ជាតិ
រដ្ឋមន្រ្តីកសិកម្ម ឱ្យពលរដ្ឋរួសរាន់យកសត្វមកចាក់ថ្នាំបង្ការជំងឺដុំពកស្បែកគោ-ក្របី
05, Sep 2021 , 7:59 pm        
រូបភាព
 លោក​ វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម​ ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​ដុំពក​ស្បែក​គោ​-ក្របី​ លេីសត្វគោ​នៅ​ខេត្ត​ត្បូងឃ្មុំ​។ រូបភាព​ពី​ហ្វេសប៊ុក លោក វេង សាខុន។
លោក​ វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម​ ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​ដុំពក​ស្បែក​គោ​-ក្របី​ លេីសត្វគោ​នៅ​ខេត្ត​ត្បូងឃ្មុំ​។ រូបភាព​ពី​ហ្វេសប៊ុក លោក វេង សាខុន។
លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម ឱ្យពលរដ្ឋត្រូវឆាប់យកសត្វគោ មកចាក់ថ្នាំការពារជំងឺដុំពកស្បែកគោ-ក្របី ឱ្យទាន់ពេលវេលា និងមិនត្រូវប្រើថ្នាំការពារ ឬថ្នាំព្យាបាល ដោយមិនពិគ្រោះជាមួយអ្នកជំនាញឡើយ។



ជំងឺដុំពកស្បែកគោ-ក្របី បានឆ្លងរាលដាលយ៉ាងខ្លាំងលើសត្វគោ-ក្របី របស់ប្រជាពលរដ្ឋមួយចំនួននៅតាមបណ្ដាខេត្តនានា នៅកម្ពុជា ពិសេសខេត្តជាប់ព្រំដែនថៃ។ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបើកយុទ្ធនាការចាក់វ៉ាកសាំងទប់ស្កាត់ជំងឺដុំពកស្បែកគោ-ក្របី ដោយឥតគិតថ្លៃជូនពលរដ្ឋ។

 រូបភាពពី ហ្វេសប៊ុក លោក វេង សាខុន។

ក្នុងពិធិចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងការពារជំងឺដុំពកស្បែកគោ-ក្របី នាស្រុកតំបែរ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី ៤ កញ្ញានេះ  លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម បានណែនាំដល់មន្រ្តី ត្រូវយកចិត្តទុកដាក់ផ្ដល់វ៉ាក់សាំងការពារជំងឺនេះ  និងអំពាវនាវដល់ពលរដ្ឋត្រូវឆាប់យកគោទៅចាក់វ៉ាក់សាំង ដើម្បីទប់ស្កាត់ការឆ្លងរាលដាលបន្តទៀត។ លោក វេង សាខុន បញ្ជាក់ដូច្នេះ៖ «ប្រជាពលរដ្ឋដែលជាម្ចាស់សត្វ ត្រូវយកសត្វមកចាក់ថ្នាំការពារឱ្យបានទាន់ពេល ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន និងប្រុងប្រយ័ត្នខ្ពស់បំផុតនូវវិធានការអនាម័យ តាមការណែនាំរបស់មន្រ្តីជំនាញ និងហាមលែងសត្វទាំងសត្វជានិងសត្វឈឺឱ្យដើរស៊ីពាសវាលពាសកាល។ ជាងនេះទៅទៀត ម្ចាស់សត្វមិនគួរប្រើប្រាស់ថ្នាំការពារ ឬថ្នាំព្យាបាលសត្វ ដោយមិនបានពិគ្រោះ ឬសុំយោបល់ពីមន្រ្តីជំនាញឡើយ»។

រូបភាពពីហ្វេសប៊ុក លោក វេង សាខុន។

លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយកដ្ឋានផលិតកម្មសត្វ និងសុខភាពសត្វ បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទយ៉ាងខ្លីថា ក្រសួងកសិកម្ម នឹងចាក់វ៉ាក់សាំង លើសត្វគោ-ក្របីចំនួន២ពាន់ដូស។ វ៉ាក់សាំងនេះ នឹងអាចការពារពីការឆ្លងជំងឺនេះរយៈពេល២ឆ្នាំ។
 
សូមបញ្ជាក់ថាគិតដល់ពេលនេះ ជំងឺដុំពកស្បែកគោ-ក្របីបានធ្វើឱ្យប៉ះពាល់ និងធ្វើឱ្យសត្វគោជាង ៣ម៉ឺនក្បាលបានឈឺ។ ក្នុងចំណោមសត្វគោជាង ៣ម៉ឺនក្បាលនេះ ក្រសួងកសិកម្ម បានព្យាបាលជាសះស្បើយចំនួន៧០ភាគរយហើយ៕ 
 

Tag:
 ជំងឺដុំពកគោ-ក្របី
© រក្សាសិទ្ធិដោយ thmeythmey.com