COVID-19
ជាតិ
កូវីដ-១៩ ធ្វើឱ្យតម្លៃក្រូចពោធិ៍សាត់ របស់លោក ឃុន សុភាព គ្មានស្ថិរភាព
05, Sep 2021 , 6:14 pm        
រូបភាព
វិបត្តិកូវីដ-១៩ បានធ្វើឱ្យទីផ្សារក្រូចពោធិ៍សាត់របស់លោក ឃុន សុភាព គ្មានស្ថិរភាពច្បាស់លាស់ តម្លៃឡើងចុះៗ ក្នុងរដូវកាលប្រមូលផល។ ជាក់ស្ដែងចន្លោះពីខែកុម្ភៈ ដល់ខែឧសភា ក្រូចពោធិ៍សាត់របស់កសិកររូបនេះ ជួបបញ្ហាស្ទះទីផ្សារ និងតម្លៃធ្លាក់ចុះ។ ដោយឡែកក្នុងខែមិថុនា បែរជាមានទីផ្សារខ្ពស់ និងតម្លៃកើនឡើង ប៉ុន្តែមកដល់ខែសីហានេះ ក្រូចពោធិ៍សាត់របស់លោក បានធ្លាក់ចុះជាថ្មី ព្រោះឈ្មួញផ្អាកការបញ្ជាទិញ។



លោក ឃុន សុភាព ជាម្ចាស់ចម្ការក្រូចពោធិ៍សាត់ ជាង២០ហិកតា ស្ថិតនៅស្រុកវាលវែង ខេត្តពោធិ៍សាត់។ ដោយសារតែការរាលដាលនៃជំងឺកូវីដ-១៩ បានធ្វើឱ្យតម្លៃក្រូចពោធិ៍សាត់របស់លោក ឃុន សុភាព ធ្លាក់ចុះ និងពិបាករកទីផ្សារ។
 
កន្លងមកចាប់ពីខែកុម្ភៈ ដល់ខែឧសភា ដែលជាដើមរដូវប្រមូលផលក្រូចពោធិ៍សាត់ លោក ឃុន សុភាព ប្រឈមនឹងបញ្ហាទីផ្សារម្ដងរួចមកហើយ ដោយតម្លៃធ្លាក់ចុះ ការបញ្ជាទិញតិច និងពិបាកនាំចេញ។ កាលនោះក្រូចរបស់លោក សុភាព លក់បានតម្លៃចន្លោះពី២៣ម៉ឺនរៀល ទៅ២៥ម៉ឺនរៀល ក្នុងមួយស្លឹក។ លោក អះអាងថា មុនពេលមានវិបត្តិកូវីដ-១៩ តម្លៃក្រូចរបស់លោក លក់បានថ្លៃជាងនេះ។


 
បញ្ហាកកស្ទះទីផ្សារក្រូចពោធិ៍សាត់របស់លោក ឃុន សុភាព បានអូសបន្លាយពេលជាង៣ខែ រហូតដល់ខែមិថុនា ទើបមានសន្ទុះឡើងវិញ ទាំងការបញ្ជាទិញ និងតម្លៃ។ កសិកររូបនេះ បានលើកឡើងថា អំឡុងពេលនោះមានការបញ្ជាទិញច្រើន លោក បាននាំចេញទៅខេត្តគោលដៅមួយចំនួនដូចជា បាត់ដំបង បន្ទាយមានជ័យ និងសៀមរាបជាដើម។
 
រហូតមកដល់ខែសីហានេះ ក្រូចពោធិ៍សាត់របស់លោក ឃុន សុភាព បានធ្លាក់ចុះម្ដងទៀត។ កសិកររូបនេះ រៀបរាប់ប្រាប់សារព័ត៌មានថ្មីៗ២៥ដូច្នេះថា៖«ឥឡូវហ្នឹងធ្លាក់ទៀតហើយ។ និយាយទៅខែសីហាហ្នឹង ចាប់ពីថ្ងៃទី៨មក។ ឈ្មួញគេមិនហ៊ានទិញយកទៅលក់ ព្រោះផ្សារបិទច្រើន ពិសេសនៅខេត្តគោលដៅហ្នឹង។ អ៊ីចឹងហើយបានគេផ្អាកសិន គេខ្លាចដូចតែគ្នាហ្នឹង»។
 
ដ្បិតទីផ្សារក្រូចពោធិ៍សាត់គ្មានលំនឹងច្បាស់លាស់ តែលោក សុភាព មិនបារម្ភអ្វីច្រើនឡើយ ហើយនៅតែរំពឹងថា ទីផ្សារនឹងត្រឡប់មកប្រសើរឡើងវិញ បន្ទាប់ពីជំងឺកូវីដ-១៩ ថយចុះនូវចំនួនអ្នកឆ្លង។ កសិកររូបនេះអះអាងថា ទិន្នផលក្រូចរបស់លោក ឆ្នាំនេះឡើងច្រើនជាងឆ្នាំមុន ដូច្នេះទោះបី ទីផ្សារធ្លាក់ចុះ ក៏លោក មិនប្រឈមនឹងការខាតបង់ច្រើនដែរ។ «ឆ្នាំមុនខាតច្រើន ព្រោះកូវីដ-១៩ផង ទឹកជំនន់ផង។ តែមកឥឡូវ បានម្យ៉ាង អត់ម្យ៉ាង អ៊ីចឹងអត់អីទេ»។ នេះបើតាមការបញ្ជាក់របស់លោក ឃុន សុភាព៕
 
 
 

Tag:
 ក្រូចពោធិ៍សាត់
  ពោធិ៍សាត់
  ឃុន សុភាព
© រក្សាសិទ្ធិដោយ thmeythmey.com