COVID-19
ជាតិ
ចូលចិត្តជួយគេ សង្គ្រោះគេ! មរណភាពរបស់ ស្រីនិ ត្រឹមវ័យ២៨ឆ្នាំ បន្សល់នូវការសោកស្តាយដ៏ធំធេង
05, Sep 2021 , 5:29 pm        
រូបភាព
ដោយ តេង យ៉ាលីរ៉ូហ្ស៊ី 

មរណភាពរបស់ពេទ្យស្ម័គ្រចិត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ អ៊ឹម ស្រីនិ ក្នុងវ័យត្រឹម ២៨ ឆ្នាំ បានក្លាយជារឿងសោកសង្រេងបំផុតសម្រាប់គ្រួសារ និងពលរដ្ឋកម្ពុជាទូទៅ។ យ៉ាងណាមិញ  វីរភាព និងការប្រឹងប្រែងមិនរអែងនឹងភាពនឿយហត់ចំពោះការងារជាគ្រូពេទ្យស្ម័គ្រចិត្ត និងសង្គ្រោះអ្នកជំងឺនឹងបន្តស្ថិតនៅជាដរាប។

 
មានស្រុកកំណើត និងរស់នៅក្នុងខេត្តព្រះសីហនុ យុវតី អ៊ឹម ស្រីនិ បានបញ្ចប់ការសិក្សាបរិញ្ញាបត្ររងផ្នែកសម្ភពនៅសាលាមធ្យមសិក្សាសុខាភិបាលភូមិកាតកំពត ក្នុងឆ្នាំ២០១៨។
 
 ក្នុងអំឡុងពេលសិក្សា ស្រីនិ បានចូលបម្រើការជាបុគ្គលិកស័្មគ្រចិត្តផ្នែកខាងទទួលណែនាំអ្នកជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ រហូតដល់បានក្លាយទៅជាបុគ្គលិកជាប់កិច្ចសន្យានៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុក្នុងឆ្នាំ ២០១៩។
 
ស្រីនិ ជាយុវតីម្នាក់ដែលមានឆន្ទៈខ្ពស់ ឧស្សាហ៍ព្យាយាម ចេះយកអាសារអ្នកដទៃ និងពូកែអត់ធ្មត់បំផុត។  ចំណែកការជ្រើសរើសការងារជាគ្រូពេទ្យ គឺ ជាបំណងប្រាថ្នារបស់នាង តាំងពីតូចមក។ នេះ បើតាមការរៀបរាប់របស់លោក លោក អ៊ឹម សម្ផស្ស ដែលត្រូវជាបងប្រុសបង្កើតរបស់យុវតី ស្រីនិ។


 
«តាំងពីតូចមកគាត់មានឆន្ទៈស្រឡាញ់ និងចង់ជួយមនុស្ស។ គាត់តែងតែប្រាប់ ប៉ាម៉ាក់ ថាគាត់ចង់ធ្វើជាពេទ្យគាត់ចង់ជួយគេ។ គាត់ឧស្សាហ៍ណាស់ ហើយមិនដែលឱ្យអ្នកណាមកលំបាកជាមួយទេ។ គាត់ចូលចិត្តជួយគេ ទោះរវល់យ៉ាងណាក៏ដោយក៏ឆ្លៀតដែរ។ គាត់ក៏ជាមនុស្សពូកែទ្រាំផងដែរ ពេលខ្លះគាត់ឈឺក៏គាត់មិនចង់ឱ្យគេដឹងដែរ»។ លោក សម្ផស្ស លើកឡើងបែបនេះ។
 
ក្នុងតួនាទីជាគ្រូពេទ្យម្នាក់ អ្វីដែលធ្វើឲ្យ ស្រីនិ រីករាយ និងមានមោទនភាពបំផុតនោះគឺ ការជួយមនុស្សនៅជុំវិញខ្លួនដែលកំពុងត្រូវការជំនួយ។ 
 
«ស្រីនិ ធ្លាប់ប្រាប់ថាការងាររបស់នាងមានន័យណាស់ និងជាសិទ្ធិពិសេសមួយដែលអាចជួយមនុស្សកំពុងត្រូវការជំនួយ»។ លោក សម្ផស្សបន្ថែមដូច្នេះ មុននឹងបន្តថា ស្រីនិ ក៏តែងបង្ហាញក្តីស្រលាញ់ និងពេញចិត្តខ្លាំងចំពោះការងារជាពេទ្យឆ្មបផងដែរ ដ្បិតថា នាងបានរួមចំណែកជួយបង្កើតជីវិតថ្មី។
 
នៅដើមឆ្នាំ ២០២០ នៅពេលផ្ទុះឡើងនូវជំងឺកូវីដ-១៩ ជាលើកដំបូងនៅខេត្តព្រះសីហនុ យុវតីរូបនេះបានសម្រេចចិត្តចូលបំពេញការងារជាគ្រូពេទ្យស្ម័គ្រចិត្ត ក្នុងបុព្វហេតុចូលរួមប្រយុទ្ធប្រឆាំងនឹងការរាលដាលនៃជំងឺនេះក្នុងសហគមន៍របស់ខ្លួន។ នៅដើមឆ្នាំ ២០២១ ស្រីនិ បានទទួលក្របខណ្ឌរដ្ឋក្នុងក្រសួងសុខាភិបាល។
 
មានសមាជិកគ្រួសារដែលបំពេញការងារជាគ្រូពេទ្យជួរមុខ ជាក្តីបារម្ភធំបំផុតមួយរបស់ក្រុមគ្រួសារស្រីនិ។ ទោះក្តីបារម្ភធំហួសនឹងថ្លែងក៏ដោយ បើតាមលោក សម្ផស្ស ឪពុកម្តាយ រួមជាមួយរូបលោកផង មិនហ៊ានជំទាស់ ឬឃារឃាំងឆន្ទៈនិងបំណងរបស់កូន និងប្អូនស្រី ខ្លួនទេ។
 
«យើងមិនបានជំទាស់ការសម្រេចចិត្តរបស់គាត់ទេ ប៉ុន្តែប្រាប់គាត់ឱ្យប្រយ័ត្ន។ គាត់មានឆន្ទៈមួយថាគាត់ត្រូវតែទៅ ព្រោះគាត់ចូលចិត្តជួយគេ ចង់សង្រ្គោះគេ។ បើមានឳកាសហើយគាត់ប្រាប់ថា គាត់ត្រូវតែចូលរួម»។ លោក សម្ផស្ស បញ្ជាក់ដូច្នេះ។
 
លោក សម្ផស្ស បានរៀបរាប់ឲ្យដឹងទៀតថា ការបំពេញការងារនៅមន្ទីរពេទ្យផង និងឆ្លៀតមកធ្វើជាពេទ្យជួរមុខផង គឺជារឿងដែលហត់នឿយបំផុតមួយសម្រាប់ប្អូនស្រីលោក។ ប៉ុន្តែ ស្រីនិ មិនដែល ត្អូញត្អែរសោះឡើយថា ខ្លួនហត់នឿយ។
 
«ពេលខ្លះអីនៅប្រជុំដល់ម៉ោង២ភ្លឺ ឬ៣ភ្លឺ ជាមួយថ្នាក់ដឹកនាំក៏គាត់មិនដែលត្អូញដែរ។ ពេលខ្លះសឹងថា មួយថ្ងៃនឹងអត់បានគេងសោះក៏មាន»។ លោកបន្ថែមដូច្នេះ។ 
 
លោក ជុំ រ៉ា ជាអ្នកគ្រប់គ្រងប្រព័ន្ធទិន្នន័យ និងជាវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ហើយក៏ត្រូវជាគ្រូបណ្តុះបណ្ដាល ស្រីនិ ផងនោះ  ចាត់នាង ស្រីនិ គឺជាធនធានមនុស្សក្នុងវិស័យសុខាភិបាលដែលកម្រម្នាក់។ លោកកោតសរសើរនាងមិនដាច់ពីមាត់ថា ជាសិស្ស និងជាបុគ្គលិកម្នាក់ដែលឧស្សាហ៍ប្រឹងប្រែងសិក្សារៀនសូត្រ និងធ្វើការជាងបុគ្គលិកដទៃ។
 
«ខ្ញុំពេញចិត្តគាត់ណាស់។ សឹងតែ១០០ភាគរយមិនងាយមានអ្នកណាតស៊ូសង្វាតនឹងការងារដូចគាត់ទេ ក្នុងចំណោមបុគ្គលិករបស់ខ្ញុំ ប្រហែលជាង ២០០នាក់»។ លោក ជុំ រ៉ា និយាយដូច្នេះ។ 
 
បើតាមលោក ជុំរ៉ា នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ស្រីនិ បានបំពេញការងារជាអ្នកទទួលអ្នកជំងឺ ឆ្លាស់វេនគ្នាចាប់ពីថ្ងៃចន្ទដល់ថ្ងៃអាទិត្យ។ នៅថ្ងៃទំនេរនាងទៅជួយការងារនៅក្នុងផ្នែកសម្ភពជាមួយនឹងប្រពន្ធរបស់លោក។
 
ការងារមួយទៀតរបស់ស្រីនិ គឺជាជំនួយការរបស់លោកផ្ទាល់ ដែលភាគច្រើន នាងមកជួយលោកនៅចុងខែ។ ចំណែកការងារមួយទៀតដែល ស្រីនិ ទទួលខុសត្រូវដែរនោះ គឺជាអ្នកកាន់ម៉ាស៊ីនស្កេនឆ្អឹង និងក្បាលជាដើម។ 
 
ទាក់ទិននឹងការសម្រេចចិត្តចូលរួមជាគ្រូពេទ្យស្ម័គ្រចិត្តរបស់ ស្រីនិ លោក ជុំ រ៉ា បានលើកឡើងថា ដំបូងលោកមិនគាំទ្រឡើយ ដោយសារការងារជាគ្រូពេទ្យជួរមុខ វាគ្រោះថ្នាក់ខ្លាំង។ ម្យ៉ាងវិញ ទៀតនោះ ស្រីនិ កំពុងបំពេញការងារច្រើនណាស់ទៅហើយ។ 
 
បើតាមលោក ជុំ រ៉ា ការសម្រេចចិត្តជាគ្រូពេទ្យស្ម័គ្រចិត្ត បានក្លាយទៅជាការងារទីប្រាំរបស់យុវតី ស្រីនិ។ យ៉ាងណាមិញ ដោយសារតែ ស្រីនិ បានបង្ហាញការប្ដេជ្ញាចិត្តខ្ពស់ចំពោះអ្វីដែលនាងកំពុងធ្វើ លោក ក៏លែងជំទាស់ទៀត។ 
 
ចាប់ពីដើមឆ្នាំ ២០២០ មក ស្រីនិ បានបន្តបំពេញការងាររបស់ខ្លួនជាទៀតទាត់ក្នុងតួនាទីជាគ្រូពេទ្យជួរមុខ។ ជាអកុសល និងមិននឹកស្មានដល់ គឺ យប់ថ្ងៃ ៣០ ខែសីហា ឆ្នាំ ២០២១ ស្រីនិ បានទទួលមរណភាពដោយសារជំងឺកាចសាហាវនេះ។  
 
បើតាមការបញ្ជាក់របស់លោកស្រី លឹម សាមាន ប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុ ស្រីនិបានទទួលមរណភាពបីថ្ងៃបន្ទាប់ពីត្រូវបានបញ្ជូនទៅសម្រាកព្យាបាលជំងឺនៅមណ្ឌលព្យាបាលព្រីមៀរសែនសុខ នៅរាជធានីភ្នំពេញ។ 
 
យ៉ាងណាក៏ដោយ ជុំវិញការស្លាប់របស់ ស្រីនិ មិនមានការបកស្រាយជាក់លាក់ណាមួយពីបញ្ហាសុខភាពរបស់នាងឡើយ។ នៅពេលសួរថា តើ ស្រីនិ ធ្លាប់មានជំងឺប្រចាំកាយពីមុនមកទេ បានជាសុខភាពនាងវិវត្តទៅរកធ្ងន់ធ្ងរបែបនេះ ជាសមាជិកគ្រួសារផ្ទាល់ លោក សម្ផស្ស បញ្ជាក់ថា ស្រីនិ មានសុខភាពល្អធម្មតា។ ប៉ុន្តែលោកយល់ថា វាអាចបណ្តាលមកពីនាងខំធ្វើការហួសកម្លាំង ទើបសុខភាពទ្រុឌទ្រោម។
 
ក្រោយស្លាប់ សាកសពរបស់ស្រីនិ ត្រូវបានអាជ្ញាធរខេត្ត និងក្រុមគ្រួសារ សម្របសម្រួលដឹកជញ្ជូនពីភ្នំពេញយកទៅបូជានៅខេត្តព្រះសីហនុ។ 
 
ដោយសារ អំឡុងពេលធ្វើការងារស័្មគ្រចិត្ត នាងបានជួយថែទាំអ្នកជំងឺកូវីដច្រើននាក់ អ្នកជំងឺទាំងនោះបានមកចូលរួមពិធីបុណ្យសពរបស់ស្រីនិ ដើម្បីបង្ហាញការគោរពដឹងគុណ និងរំលែកទុក្ខដល់ក្រុមគ្រួសារ បើទោះជាត្រូវចូលរួមពីចម្ងាយដើម្បីគោរពតាមគោលការណ៍រក្សាគម្លាតក៏ដោយ។ លោក សម្ផស្ស បានបញ្ជាក់បែបនេះ។ 
 
លោក ជុំ រ៉ា ឯណោះវិញ រៀបរាប់បានបង្ហាញអារម្មណ៍សោកស្តាយពន់ពេកចំពោះការស្លាប់របស់ស្រីនិ ដែលខ្លួនចាត់ទុកដូចក្មួយបង្កើតដែរ ដោយសារលោកបានណែនាំ បណ្តុះបណ្តាល និងបង្ហាត់បង្រៀនតាំងពី ស្រីនិ នៅជានិស្សិត។ 
 
«ខ្ញុំមានមោទនភាពណាស់ចំពោះក្មួយស្រី ដែលថ្នាក់ដឹកនាំមន្ទីរពេទ្យ ដឹកនាំខេត្ត និងក្រសួងសុខាភិបាលអីចូលរួមជួយធ្វើបុណ្យសពគាត់ ឱ្យតម្លៃដល់ក្មួយខ្ញុំដែលបានលះបង់»។ នេះជាការរៀបរាប់របស់លោក ជុំរ៉ា។ 
 
ទាក់ទិននឹងការបាត់ជីវិតរបស់ ស្រីនិ ដែរ លោកស្រី សាមាន ចាត់ទុកថា វាជារឿងដ៏គួរឱ្យសោកស្តាយបំផុតមួយ។ 
លោកស្រី សាមាន រៀបរាប់បែបនេះ៖ «ស្រីនិ បានចូលរួមប្រយុទ្ធប្រឆាំងកូវីដ-១៩ជាមួយយើង តាំងពីខេត្តព្រះសីហនុមានការផ្ទុះនៅការឆ្លងរាលខ្លាំងមកម្លេះ។ ពួកយើងនឹងចង់ចាំការលះបង់ដ៏មហិមារបស់គាត់ជានិច្ច»។ 
 
ចំណែកលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលឯណោះវិញ បានចាត់ទុកមរណភាពរបស់ ស្រីនិ គឺជាការបាត់បង់នូវបុគ្គលិកសុខាភិបាលមួយរូប ដែលបានលះបង់កម្លាំងកាយ ចិត្ត ក្នុងការរួមចំណែកថែទាំអ្នកជំងឺកូវីដ-១៩៕
 
 
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com