ជាតិ
ចាប់ពីថ្ងៃទី៦-១១ តំបន់វាលទំនាប និងតំបន់សមុទ្រ ប្រឈមជំនន់ទឹកភ្លៀង
06, Sep 2021 , 7:59 am        
រូបភាព
ភ្នំពេញ៖ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ ខេត្តមួយចំនួននៅតំបន់វាលទំនាប និងតំបន់មាត់សមុទ្រ នឹងប្រឈមជំនន់ទឹកភ្លៀង ដោយសារឥទ្ធិពលសម្ពាធទាបឥណ្ឌា (ITCZ) កម្រិត១០០៦ហិតូប៉ាស្កាល់ អូសកាត់កម្ពុជា គូបផ្សំនឹងខ្យល់សមុទ្រ Breeze បក់ចូលមក បង្កើតជាពពកក្រាស់។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម។



ក្នុងសេចក្ដីជូនដំណឹងដដែលបានបញ្ជាក់ថា ឥទ្ធិពលសម្ពាធទាបនេះ នឹងធ្វើឱ្យតំបន់វាលទំនាប មានខេត្តបាត់ដំបង ពោធិ៍សាត់ កំពង់ធំ កំពង់ឆ្នាំង កំពង់ស្ពឺ កណ្ដាល និងរាជធានីភ្នំពេញ មានភ្លៀងធ្លាក់ខ្លាំង គូបផ្សំនឹងផ្គររន្ទះ ផ្លេកបន្ទោរ ហើយអាចប្រឈមនឹងជំនន់ទឹកភ្លៀង។ 
 
ចំណែកឯ តំបន់មាត់សមុទ្រ ដូចជាខេត្តកោះកុង និងព្រះសីហនុ ក៏អាចនឹងប្រឈមជំនន់ទឹកភ្លៀង ដោយផ្ទៃមេឃអាប់អួរ ផ្គររន្ទះ ភ្លៀងធ្លាក់ខ្លាំង និងខ្យល់កន្រ្តាក់ គួបផ្សំនឹងរលកសមុទ្រកម្ពស់ខ្ពស់ផងដែរ។ ចំពោះតំបន់កោះ អាចនឹងប្រឈមបាតុភូតរលកព្យុះសមុទ្រ Storm Surge។
 
ដោយឡែកបណ្ដាខេត្តនៅតាមតំបន់ខ្ពង់រាបជួរភ្នំដងរែក និងជួរភ្នំក្រវាញ ក៏មានអ័ព្ទផ្សែង ភ្លៀងផ្គររន្ទះ ផ្លេកបន្ទោរច្រើនស្ទើរគ្រប់កន្លែងផងដែរ។ ចំពោះស្ថានភាពនៃទឹកទន្លេមេគង្គ នឹងកើនឡើងជាបន្តបន្ទាប់។ 
 
ទន្ទឹមនឹងនេះ ក្រសួងធនធានទឺក អំពាវនាវឱ្យប្រជានេសាទ និងអ្នកដំណើរទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីការប្រែប្រួលអាកាសធាតុនេះ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com