អន្តរជាតិ
រដ្ឋមន្រ្តីហិរញ្ញវត្ថុម៉ាឡេស៊ី គ្រោងដំឡើងកម្រិតបំណុលអតិបរមាទៅ៦៥ភាគរយនៃ GDP
04, Sep 2021 , 10:44 am        
រូបភាព
លោក Tengku Zafrul Abdul Aziz រដ្ឋមន្រ្តីហិរញ្ញវត្ថុរបស់ម៉ាឡេស៊ី។
លោក Tengku Zafrul Abdul Aziz រដ្ឋមន្រ្តីហិរញ្ញវត្ថុរបស់ម៉ាឡេស៊ី។
រដ្ឋមន្រ្តីហិរញ្ញវត្ថុម៉ាឡេស៊ី លោក Tengku Zafrul Abdul Aziz នៅថ្ងៃទី៣ ខែកញ្ញា បានលើកឡើងថា លោកនឹងស្នើទៅសភា ដើម្បីពង្រីកកម្រិតអតិបរមាបំណុលទៅ៦៥ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP)។ កម្រិតអតិបរមាបំណុលរបស់ម៉ាឡេស៊ីក្នុងពេលបច្ចុប្បន្នមាន៦០ភាគរយនៃផលិតផលក្នុងស្រុកសរុប ដែលត្រូវបានធ្វើវិសោធនកម្មកាលពីឆ្នាំ ២០២០។

 
 
ជាលើកដំបូងនៅខែសីហា ឆ្នាំ២០២០ បន្ទាប់ពីវិបត្តិសេដ្ឋកិច្ចក្នុងឆ្នាំ ២០០៩ ម៉ាឡេស៊ី បានកែប្រែលក្ខន្តិកនៃការកម្រិតបំណុល មក៦០ភាគរយ ដោយពីមុនមានត្រឹមតែ ៥៥ភាគរយប៉ុណ្ណោះ នៃGDP របស់ម៉ាឡេស៊ី។ យ៉ាងណាមិញ មកទល់ពេលបច្ចុប្បន្ន កម្រិតបំណុលរបស់ម៉ាឡេស៊ីមានរហូតដល់ទៅ ៥៨ភាគរយ ហើយវាអាចនឹងលើសចំនួន ៦០ភាគរយបន្តិចនៅដំណាច់ឆ្នាំ២០២១។ 
 
យ៉ាងណាមិញ ចំនួនលើសបន្តិចបន្តួចនេះ ត្រូវបានរដ្ឋមន្រ្តីហិរញ្ញវត្ថុម៉ាឡេស៊ី ចាត់ទុកថាជារឿងមិនសូវសំខាន់ឡើយ ប៉ុន្តែការកម្រិតបំណុលនេះ នឹងត្រូវស្នើទៅសភា។ «ថ្ងៃនេះ យើងមានបំណុលនៅក្រោម ៦០ភាគរយ ដោយមានប្រមាណ ៥៨ភាគរយ»។ លោករដ្ឋមន្រ្តី Tengku Zafrul Abdul Aziz បានសង្កត់ធ្ងន់បែបនេះ។ 
 
សំណើលើការដំឡើងកម្រិតបំណុលនេះ នឹងដាក់ទៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៅសប្តាហ៍ខាងមុខ ហើយបញ្ជូនទៅសភានៅក្នុងពេលវេលាដ៏ត្រឹមត្រូវមួយ។ លោករដ្ឋមន្រ្តីបដិសេធថា រដ្ឋាភិបាលម៉ាឡេស៊ី នឹងមិនខ្ចីរូបិយប័ណ្ណបរទេស ក្នុងពេលនេះឡើយ។ ពេលនេះ ម៉ាឡេស៊ីមានកម្ចីចំនួន ៩៧ភាគរយ ជារូបិយប័ណ្ណរីងហ្គីត និងមានតែ៣ភាគរយប៉ុណ្ណោះ ជារូបិយប័ណ្ណបរទេស។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ Channel News Asia។
 
ប្រសិនបើសភាអនុម័តលើសំណើដំឡើងអត្រាបំណុលអតិបរមានេះទៀត វាជាលើកទីពីរហើយសម្រាប់ម៉ាឡេស៊ី ដែលមានរយៈពេលត្រឹមតែពីរឆ្នាំប៉ុណ្ណោះ។ សំណើរបស់រដ្ឋមន្រ្តីហិរញ្ញវត្ថុម៉ាឡេស៊ី ធ្វើឡើងស្របពេលប្រទេសមួយនេះ កំពុងរងវិបត្តិជំងឺកូវីដ-១៩ ដែលតម្រូវឱ្យមានការផ្តល់ជំនួយ និងកញ្ចប់ថវិកាសម្រាប់ជួយអាជីវកម្មក្នុងស្រុក។
 
មកទល់ពេលនេះ ម៉ាឡេស៊ី មានករណីឆ្លងជំងឺកូវីដ-១៩ សរុប ១,៨លានករណី និងមានអ្នកស្លាប់ជាង ១ម៉ឺននាក់។ ចំណែកអ្នកជាសះស្បើយមានចំនួនជាង ១,៥លាននាក់៕ 
 

Tag:
 ម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com