ជាតិ
អត្ថបទពាណិជ្ជកម្ម
ធនាគារ ព្រីនស៍ បានឈ្នះពានរង្វាន់អន្តរជាតិថ្មីៗចំនួន២ ពីស្ថាប័នអន្តរជាតិ International Banker
02, Sep 2021 , 11:49 am        
រូបភាព
ភ្នំពេញ៖ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ - ធនាគារ ព្រីនស៍ ថ្មីៗនេះ បានទទួលពានរង្វាន់ជា ធនាគារពាណិជ្ជឆ្នើមនៅកម្ពុជាឆ្នាំ២០២១ និងជាធនាគារដែលមានភាពច្នៃប្រឌិតល្អបំផុតលើផ្នែកសេវាធនាគារបុគ្គលនៅកម្ពុជាឆ្នាំ២០២១។ នេះគឺជាឆ្នាំទី២ របស់ធនាគារ ព្រីនស៍ហើយ ដែលទទួលបានពានរង្វាន់ជាធនាគារពាណិជ្ជឆ្នើម នៅកម្ពុជាជាបន្តបន្ទាប់។
 
ពានរង្វាន់ដែលទទួលបានពីស្ថាប័នអន្តរជាតិ International Banker នៅថ្ងៃនេះ គឺជាការទទួលស្គាល់ ក្នុងការកំណត់ស្តង់ដារថ្មី សម្រាប់ការអនុវត្ត និងការជំរុញបន្ថែម នៅក្នុងឧស្សាហកម្មហិរញ្ញវត្ថុ។ ស្ថាប័នអន្តរជាតិ International Banker ផ្អែកទៅលើការតែងតាំង ពីសំណាក់អ្នកអាន ក្នុងការស្វែងរកស្ថាប័នហិរញ្ញវត្ថុ ដែលមានសក្តានុពលល្អបំផុត នៅទូទាំងពិភពលោក។ ស្ថាប័នធនាគារទាំងនោះ មិនត្រឹមតែជាធនាគារ ដែលដំណើរការបានល្អប៉ុណ្ណោះទេ តែថែមទាំងជាស្ថាប័ន ដែលមានដំណើរប្រតិបត្តិការឈានមុខគេ ដែលអាចកំណត់នូវប្រសិទ្ធភាពថ្មី ហើយជាហេតុផលដែលធ្វើឱ្យស្ថាប័នដទៃមានការស្ញប់ស្ញែង។ 
 
លោក ហ៊ន់ សុរចនា ប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ ម.ក បានមានប្រសាសន៍ថា៖ “យើងពិតជាមានសេចក្តីសោមនស្សរីករាយខ្លាំងណាស់ ដែលធនាគារ ព្រីនស៍ ទទួលបានការតែងតាំង និងឈ្នះពានរង្វាន់អន្តរជាតិ ដ៏មានកិត្យានុភាពចំនួន២នេះ ពីក្នុងវិស័យធនាគារនៅកម្ពុជា។ យើងពិតជាមានកិត្តិយសក្រៃលែង ដែលទទួលបានពានរង្វាន់ទាំងពីរនេះ ដែលវាជាសក្ខីភាពមួយ បង្ហាញពីការយកចិត្តទុកដាក់ ទៅកាន់អតិថិជនរបស់យើង។ ដូច្នេះពានរង្វាន់ទាំងពីរនេះ គឺជាគុណតម្លៃរបស់អតិថិជន ដៃគូអាជីវកម្ម និងបុគ្គលិកនៅក្នុងធនាគារ ព្រីនស៍ទាំងអស់ ដែលជាផ្នែកមួយធ្វើឱ្យធនាគារ ព្រីនស៍ សម្រេចបាននូវគោលដៅដូចសព្វថ្ងៃ។ ខ្ញុំពិតជាអរគុណដល់អ្នកទាំងអស់គ្នាណាស់ អ្នកទាំងអស់គ្នា គឺជាកម្លាំងជំរុញ ដែលធ្វើឱ្យធនាគាររបស់យើង មានភាពកាន់តែប្រសើរជាងមុន “។  
 
 


លោក ហ៊ន់ សុរចនា បានបន្ថែមទៀតថា៖ “ចាប់តាំងពីយើងបានក្លាយខ្លួន ជាធនាគារពាណិជ្ជ កាលពី៣ឆ្នាំមុន រហូតមកដល់បច្ចុប្បន្ន យើងតែងតែមានការប្តេជ្ញាចិត្ត ខិតខំប្រឹងប្រែង យកចិត្តទុកដាក់ ដល់អតិថិជនជានិច្ច។ ដោយទទួលបានការជំរុញពីអតិថិជនយើង ក្នុងន័យនេះ ធនាគារមិនមែនគ្រាន់តែជាកន្លែងដែលអតិថិជន មកធ្វើប្រតិបត្តិការមួយមុខនោះទេ តែវាគឺជាការធ្វើដំណើររួមគ្នា ដើម្បីសម្រេចបាននូវគោលដៅហិរញ្ញវត្ថុ របស់អតិថិជន ហើយយើងក៏បានបន្តប្រើប្រាស់យុទ្ធសាស្រ្ត ដែលផ្តោតសំខាន់លើអតិថិជន តាំងពីពេលនោះមក ដើម្បីបំពេញតម្រូវការហិរញ្ញវត្ថុរបស់ពួកគេ។  ឧទាហរណ៍៖ កាលពីពេលថ្មីៗនេះ យើងបានដាក់ចេញនូវកម្មវិធី PRINCE MobileBiz និងកម្មវិធី PRINCE Merchants ដែលត្រូវបានបង្កើត និងផ្តល់ជូនជាពិសេស ដល់អតិថិជនអាជីវកម្មរបស់យើង បន្ថែមពីលើកម្មវិធី PRINCE Mobile -- កម្មវិធីធនាគារតាមទូរស័ព្ទ ដែលមានការរីកចម្រើនជារៀងរាល់ឆ្នាំ ហើយសមិទ្ធផលនេះ បានមកពីការបម្រែបម្រួលនៃប្រព័ន្ធឌីជីថល ដែលជាកត្តាអាចឱ្យយើងបញ្ចូល បច្ចេកវិទ្យាទាំងនោះ ទៅក្នុងជីវភាពរស់នៅអតិថិជនរបស់យើង បានប្រសើរជាងមុន។ ក្នុងនោះផងដែរ អតិថិជនរបស់យើង បានទទួលស្គាល់ថា វាពិតជាមានសារសំខាន់យ៉ាងខ្លាំង ក្នុងការធ្វើឱ្យដំណើរការអាជីវកម្មរបស់ពួកគេ មានភាពប្រសើរឡើង ជាពិសេស ក្នុងការធ្វើអាជីវកម្មប្រភេទឌីជីថល ដែលវាពិតជាមានកើនឡើងយ៉ាងគួរឱ្យកត់សម្គាល់ ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩នេះ។ កម្មវិធីនេះដែរ នឹងធ្វើឱ្យអាជីវករទាំងអស់ អាចផ្តោតអារម្មណ៍លើបញ្ហាផ្សេងទៀតដើម្បីទ្រទ្រង់ ឬពង្រីកអាជីវកម្មរបស់ពួកគេបន្ថែមទៀតផងដែរ“។
 


យុទ្ធសាស្រ្តដែលផ្តោតសំខាន់លើអតិថិជន ដែលធនាគារ ព្រីនស៍ បានអនុវត្តតាំងពីដំបូងមក បានធ្វើឱ្យយើងអាចបង្កើតទៅជាពាក្យស្លោកថ្មីមួយ សម្រាប់ធនាគាររបស់យើងគឺ “យើងប្រឹងប្រែងដើម្បីអ្នក” ហើយពាក្យស្លោកថ្មីនេះ ត្រូវបានយកទៅអនុវត្តនៅគ្រប់ប្រតិបត្តិការរបស់ធនាគារទាំងអស់ ដែលមានដូចជា ការអភិវឌ្ឍផលិតផល សេវាកម្មអតិថិជន ការទំនាក់ទំនង និងផ្សព្វផ្សាយ -ល- ។ បុគ្គលិកនៃធនាគារ ព្រីនស៍ គ្រប់គ្នាត្រូវធានាបានថា គ្រប់តម្រូវការរបស់អតិថិជន គឺត្រូវបានបំពេញយ៉ាងល្អឥតខ្ចោះ។ ហើយយើងជឿជាក់ថាតាមរយៈការអនុវត្តបែបនេះ គឺដើម្បីត្រៀមខ្លួនជាស្រេច សម្រាប់បំពេញតម្រូវការជូនដល់អតិថិជន ក៏ដូចជាដើម្បីបំពេញតម្រូវការ សម្រាប់ការរីកលូតលាស់នៃវិស័យសេដ្ឋកិច្ច របស់ប្រទេសយើងផងដែរ ។  
 


លោក ហ៊ន់ សុរចនា បានបន្ថែមថា៖ “ជាមួយការជំរុញ និងការទទួលស្គាល់តាមរយៈ ពានរង្វាន់ អន្តរជាតិទាំងពីរនេះ ធនាគារ ព្រីនស៍ នឹងបន្តខិតខំដើម្បីក្លាយជាធនាគារដ៏ល្អបំផុតមួយ សម្រាប់អតិថិន ដែលផ្តល់ជូននូវសេវាកម្ម ក៏ដូចជាផលិតផលកាន់តែប្រសើរឡើង។ សូមអរគុណយ៉ាងជ្រាលជ្រៅ ដល់អតិថិជនដ៏មានតម្លៃ និងដៃគូសហការទាំងអស់ សម្រាប់ការផ្តល់ឱកាសដល់ធនាគារ ព្រីនស៍ក្នុងការបំពេញសេវាកម្ម និងជាធនាគារជម្រើសទី១របស់លោកអ្នក សូមអរគុណសម្រាប់ការគាំទ្ររបស់លោកអ្នក”៕  
 
អំពីធនាគារ ព្រីនស៍ ម.ក
ធនាគារ ព្រីនស៍ ម.ក បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួន ក្នុងឆ្នាំ២០១៥ ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជនមួយ ដែលមានឈ្មោះចាស់ថា “គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី” ហើយបន្ទាប់មកត្រូវបានប្រែក្លាយទៅជាធនាគារពាណិជ្ជ ដែលមានអាជ្ញាប័ណ្ណធ្វើប្រតិបតិ្តការធនាគារលេខ ធ ៤៦ ពីធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨។ 
ដោយមានមូលដ្ឋានដើមទុនដ៏រឹងមាំ ជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាទំនើប ប្រកបដោយជំនាញច្បាស់លាស់ និងការយល់ដឹងយ៉ាងទូលំទូលាយអំពីទីផ្សារក្នុងស្រុក ធនាគារ ព្រីនស៍ ម.ក មានភាពជឿជាក់ក្នុងការក្លាយជាគ្រឹះស្ថានឈានមុខក្នុងវិស័យធនាគារ ដោយផ្តល់ដំណោះស្រាយហិរញ្ញវត្ថុច្រើនជម្រើស និងសម្បូរបែបដល់អតិថិជនរបស់យើង តាមរយៈសេវាកម្ម និងផលិតផលជាច្រើនប្រភេទ ដែលប្រកបដោយភាពងាយស្រួល និងបទពិសោធន៍ដ៏ល្អឥតខ្ចោះ ជូនអតិថិជនរបស់យើង។ យើងមានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការរួមចំណែកដល់ការអភិវឌ្ឍន៍ សហគ្រាសធុនតូច និងមធ្យម ដែលជាផ្នែកដ៏សំខាន់មួយនៃអតិថិជនគោលដៅរបស់យើង។ បច្ចុប្បន្ននេះធនាគារ ព្រីនស៍ មាន ៣២សាខា និង អេធីអឹមចំនួន៧១ ទីតាំងទូទាំងប្រទេស។ 
 
(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com