៊ើបអំពើពុករលួយ
25, Aug 2021 , 2:29 pm        
រូបភាព
សហ័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) នឹងទទួលបានប្រាក់ ២០១ លានដុល្លារអាមេរិក ដែល រឹបអូសបានអំឡុងពេលស៊ើបអង្កេតអំពើពុករលួយបាល់ទាត់ជុំវិញពិភពលោក។ នេះបើតាមការអះអាងរបស់ក្រសួងយុត្តិធម៌អាមេរិកនៅថ្ងៃទី២៤ ខែសីហា។


ចាប់តាំងពីក្រសួងយុតិ្តធម៌អាមេរិកបង្ហាញលទ្ធផលស៊ើបអង្កេតអំពើពុករលួយចាប់ពីឆ្នាំ ២០១៥ មក ជនជាប់ចោទជាង៥០នាក់ ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋ។ អ្នកពាក់ព័ន្ធ២៧នាក់ និងអង្គភាពសាជីវកម្មចំនួន៤ បានសារភាពទោសកំហុស ហើយក្នុងនោះមនុស្សពីរនាក់ត្រូវបានផ្តន្ទាទោស។
 
លោកស្រី Jacquelyn M Kasulis រដ្ឋអាជ្ញាស្តីទីនៅតុលាការក្រុងញូវ៉យកអះអាងថា ប្រាក់ដែលលួចដោយមន្រ្តីបាល់ទាត់ពុករលួយ និងនាយកប្រតិបត្តិទីផ្សារកីឡាតាមរយៈការក្លែងបន្លំ និងភាពលោភលន់នឹងត្រូវបញ្ជូនត្រឡប់ទៅកន្លែងមួយដើម្បីប្រើប្រាសជាផលប្រយោជន៍ដល់កីឡាបាល់ទាត់វិញ។ 
 
ក្រសួងដដែលប្រកាសថា ប្រាក់ដែលបានរឹបអូសអំឡុងពេលស៊ើបអង្កេតចំនួន ២០១លានដុល្លារ ត្រូវបានអនុម័តសម្រាប់ចែកចាយដំបូងដល់ FIFA, សហព័ន្ធកីឡាបាល់ទាត់អាមេរិកកណ្តាល (CONCACAF) សហព័ន្ធអាមេរិកខាងត្បូង (CONMEBOL និងសហព័ន្ធកីឡាបាល់ទាត់ជាតិផ្សេងៗទៀត។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
លោក Michael J Driscoll ជំនួយការនាយកទទួលបន្ទុកកិច្ចការហិរញ្ញវត្ថុនៃការិយាល័យស៊ើបអង្កេត FBI បានរៀបរាប់ជុំវិញការស៊ើបអង្កេតក្នុងបាល់ទាត់ថា អំពើពុករលួយក្នុងវិស័យនេះដូចជាជំងឺរាលត្បាតអ៊ីចឹងដែរ។
 
«គ្មានមន្រ្តីណាម្នាក់នៅក្នុងការស៊ើបអង្កេតនេះ ខ្វល់អំពីការខូចខាតដែលពួកគេធ្វើក្នុងកីឡាបាល់ទាត់ ដែលមនុស្សរាប់លាននាក់នៅជុំវិញពិភពលោកគោរពនោះទេ។ ដើម្បីតែលុយពួកគេហ៊ានធ្វើអ្វីគ្រប់បែបយ៉ាង»។ នេះជាការបញ្ជាក់របស់លោក Driscoll។
 
ស្ថាប័នយុត្តិធម៌អាមេរិក DOJ នឹងបន្តការងាររបស់ខ្លួន ដើម្បីវែកមុខអ្នកប្រព្រឹត្តិអំពើពុករលួយ រហូតមនុស្សគ្រប់គ្នាមើលឃើញយុត្តិធម៌ចំពោអ្វីដែលក្រុមទាំងអស់នោះបានធ្វើ។
លោក Reynaldo Vasquez អតីតប្រធានសហព័ន្ធកីឡាបាល់ទាត់អែលសាល់វ៉ាឌ័រ (FESFUT) បានចូលខ្លួនសារភាពទោសកំហុសនៅថ្ងៃទី២៣ ខែសីហា ជុំវិញបទចោទសមគំនិតអំពើពុករលួយអំឡុងពេលលោកនៅកាន់តំណែង។
 
លោក Vasquez ដែលបានដឹកនាំ FESFUT ចន្លោះឆ្នាំ ២០០៩ ដល់ ២០១០ បានអះអាងថា ខ្លួនមិនមានកំហុសចំពោះការចោទប្រកាន់ ដែលរួមមានការឃុបឃិតគ្នាលួចបន្លំលុយ សំណូក និងលាងលុយកខ្វក់ឡើយ កាលពីខែមករា ឆ្នាំ២០២១។
 
រដ្ឋអាជ្ញាអាមេរិកបានចោទលោក Vasquez ថាបានទទួលសំណូកពីក្រុមហ៊ុនមួយឈ្មោះ Media World ជាថ្នូរនឹងការជួយរៀបចំសិទ្ធិសារព័ត៌មាន ក្នុងការប្រកួតជម្រុះ World Cup ឆ្នាំ ២០១៤ និងការឃុបឃិតគ្នាលួចបន្លំលុយ សំណូក និងលាងលុយកខ្វក់ អំឡុងពេលលោកនៅដឹកនាំ FESFUT ចន្លោះឆ្នាំ ២០០៩ ដល់ ២០១០៕
 

Tag:
 FIFA
© រក្សាសិទ្ធិដោយ thmeythmey.com