អន្តរជាតិ
ការ​បំផ្ទុះ​មួយ បានកើត​ឡើង​នៅក្បែរ​អាកាសយានដ្ឋាន​ក្នុង​ក្រុង​កា​ប៊ុល សម្លាប់​មនុស្ស​១១​នាក់
26, Aug 2021 , 10:10 pm        
រូបភាព
រូបភាព៖ CNN
រូបភាព៖ CNN
ការ​បំផ្ទុះ​មួយ បានកើត​ឡើង​នៅ​ខាងក្រៅ​អាកាសយានដ្ឋាន​ក្នុង​ក្រុង​កា​ប៊ុល ស្របពេល​អាមេរិក និង​បណ្តា​ប្រទេស​ជាច្រើន​ទៀត កំពុង​ជម្លៀស​ប្រជាជន​ចេញ​។ នេះ​បើតាម​ការបញ្ជាក់​របស់​មន្ទីរ​បញ្ច​កោណ​អាមេរិក នៅ​ថ្ងៃទី​២៦ ខែសីហា​។

 
​សរសេរ​លើ​បណ្តាញ​សង្គម Twitter អ្នកនាំពាក្យ​ក្រសួងការពារជាតិ​អាមេរិក លោក John Kirby បាន​អះអាងថា វា​មានការ​បំផ្ទុះ​មួយ​នៅ​ខាងក្រៅ​អាកាសយានដ្ឋាន Hamid Karzai ក្នុង​ក្រុង​កា​ប៊ុល​។ ការ​បំផ្ទុះ​នេះ កើត​នៅ​ច្រកចូល​មួយ​នៃ​អាកាសយានដ្ឋាន​។ 
 
​តាម​ការចុះផ្សាយ​របស់ Al Jazeera មនុស្ស​យ៉ាងហោចណាស់  ១១​នាក់ បាន​បាត់​បង់ជីវិត នៅ​ក្នុងការ​បំផ្ទុះ​មួយ​នេះ​។ 
 
​មុន​មានការ​បំផ្ទុះ ទូត​អាមេរិក​នៅ​ក្រុង​កា​ប៊ុល បាន​ជូនដំណឹង​បន្ទាន់​ទៅ​ប្រជាជន​ខ្លួន នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន ឱ្យ​ចៀស​ពី​អាកាសយានដ្ឋាន​។ «​ប្រជាជន​អាមេរិក ដែលមាន​វត្ត​មាននៅ​ច្រក Abbey ច្រក​ខាងកើត និង​ច្រក​ខាងជើង ត្រូវ​ចាកចេញ​អាកាសយានដ្ឋាន​ភ្លាម​»​។ ស្ថានទូត​អាមេរិក​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន បានបញ្ជាក់​បែបនេះ​។​
 
​ក្នុង​រយៈពេល ២៤​ម៉ោង កម្លាំង​ប្រទេស​លោកខាងលិច បាន​ជម្លៀស​ប្រជាជន​បាន​ប្រមាណ ១៣,៤០០​នាក់​។ លើសពីនេះ មនុស្ស​ប្រមាណ ៩៥,៧០០​នាក់ ត្រូវបាន​ជម្លៀស​ចេញពី​អា​ហ្វ​ហ្កា​នី​ស្ថាន បើ​គិត​ចាប់ពី​ថ្ងៃទី​១៤ ខែសីហា​៕ 

Tag:
 អា​ហ្វ​ហ្កា​នី​ស្ថាន​
  អាម៉េរិក​
© រក្សាសិទ្ធិដោយ thmeythmey.com