COVID-19
អន្តរជាតិ
រដ្ឋាភិបាលថៃ ទទូចឱ្យស្រ្តីមានផ្ទៃពោះទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រូបភាព៖ Xinhua
× មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ-១៩ ថៃ (CCSA) នៅថ្ងៃទី២៥ ខែសីហា បានទទូចឱ្យស្រ្តីមានផ្ទៃពោះ ទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដើម្បីបង្ការហានិភ័យមួយចំនួន និងការបាត់បង់ជីវិតជាដើម។ ការជំរុញនេះ ធ្វើឡើងដោយសារ ស្រ្តីមានផ្ទៃពោះទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មានចំនួនតិចតួច។
ក្នុងចំណោមប្រជាជនសរុប ៦៦លាននាក់ ប្រជាជនថៃចំនួន ៩,៧ភាគរយប៉ុណ្ណោះ បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពេលលេញ។ ការដឹកជញ្ជូន និងការផលិតវ៉ាក់សាំងយឺត សុទ្ធបានរួមចំណែកធ្វើឱ្យថៃផ្តល់វ៉ាក់សាំងឱ្យប្រជាជនខ្លួនយឺតបែបនេះ។
ទន្ទឹមនេះ ស្រ្តីមានផ្ទៃពោះ ដែលត្រូវទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក៏មានចំនួនតិចដែរ បើធៀបនឹងគោលដៅរបស់រដ្ឋាភិបាលថៃ។ ថ្លែងក្នុងសទ្និសីទសារព័ត៌មាន អ្នកស្រីApisamai Srirangsan អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ-១៩ ថៃ បានបង្ហាញថា ថៃបានដាក់គោលដៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ស្រ្តីមានផ្ទៃពោះ យ៉ាងហោចណាស់ ១២សប្តាហ៍ ឱ្យបាន ៥០ម៉ឺននាក់។ យ៉ាងណាមិញ ស្រ្តីមានផ្ទៃពោះ ត្រឹមតែ ២០៧៨នាក់ ឬ ០,៤ភាគរយប៉ុណ្ណោះ ដែលទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពេញលេញ។
ការជំរុញឱ្យស្រ្តីមានផ្ទៃពោះ ទៅទទួលវ៉ាក់សាំង ធ្វើឡើងក្នុងគោលបំណងកាត់បន្ថយហានិភ័យនៃការទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ។ «ស្រ្តីមានផ្ទៃពោះ មានអត្រាស្លាប់ ២.៥ដង ខ្ពស់ជាងមនុស្សដទៃ ដោយសារតែរាងកាយរបស់ស្រ្តីមានផ្ទៃពោះធ្វើឱ្យពិបាកដកដង្ហើម»។ អ្នកស្រី Apisamai បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា ស្រ្តីមានផ្ទៃពោះ ៣ខែអាចចាក់វ៉ាក់សាំងបាន។ មិនតែប៉ុណ្ណោះ ប្រព័ន្ធភាពស៊ាំ អាចនឹងផ្ទេរទៅកូនក្នុងផ្ទៃថែមទៀត។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។
ក្រសួងសុខាភិបាលថៃ បានអះអាងថា ចាប់តាំងពីខែមេសាមក ស្រ្តីមានផ្ទៃពោះចំនួន ២៣២៧នាក់ បានឆ្លងជំងឺកូវីដ-១៩ ប៉ុន្តែមានត្រឹមតែ ២២នាក់ប៉ុណ្ណោះ ដែលបានទទួលវ៉ាក់សាំងចំនួន ១ដូស។ តាមការសិក្សាមួយដោយអ្នកវិទ្យាសាស្រ្តអង់គ្លេសនៅក្នុងខែមេសាកន្លងទៅ ស្រ្តីមានផ្ទៃពោះ ដែលឆ្លងជំងឺកូវីដ-១៩ អាចមានហានិភ័យខ្ពស់ ដូចជាកូនកើនមុនខែ, ត្រូវការសង្រ្គោះបន្ទាន់ និងអាចបាត់បង់ជីវិតថែមទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com