អន្តរជាតិ
​​​សង្ខេបព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗប្រចាំសប្តាហ៍
05, Sep 2021 , 9:13 pm        
រូបភាព
ក្នុងសប្តាហ៍ថ្មីនេះ ការដកទ័ពអាម៉េរិក និងសម្ព័ន្ធមិត្ត នៅអាហ្វហ្កានីស្ថាន នៅជាប្រធានបទដ៏សំខាន់ ព្រោះបន្ទាប់ពីអាម៉េរិកដកទ័ព បញ្ហាជាច្រើន នៅតែបន្តកើតមាន។ បញ្ហាសេដ្ឋកិច្ច វិបត្តិមនុស្សធម៌ និងបញ្ហាផ្សេងទៀត ដែលត្រូវឱ្យក្រុមតាលីបង់ ដោះស្រាយ។ ស្របគ្នានេះ ជំងឺកូវីដ-១៩ នៅបន្តអុកឡុកពិភពលោក ដែលធ្វើឱ្យប្រទេសជាច្រើន ត្រូវសហការគ្នា។

 

ថ្ងៃទី៣០ ខែសីហា

នូវែលសេឡង់ បានកត់ត្រាពីការស្លាប់ដំបូងរបស់ស្ត្រីម្នាក់ដែលជាប់ពាក់ព័ន្ធនឹងវ៉ាក់សាំងបង្ការកូវីដ-១៩  របស់ក្រុមហ៊ុន Pfizer ។ ក្រសួងសុខាភិបាលនូវែលសេឡង់បានប្រកាសបែបនេះ។ 
រដ្ឋាភិបាលក្រុងប៉េកាំង បានហាមឃាត់លើការប្រឡងសំណេរសម្រាប់ក្រុមកុមារដែលមានអាយុ៦ឆ្នាំ និង៧ឆ្នាំ។ នេះជាផ្នែកមួយនៃកំណែទម្រង់វិស័យអប់រំដើម្បីជួយកាត់បន្ថយភាពតានតឹងរបស់សិស្ស និងឪពុកម្តាយនៅចិនដែលត្រូវបានដឹងថា មានការប្រកួតប្រជែងតឹងតែងបំផុត។
 
ថ្ងៃទី៣១ ខែសីហា

ជើងយន្តហោះយោធាចុងក្រោយរបស់អាម៉េរិក បានចាកចេញពីទីក្រុងកាប៊ុលហើយនៅយប់ឈានចូលថ្ងៃទី៣១ ខែសីហា។ នេះ ជាការបញ្ចប់សង្គ្រាម២០ឆ្នាំនៅអាហ្វហ្កានីស្ថានជាផ្លូវការរបស់អាម៉េរិក។ ក្រោយអាម៉េរិកចាកចេញ ក្រុមអ្នកប្រយុទ្ធតាលីបង់បានបាញ់កាំភ្លើងទៅលើ អាកាសដើម្បីអបអរសាទរជ័យជម្នះរបស់ខ្លួន។
 
សិង្ហបុរី នឹងបញ្ជូនវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech ចំនួន៥០ម៉ឺនដូសទៅអូស្ត្រាលីក្រោមកិច្ចព្រមព្រៀងទ្វេភាគីក្នុងការចែករំលែកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ។ អូស្ត្រាលី នឹងត្រូវសងវ៉ាក់សាំងសិង្ហបុរីនៅខែធ្នូ។
 
ថ្ងៃទី១ ខែកញ្ញា

បុគ្គលិកសុខាភិបាលហ្វីលីពីនជាច្រើននាក់ បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មនៅរដ្ឋធានីម៉ានីល ដើម្បីទាមទារឱ្យរដ្ឋាភិបាលបើកប្រាក់ឧបត្ថម្ភរបស់ពួកគេ។ បុគ្គលិកសុខាភិបាល ត្រូវមើលឃើញថា រងសម្ពាធខ្លាំងដោយសារការកើនឡើងនៃការរីករាលដាលនៃជំងីកូវីដ-១៩ ក្នុងប្រទេស។

មន្រ្តីក្រសួងការបរទេសអាម៉េរិក បានអះអាងថា រដ្ឋបាលក្រុងវ៉ាស៊ីនតោនកំពុងស្វែងរក ច្រកផ្សេងៗដែលរួមបញ្ចូលទាំងច្រកផ្លូវគោកដើម្បីបន្តជម្លៀសពលរដ្ឋអាម៉េរិក និងប្រជាជន អាហ្វហ្កានីស្ថានដែលបានជួយខ្លួន ដែលមិនអាចចាកចេញបាននៅត្រឹមថ្ងៃទី៣១ ខែសីហា។
 
ថ្ងៃទី២ ខែកញ្ញា

មេដឹកនាំក្រុមតាលីបង់នៅអាហ្វហ្កានីស្ថាន ត្រៀមបង្ហាញសមាសភាពរដ្ឋាភិបាលថ្មី ដើម្បីដឹកនាំប្រទេស ខណៈសេដ្ឋកិច្ចប្រទេសនេះធ្លាក់ចុះយ៉ាងខ្លាំង។ ទន្ទឹមនឹងវិបត្តិសេដ្ឋកិច្ច អង្គការសហប្រជាជាតិបានព្រមានថា អាហ្វហ្កានីស្ថាន នឹងជួបវិបត្តិកង្វះស្បៀងអារហារក្នុងរយៈពេលមួយខែខាងមុខ។
 
កូរ៉េខាងត្បូង កំពុងអភិវឌ្ឍមីស៊ីលបាលីស្ទិកដែលមានអានុភាពខ្លាំង ហើយអាចផ្ទុកក្បាលគ្រាប់ទម្ងន់៣តោន បន្ទាប់ពីអាម៉េរិកការដកចេញទាំងស្រុងការរឹតត្បិតលើកូរ៉េខាងត្បូងក្នុងការអភិវឌ្ឍមីស៊ីលផ្ទាល់ខ្លួន។ ការអភិវឌ្ឍមីស៊ីលដែលមានឥទ្ធិពលនេះ ត្រូវបានគេមើលឃើញថា ជាយុទ្ធសាស្រ្តមួយរបស់កូរ៉េខាងត្បូងក្នុងការទប់ទល់ការគំរាមរបស់កូរ៉េខាងជើង។
 
ថ្ងៃទី៣ ខែកញ្ញា

នាយករដ្ឋមន្ត្រីជប៉ុន ស៊ូហ្កា យូស៊ីហ៊ីដេ នឹងមិនចូលរួមក្នុងការប្រកួតប្រជែងតំណែងប្រធានបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកំពុងកាន់អំណាចឡើយ។ នេះបើតាមការប្រកាសរបស់មន្រ្តីជាន់ខ្ពស់បក្ស LDP ។ ការណ៍នេះមានន័យថា លោក ស៊ូហ្កា នឹងមិនបន្តតំណែងនាយករដ្ឋមន្ត្រីឡើយ បន្ទាប់កាន់តំណែងបានតែមួយឆ្នាំប៉ុណ្ណោះ។
 
រដ្ឋាភិបាលចក្រភពអង់គ្លេស នៅថ្ងៃទី៣ខែកញ្ញាប្រកាសថា ខ្លួននឹងផ្ដល់ជំនួយជាសាច់ប្រាក់ចំនួន៣០លានផោន(ស្មើ៤១លានដុល្លារ) សម្រាប់ជួយគាំទ្រដល់ប្រទេសជិតខាងរបស់អាហ្វហ្កានីស្ថានដែលត្រូវទទួលជនភៀសខ្លួន។
 
ថ្ងៃទី៤ ខែកញ្ញា

នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា និងសមាជិកគណៈរដ្ឋមន្រ្តី ៥ រូបទៀតនៅបន្តកាន់តំណែងក្រោយការបោះឆ្នោតដោយដកទំនុកចិត្តមិនបានសម្រេចនៅសភា។ ក្រោយការដកតំណែងមិនបានសម្រេចនេះ សកម្មជនប្រឆាំងរដ្ឋាភិបាលគ្រោងនឹងបន្តធ្វើបាតុកម្មទាមទារឱ្យលោក ប្រាយុទ្ធ ចុះចេញពីតំណែងផងដែរ។
 
ប្រេសិតពិសេសរបស់អាស៊ានសម្រាប់កិច្ចការមីយ៉ាន់ម៉ា អេរីវ៉ាន់ យូសូហ្វ បញ្ជាក់ថា លោកកំពុងជជែកជាមួយរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាពីលក្ខខណ្ឌនៃដំណើរទស្សនកិច្ចរបស់លោកទៅកាន់មីយ៉ាន់ម៉ា។ ការជួបលោកស្រី អ៊ុងសាន ស៊ូជី ក៏ជាសំណើរបស់លោក យូសូហ្វ ដែរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com