អត្ថបទពាណិជ្ជកម្ម
ក្រសួងទេសចរណ៍ និងសហគ្រិនខ្មែរចុះMOU លើគម្រោង “ជំរុញចលនាទេសចរណ៍ផ្ទៃក្នុង និងលើកកម្ពស់សកម្មភាពទេសចរណ៍ក្នុងសហគមន៍ក្នុងបរិបទជំងឺកូវីដ-១៩
31, Aug 2021 , 9:39 am        
រូបភាព
នាព្រឹកថ្ងៃសុក្រ ទី២៧ ខែសីហា ឆ្នាំ២០២១ នៅទីស្តីការក្រសួងទេសចរណ៍ មានរៀបចំពិធីចុះអនុស្សារណៈ យោគយល់គ្នារវាង ក្រសួងទេសចរណ៍ និងសហគ្រិនខ្មែរ លើគម្រោង “ជំរុញចលនាទេសចរណ៍ ផ្ទៃក្នុង និងលើកកម្ពស់សកម្មភាពទេសចរណ៍ក្នុងសហគមន៍ក្នុងបរិបទជំងឺកូវីដ-១៩"។ ពិធីចុះហត្ថលេខានេះ បានប្រព្រឹត្តទៅដោយមានការចូលរួមពី ឯកឧត្តម ថោង រដ្ឋសក្តិ អគ្គនាយកនៃអគ្គ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយក ប្រតិបត្តិនៃសហគ្រិនខ្មែរ ក្រោមសក្ខីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងយុត្តិសាស្ត្រត្រៀមខ្លួនស្តារសេដ្ឋកិច្ចឡើងវិញពី ឯកឧត្តម វង្សីវិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។
 
គម្រោងនៃកិច្ចសហការនេះ ផ្តោតលើការជំរុញចលនាទេសចរណ៍ ទៅកាន់តំបន់សហគមន៍ទេសចរណ៍សំខាន់ៗ ក្នុងខេត្តគោលដៅចំនួន ៤ គឺខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង ដោយផ្តល់អាទិភាពលើសកម្មភាពសំខាន់ៗរួមមាន ដូចជាការផ្តល់ជូនវគ្គបណ្តុះបណ្តាលលើជំនាញចាំបាច់មួយចំនួន ការបណ្តុះគំនិតសហគ្រិនភាពនៅតាមសហគមន៍ ការរៀបចំវីដេអូផ្សព្វផ្សាយអំពីតំបន់សហគមន៍ ការដាក់ស្លាកសញ្ញាចង្អុល ទីតាំងសហគមន៍ និងការសហការជាមួយវិស័យឯកជនក្នុងការផ្សព្វផ្សាយតំបន់ខាងលើ​។
 
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា អេកូទេសចរណ៍ និងទេសចរណ៍សហគមន៍ គឺជាអនុវិស័យនៃទេសចរណ៍ពិភពលោក ដែលនៅតែមានសកម្មភាព និងដំណើរការទោះក្នុងដំណាក់កាលវិបត្តិ កូវី៩-១៩ ពិសេសទ្រទ្រង់ដល់សកម្មភាពទេសចរណ៍ផ្ទៃក្នុង និងជាឧបករណ៍ដ៏មានប្រសិទ្ធភាព ក្នុងការជំរុញការអភិវឌ្ឍ នៅមូលដ្ឋាន។ ការអភិវឌ្ឍជាសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ដែលមានចរិតយុទ្ធសាស្ត្រ និងនយោបាយ ពិតជាបានរួមចំណែកសំខាន់ ក្នុងការអភិវឌ្ឍនៅតាមមូលដ្ឋាន ជាពិសេសជំរុញការចូលរួមរបស់ប្រជាពលរដ្ឋក្នុង ដំណើរការនៃការអភិវឌ្ឍប្រទេសជាតិ តាមរយៈការផ្តល់សិទ្ធិអំណាចជូនពួកគាត់ ក្នុងការរៀបចំចាត់ចែង និងអភិវឌ្ឍ សហគមន៍របស់ខ្លួនដោយផ្ទាល់ (Local Empowerment)។
 
លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាល នៃមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (ម.អ.ស.) មានប្រសាសន៍ថា ៖“គម្រោងជំរុញចលនាទេសចរណ៍ផ្ទៃក្នុង និងលើកកម្ពស់សកម្មភាពទេសចរណ៍ក្នុងសហគមន៍ ក្នុងបរិបទវិបត្តិ កូវី៩-១៩" ជាការផ្តួចផ្តើមមួយក្នុងការត្រៀមខ្លួនស្តារសេដ្ឋកិច្ចឡើងវិញ និងស្របតាមនិន្នាការបរិបទ “ប្រក្រតីភាព តាមគន្លងថ្មី" តាមរយៈការលើកកម្ពស់សកម្មភាព សហគ្រិនភាពនៅក្នុងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍។
 
លោក វង្សី វិស្សុត បញ្ជាក់បន្ថែមថា ខណៈពេលដែលចលនាទេសចរណ៍ ត្រូវបានកាត់បន្ថយ ស្ទើរតែទាំងស្រុង ការផ្តួចផ្តើមនេះជាការរួមចំណែកបង្កើតចំណូលជាតិថ្មី តាមរយៈ ការពង្រីកអាជីវកម្ម និងបង្កើនការងារបន្ថែម ក្នុងសហគមន៍ដែលបម្រើផលប្រយោជន៍ផ្ទាល់ ទៅដល់សេដ្ឋកិច្ចមូលដ្ឋាន។ ម្យ៉ាងទៀត​គម្រោងនេះ​ ជាការបង្វែរវិបត្តិនាពេលបច្ចុប្បន្ន ឱ្យទៅជាឱកាស ដើម្បីអភិវឌ្ឍ និងត្រៀមខ្លួន ក្នុងការចាប់យកសក្តានុពលទេសចរ​ជាតិ និងអន្តរជាតិ ក្រោយវិបត្តិកូរីដ-១៩ និងការងើបឡើងវិញនៃវិស័យទេសចរណ៍។
 
ក្នុងន័យនេះ កិច្ចសហការជាមួយ សហគ្រិនខ្មែរ នាពេលនេះ នឹងរួមចំណែកបង្កើតផលប្រយោជន៍សេដ្ឋកិច្ចសង្គម ដល់ប្រជាពលរដ្ឋមូលដ្ឋានដោយផ្ទាល់នៅសហគមន៍ តាមរយៈវិស័យទេសចរណ៍ ក្នុងបរិបទនៃជំងឺកូវីដ-១៩ ព្រមជាមួយការថែរក្សាការពារ និងអភិរក្សធនធានធម្មជាតិ និងបេតិកភណ្ឌវប្បធម៌ រក្សាបាននូវអត្តសញ្ញាណដើម របស់សហគមន៍មូលដ្ឋាន។ ក្រសួងទេសចរណ៍ មានសុទិដ្ឋិនិយមចំពោះគម្រោងនេះ និងរំពឹងថា សហគ្រិនខ្មែរ នឹងក្លាយជាដៃគូដ៏មានសក្តានុពលជាមួយក្រសួងទេសចរណ៍ ក្នុងការជំរុញការអភិវឌ្ឍអនុវិស័យសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ និងវិស័យទេសចរណ៍ជារួម៕
 
(អត្ថបទពាណិជ្ជកម្ម)
 
 

Tag:
 Khmer Enterprise
© រក្សាសិទ្ធិដោយ thmeythmey.com