ជាតិ
ល្ម៉ើក្រហម ក៏មានទីផ្សារ និងមានតម្លៃថ្លៃ មិនចាញ់ល្ម៉ើលឿងឡើយ
06, Sep 2021 , 10:11 am        
រូបភាព
រូបភាពពីហ្វេសប៊ុកផេក ចំការល្ម៉ើដំដែក
រូបភាពពីហ្វេសប៊ុកផេក ចំការល្ម៉ើដំដែក
លោក យុត យ៉ាន់ ជាកសិករដាំល្ម៉ើក្រហមក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប។ ល្ម៉ើក្រហម របស់លោក យ៉ាន់ មានទីផ្សារល្អតម្លៃខ្ពស់សមរម្យ មិនចាញ់ល្ម៉ើពណ៌លឿងឡើយ។ ល្ម៉ើក្រហមនេះ លោក យ៉ាន់ លក់បានតម្លៃពី៤ម៉ឺនរៀលទៅ៥ម៉ឺនរៀល ក្នុងមួយគីឡូក្រាម។


លោក យុត យ៉ាន់ ជាកសិករក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប។ លោក បានសាកល្បងដាំល្ម៉ើពណ៌ក្រហម ជាង១ពាន់ដើម លើផ្ទៃដីជាង៥ហិកតា រយៈពេល៥ឆ្នាំហើយ។ ល្ម៉ើក្រហម របស់លោក យ៉ាន់ ទើបតែហុចផលបាន២ឆ្នាំប៉ុណ្ណោះ ដោយឆ្នាំទី១ ទទួលបានទិន្នផលប្រមាណ៦០គីឡូក្រាម ហើយឆ្នាំនេះ ទិន្នផលបានកើនឡើងច្រើន ជាង៣០០គីឡូក្រាម។ 
 
លោក យុត យ៉ាន់បានប្រាប់សារព័ត៌មានថ្មីៗ២៥ដូច្នេះថា ល្ម៉ើក្រហមឆ្នាំនេះ កើនឡើងខ្ពស់ហើយលក់បានតម្លៃថ្លៃ មិនចាញ់ល្ម៉ើពណ៌លឿងទេ។ កសិករវ័យ ៥០ឆ្នាំរូបនេះ ថាអាចលក់ល្ម៉ើបានក្នុងមួយគីឡូក្រាមតម្លៃចាប់ពី៤ម៉ឺនរៀលឡើងទៅ។ «ខ្ញុំលក់រាយមានតម្លៃពី៤៥០០០រៀលទៅ៥ម៉ឺនរៀលក្នុងមួយគីឡូក្រាម។ តែបើបោះដុំឱ្យម៉ូយតាមម៉ាត ផ្សារទំនើបនៅសៀមរាបតម្លៃ៤ម៉ឺនរៀលក្នុងមួយគីឡូក្រាម»។ លោក យុត យ៉ាន់ បញ្ជាក់ដូច្នេះ។
  

 រូបភាពពីហ្វេសប៊ុកផេក ចំការល្ម៉ើដំដែក

ដ្បិតល្ម៉ើមានតម្លៃថ្លៃមែន ប៉ុន្តែមានអតិថិជនគាំទ្រច្រើន ហើយការគាំទ្រនេះ បានផ្តល់ជាកម្លាំងចិត្តបន្ថែម ឱ្យកសិករក្នុងស្រុកសូទ្រនិគមរូបនេះ កាន់តែខិតខំថែទាំល្ម៉ើជាង១ពាន់ដើមរបស់ខ្លួន ឱ្យកើនទិន្នផលឡើងថែមទៀត ដើម្បីបំពេញតម្រូវការទីផ្សារ។
 
កសិករវ័យ៥០ឆ្នាំរូបនេះ មានបច្ចេកទេសដាំដុះល្ម៉ើក្រហម ពីក្រុមហ៊ុនឯកជន ដែលលក់ពូជដំណាំនេះ។ លោក យុត យ៉ាន់ ពន្យល់ថា ល្ម៉ើក្រហម ជាដំណាំដែលងាយស្រួលដាំដុះ ប៉ុន្តែពិបាកថែទាំ និងងាយងាប់ ខុសពីដំណាំដទៃ។ ប៉ុន្តែបើប្រៀបធៀបទៅនឹងដំណាំទុរេន លោកយ៉ាន់ថា វាងាយស្រួលជាង ដ្បិតប្រើរយៈលូតលាស់ប្រហាក់ប្រហែលគ្នា។
ក្រៅពីដាំល្ម៉ើក្រហម លោក យុត យ៉ាន់ ក៏ជាកសិករដាំស្វាយចន្ទី លើផ្ទៃដីជាង១០ហិកតាផងដែរ៕
 
 

Tag:
 ល្ម៉ើក្រហម
 សៀមរាប
 យុត យ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com