COVID-19
អន្តរជាតិ
WSJ៖ កូរ៉េខាងជើង បដិសេធទទួលយកវ៉ាក់សាំង ៣លានដូស របស់ក្រុមហ៊ុន Sinovac
02, Sep 2021 , 9:39 am        
រូបភាព
រូបភាពពី Xinhua
រូបភាពពី Xinhua
កូរ៉េខាងជើង បានបដិសេធទទួលយកវ៉ាក់សាំងក្រុមហ៊ុន Sinovac ចំនួន ៣លានដូសឡើយ ដោយវ៉ាក់សាំងទាំងនោះ គឺស្ថិតនៅក្រោមយន្តការ COVAX។ នេះបើតាមការចុះផ្សាយរបស់កាសែត Wall Street Journal នៅថ្ងៃទី១ ខែកញ្ញា។

 
មិនខុសពីប្រទេសផ្សេងឡើយ កូរ៉េខាងជើង ក៏ជាប្រទេសមួយដែលស្ថិតក្នុងបញ្ជីយន្តការ COVAX ដែរ ក្នុងការទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ យ៉ាងណាមិញ រដ្ឋាភិបាលក្រុងព្យុងយ៉ាង បានបដិសេធទទួលយកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយសារផ្អែកលើហេតុផលទុកឱ្យបណ្តាប្រទេស ដែលខ្វះខាត។ 
 
បើតាមកាសែត Wall Street Journal អង្គការយូនីសេហ្វ (UNICEF) ដែលតំណាងឱ្យយន្តការ COVAX ក្នុងការដឹកជញ្ជូនវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទៅបណ្តាប្រទេសផ្សេងៗ បានអះអាងថា ក្រសួងសុខាភិបាលកូរ៉េខាងជើង មិនទទួលយកការដឹកជញ្ជូនវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន Sinovac ចំនួន ៣លានដូសឡើយ។ កូរ៉េខាងជើង បានជំរុញឱ្យអង្គការយូនីសេហ្វ ទុកឱ្យប្រទេសផ្សេង។ 
 
នៅក្នុងខែកក្កដាកន្លងមក កូរ៉េខាងជើង ក៏មិនទទួលការដឹកជញ្ជូនវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ផងដែរ។ នេះបើតាមក្រុមអ្នកជំនាញ ដែលមានមូលដ្ឋានកូរ៉េខាងត្បូង។ 
 
សូមបញ្ជាក់ថា មកទល់ពេលនេះ កូរ៉េខាងជើង មិនទាន់រាយការណ៍ពីករណីឆ្លងជំងឺកូវីដ-១៩ ឡើយ ស្របពេលប្រទេសមួយនេះ បានរឹតបន្តឹងវិធានទប់ស្កាត់ជំងឺឆ្លងយ៉ាងខ្លាំង។ កន្លងទៅ មេដឹកនាំគីម ជុងអ៊ុន បានដកមន្រ្តី២ ឬ៣រូបថែមទៀត ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ នេះ៕

Tag:
 កូរ៉េខាងជើង
  វ៉ាក់សាំង
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com