កីឡាអន្តរជាតិ
អន្តរជាតិ
UEFA ផ្តល់ពានកិត្តិយសដល់ Kjaer និងគ្រូពេទ្យ ដែលសង្គ្រោះជីវិត Eriksen នៅ Euro 2020
25, Aug 2021 , 9:29 pm        
រូបភាព
Simon Kjaer ប្រធានក្រុមកីឡាបាល់ទាត់ជម្រើសជាតិដាណឺម៉ាក និងក្រុមគ្រូពេទ្យ ដែលបានជួយសង្គ្រោះជីវិត Christian Eriksen ទទួលបានពានកិត្តយស Uefa President's Award ប្រចាំឆ្នាំនេះ ពីសហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA)។


Eriksen បានជួបហេតុការអាក្រក់គាំងបេះដូងនៅលើទីលាន អំឡុងពេលការប្រកួតបើកឆាក ពានរង្វាន់ Euro ២០២០ រវាងដាណឺម៉ាក និងហ្វាំងឡង់កាលពីថ្ងៃទី១២ ខែមិថុនា។ Kjaer ត្រូវបានគេទទួលស្គាល់ថា បានបង្ហាញពីគុណសម្បត្តិដឹកនាំពិសេស ក្នុងការជួយសង្គ្រោះកូនក្រុមរបស់ខ្លួន ដែលស្ថិតក្នុងស្ថានភាពដ៏តឹងតែង។
 
Kjaer ខ្សែការពារ AC Milan បានព្យាយាមសង្គ្រោះបឋមទៅលើ Eriksen មុនពេលក្រុមគ្រូពេទ្យចូលទៅដល់ទីលាន ដើម្បីសង្គ្រោះបន្ត។ ក្រោយរយៈពេលជាច្រើនម៉ោង Eriksen ខ្សែបម្រើ Inter Milan បានរួចផុតពីគ្រោះថ្នាក់។
 
Eriksen បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ និងប្រធានក្រុមរបស់ខ្លួន ដោយនិយាយថា៖ « ពួកគេបានធ្វើការងារដ៏អស្ចារ្យ និងបានជួយសង្គ្រោះជីវិតខ្ញុំ»។
ក្រៅពីជាប្រធានក្រុម Kjaer វ័យ៣២ឆ្នាំ បានបង្ហាញតួនាទីដ៏គួរឱ្យគោរព ដែលកីឡាករមួយចំនួនផ្សេងទៀតមិនអាចធ្វើដូច។ ក្រុមគ្រូពេទ្យក៏ដូច្នេះដែរ ពួកគេបានបំពេញការងារយ៉ាងល្អ អំឡុងពេលហេតុការអាក្រក់កើតឡើងភ្លាមៗនៅលើទីលាន។
 
ដោយមើលឃើញពីសមិទ្ធផលទាំងអស់នេះ UEFA បានសម្រេចផ្តល់ពានកិត្តិយសដែលមានឈ្មោះថា Uefa President's Award សម្រាប់អ្នកជួយសង្គ្រោះដ៏អស្ចារ្យប្រចាំឆ្នាំ២០២១នេះ។
អ្នកដែលទទួលបានពានកិត្តិយសនេះ ក្រៅពី Kjaer ដែលជាកីឡាករ មាន៨រូបទៀតជាគ្រូពេទ្យ។ គ្រូពេទ្យទាំង៨រូបនេះ មកពី៣ផ្នែកផ្សេងគ្នា ក្នុងនោះផ្នែកគ្រូពេទ្យនៅនឹងកន្លែង៤រូប ពេទ្យរបស់ UEFA ២រូប និងពេទ្យប្រចាំរបស់ក្រុមដាណឺម៉ាក២រូប៕
 

Tag:
 Uefa President\'s Award
  Simon Kjaer
  Christian Eriksen
© រក្សាសិទ្ធិដោយ thmeythmey.com