អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក ពូ​ទីន​៖ អាម៉េរិក​សម្រេចបាន​ល​ទ្ធ​ផល​សូន្យ សម្រាប់​សង្គ្រាម​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន​
03, Sep 2021 , 7:30 am        
រូបភាព
លោកប្រធានាធិបតីរុស្ស៊ី_វ្លាឌីមៀ_ពូទីន។_រូបភាព៖_NBC_News
លោកប្រធានាធិបតីរុស្ស៊ី_វ្លាឌីមៀ_ពូទីន។_រូបភាព៖_NBC_News
​ប្រធានាធិបតី​រុស្ស៊ី លោក​វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​លើកឡើងថា យុទ្ធនាការ​អាម៉េរិករ​យៈ​ពេល ២០​ឆ្នាំ នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន បានបញ្ចប់​ដោយ​សោកនាដកម្ម ហើយ​ក្រុង​វ៉ាស៊ីនតោន មិន​សម្រេចបាន​អ្វី​ទាំងអស់​។ លោកពូ​ទីន​ថា នេះ​គឺជា​លទ្ធផល​សូន្យ ប្រសិនបើ​មិន​អវិជ្ជមាន​។

 
ក្នុង​ជំនួប​ជាមួយ​ក្មេង​ជំទង់​នៅ​ទីក្រុង ​Vladivostok ក្នុង​ថ្ងៃទី​១ ខែកញ្ញា លោក​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​លើកឡើងថា ទ័ព​អាម៉េរិក មាន​វត្ត​មាននៅ​អា​ហ្វ​ហ្កា​នី​ស្ថាន ២០​ឆ្នាំ ហើយ​ក្នុង​រយៈពេល​នោះ ក្រុង​វ៉ាស៊ីនតោន បាន​ព្យាយាម​បណ្តុះ​អារ្យធម៌​របស់ខ្លួន ជាមួយ​ប្រជាជន​ក្នុង​តំបន់​។ លោកពូ​ទីន បាន​បន្តថា ការពិត អាម៉េរិក​បាន​បំពាក់​បទដ្ឋាន និង​បែបបទ​រស់នៅ ក្នុងន័យ​ដ៏​ទូលាយ ក្នុងនោះ​រួមទាំង​អង្គការ​នយោបាយ នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន​ផងដែរ​។ 
 
«​លទ្ធផល គឺ​មានតែ​សោកនាដកម្ម និង​បាត់បង់​អ្នក​ដែល​ដើរ​តាម​ប៉ុណ្ណោះ​»​។ មេដឹកនាំ​រុស្ស៊ី បាន​សង្កត់ធ្ងន់​បែបនេះ ដោយ​បន្ថែមថា នេះ​គឺជា​លទ្ធផល​សូន្យ ប្រសិនបើ​មិន​អវិជ្ជមាន​។ បើតាម​លោកពូ​ទីន វា​មិនអាច​ទៅរួច​ឡើយ ដើម្បី​បណ្ដុះ​គុណ​តម្លៃ​អ្វីមួយ​មកពី​ខាងក្រៅ​។ 
 
​លោកពូ​ទីន នៅ​សប្តាហ៍​មុន ក៏បាន​បង្ហាញ​ក្តីបារម្ភ​លើ​បណ្តា​ប្រទេស​លោកខាងលិច ដែល​ព្យាយាម​ជម្លៀស​ជនភៀសខ្លួន​អា​ហ្វ​ហ្កា​នី​ស្ថាន ទៅ​ប្រទេស​នៅក្នុង​តំបន់​អាស៊ី​កណ្តាល​ផងដែរ ដោយ​បារម្ភ​ពី​ការ​រីកសាយ​នៃ​ក្រុម​ឥស្លាម​ជ្រុលនិយម​នៅក្នុង​ប្រទេស​ទាំងនោះ​។ លោកពូ​ទីន បាន​អះអាងថា រុស្ស៊ី នឹងមិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​អា​ហ្វ​ហ្កា​នី​ស្ថាន​ឡើយ​។ 
 
​សូមបញ្ជាក់ថា មកទល់ពេលនេះ ក្រុម​តា​លី​បង់ បាន​ត្រៀម​បញ្ចេញ​រដ្ឋាភិបាល​ថ្មី​របស់ខ្លួន បន្ទាប់ពី​គ្រប់គ្រង​ប្រទេស​ឡើងវិញ ខណៈពេល​សេដ្ឋកិច្ច​របស់​ប្រទេស កំពុង​រង​ការ​ខូ​ត​ខាត​៕

Tag:
 រុស្ស៊ី​
  អាម៉េរិក​
  អា​ហ្វ​ហ្កា​នី​ស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com